អង់គ្លេសរងនូវអំពើវាយប្រហារដោយកាំបិត​ទៀតហើយ ស្លាប់យ៉ាងតិច​៣នាក់

មនុស្សបីនាក់ត្រូវគេចាក់សម្លាប់នៅលើផ្លូវទៅកាន់សណ្ឋាគារមួយ នៅកណ្តាលទីក្រុង Glasgow ប្រទេសអង់គ្លេស ។ នេះបើតាមការផ្សាយរបស់ប្រភពប៊ីប៊ីស៊ី នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ កាលពីប៉ុន្មានថ្ងៃមុននេះ មានការវាយប្រហារភេរវកម្ម​ដោយប្រើកាំបិតចាក់ប្រហារផងដែរ នៅទីក្រុង Reading បណ្តាលឲ្យស្លាប់ និងរបួស​៦នាក់ ។

ប្រភពបានបន្តថា ជនសង្ស័យម្នាក់ដែលប្រដាប់ដោយកាំបិតចាក់ប្រហារនោះ ត្រូវសមត្ថកិច្ចព្រលះជីវិតចោលតែម្តង ។

ប៉ូលិសសហព័ន្ធស្កុតឡេនបានបញ្ជាក់ថា មន្រ្តីប៉ូលីសម្នាក់រងនូវមុខកាំបិត​របស់ជនវាយប្រហារផងដែរ ដែលស្ថិតនៅចំណុចខាងក្រៅសួនឧទ្យាន Park Inn បណ្តោយផ្លូវ George Street ។

សេចក្តីថ្លែងការណ៍របស់ប៉ូលីសស្កុតឡេនបានប្រកាសថា ស្ថានភាព ស្ថិតក្រោមការគ្រប់គ្រង ហើយវាមិនមានគ្រោះថ្នាក់ដល់សាធារណជនទូទៅនោះទេ ។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ស្កុតឡេន លោកស្រី Humza Yousaf បានថ្លែងលើបណ្តាញធ្វីតថា រដ្ឋាភិបាលមានក្តីរន្ធត់ណាស់ចំពោះហេតុការណ៍នេះ ។ រដ្ឋាភិបាលកំពុងពិនិត្យតាមដានសភាពការណ៍ឲ្យបានច្បាស់លាស់ មុនពេលធ្វើអត្ថាធិប្បាយ។

សាក្សី Craig Milroy ដែលបានឃើញហេតុការណ៍បាននិយាយថា គាត់បានឃើញមនុស្ស ៤ នាក់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកចេញទៅពីកន្លែងកើតហេតុ ។

គួរឲ្យដឹងថា មួយរយៈចុងក្រោយនេះ អង់គ្លេស​បានរងនូវការវាយប្រហារដោយកាំបិតសម្លាប់មនុស្ស និងរបួសបន្តបន្ទាប់ ។ ជាក់ស្តែងកាលពីថ្ងៃទី​២០ ខែមិថុនា ឆ្នាំ២០២០ ក៏មានអំពើវាយប្រហារដោយប្រើកាំបិត​នេះផងដែរ បណ្តាលឲ្យស្លាប់​៣នាក់ និងរបួស​៣នាក់ ស្ថិតនៅក្នុងសួនច្បារសាធារណៈ Forbury gardens ទីក្រុងReading ភាគខាងលិចក្បែរទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ប៉ូលិសអង់គ្លេសបាចាត់ទុកការវាយប្រហារគ្រានោះថាជា អំពើភេរវកម្ម ។

ចំពោះការចាក់ប្រហារ​ខាងលើនេះ ប៉ូលិសកំពុងស៊ើបអង្កេត មិនទាន់ចាត់ទុកថា ជាអំពើភេរវកម្មនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ថាច់​ យ៉ាត

 

Loading...