អង្ករ២០តោននិងថវិកា៤០លានរៀលអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍នេត សាវឿន អគ្គអគ្គស្នងការនគរបាលជាតិជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបលើការងារជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀង

ភ្នំពេញ៖ អង្ករ២០តោន និងថវិកា៤០លានរៀលដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបលើការងារជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ។ពិធីប្រគល់និងទទួលអំណោយទាំងនេះធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ។ការផ្តល់ជូនអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិគ្រាដែលគេមើលឃើញថាក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះសប្បុរសជនក៏ដូចជាក្រុមហ៊ុនមួយចំនួនបានផ្តល់ជំនឿទុកចិត្តក៏បានឧបត្ថម្ភអំណោយជាអង្ករនិងថវិកាមួយចំនួនធំរួចមកហើយជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីជាការឆ្លើយតបផងដែរក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។ក្នុងអំឡុងទឹកជំនន់ជន់លិចខ្លាំងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវគេមើលឃើញថាជាកម្លាំងស្នូលបានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងការចេញជួយសង្រ្គោះជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះដែលរងការជន់លិចដោយទឹកជំនន់មកទីទួលសុវត្ថិភាពជាលទ្ធផល គ្មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ស្លាប់ដោយទឹកជំនន់នោះឡើយ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិក៏បានលើកឡើងពាំនាំនូវប្រសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នូវការវាយតម្លៃខ្ពស់ដល់កម្លាំងនគរបាលរាជធានីភ្នំពេញនៅក្នុងអំឡុងពេលដែលប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ រងគ្រោះដោយទឹកជំនន់ទឹកភ្លៀងបានខិតខំប្រឹងប្រែងអស់លទ្ធភាពក្នុងចេញជួយសង្រ្គោះហើយនាំមកនូវការកោតសរសើរពីប្រជាពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំនិងក៏បានជម្រុញកម្លាំងនគរបាលរាជធានីភ្នំពេញបន្តជួយប្រជាពលរដ្ឋថែមទៀតក្រោយទឹកជំនន់បានស្រកអស់ដោយ ទៅជួយសម្អាតអនាម័យ ដើម្បីបង្ការជំងឺឆ្លង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានគាំទ្រនិងលើកទឹកចិត្តជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញឧបត្ថម្ភនូវអំណោយទាំងនេះជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឆ្លើយតបដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញដែលនៅតែបន្តជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀង។ខណៈដែលស្ថានភាពទឹកជំនន់មកដល់ពេលនេះបានធូរស្បើយខ្លះនោះហើយ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងនៅពេលទឹកស្រកទៅវិញអស់កម្លាំងនគរបាលរាជធានីភ្នំពេញនៅបន្តជួយសម្អាតអនាម័យ បរិស្ថាន តំបន់ដែលទឹកលិច ដើម្បីបង្ការជំងឺឆ្លង នៅពេលប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋានវិញ៕

 

 

Loading...