អង្ក​ការ​ការងារអន្តរជាតិ​ពេញចិត្ត​ចំពោះ​កំណែទម្រង់​ច្បាប់ការងារ​នៅ​កម្ពុជា​

ភ្នំពេញ៖ អង្ក​ការ​អន្តរជាតិ​ខាង​ការងារ (ILO) បង្ហាញ​ក្តី​សាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​គាំពារ​សង្គម ។ តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ក៏​បាន​សាទរ​ចំពោះ​ការរៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ក្នុង​គោលបំណង​រក្សា​ផលប្រយោជន៍​ជូន​កម្មករ​និយោជិត និង​និយោជក ។

​តំណាង​របស់​អង្ក​ការ​អន្តរជាតិ​ខាង​ការងារ (ILO) លោក Graeme Buckley បាន​សាទរ​ចំពោះ​វ​ឌ្ឍ​ភាព​កម្ពុជា ពិសេស​ការ​អនុត្ត​នូវ​ក្របខណ្ឌ​គាំពារ​សង្គម និង​ការរៀបចំ​ឲ្យមាន​វិសោ​ធន​កម្ម​ច្បាប់​ស្តីពី​ការងារ ក្នុង​គោលបំណង​រក្សា​ផលប្រយោជន៍​ជូន​កម្មករ​និយោជិត និង​និយោជក ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ ចុះ​ថ្ងៃ​ទី​៦ ខែកក្កដា ។

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ក្នុង​ថ្ងៃ​ដដែល នាយក​ការិយាល័យ​អង្គការ​អន្តរជាតិ​ការងារ (ILO)​រូបនេះ ក៏​បាន​សាទរ​ចំពោះ​កម្ពុជា ដែល​បាន​រៀបចំ​ឱ្យ​មាន​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដើម្បី​កែសម្រួល​បញ្ញត្តិ​មាត្រា​៨៩ ស្តីពី​ការទូទាត់​ប្រាក់​បំណាច់​បណ្តេញចេញ និង​មាត្រា​ពាក់ព័ន្ធ​ច្បាប់​ស្តីពី​ការងារ ។​

​លោក Graeme Buckley បញ្ជាក់ថា អង្គការ​ILO និង​បន្ត​ជួយ​ដល់​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ហើយ​ថែមទាំង​សហការ​ជាមួយ​ក្រសួង​ការងារ ដើម្បី​ធ្វើឲ្យ​សុខ​ដុមនីយកម្ម​ទំនាក់ទំន​ង​វិជ្ជាជីវៈ នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ទៀត ។​

គួរបញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១៩​ខាងមុខ ភាគី​ទាំងពីរ​បាន​ឯកភាព ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​កម្ពុជា សម្រាប់​ខួប​១០០​ឆ្នាំ​នៃ​ការបង្កើត​អង្គការ​អន្តរជាតិ​ខាង​ការងារ (១៩១៩-២០១៩) និង​ខួប​៥០​ឆ្នាំ នៃ​កម្ពុជា​ក្លាយ​ជា​សមាជិក​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ ( ១០៦៩-២០១៩) ។ ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ដើម្បី​បង្ហាញឲ្យឃើញ​ពី​សមិទ្ធ​ផល​នានា ការរីកចម្រើន​នៃ​សិទ្ធិ​ការងារ សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ សិទ្ធិសេរីភាព​ក្នុង​ការបង្កើត​សមាគម រួម​ទាំង​ការបង្ហាញ​ពី​ផល​លាភ ដែល​រួមចំណែក​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ​កម្ពុជា ៕

 

Loading...