អង្គកឋិនទានសាមគ្គី ដង្ហែចូលវត្តនៅតំបន់ដាច់ស្រយាលមួយ ប្រមូលបច្ច័យបានជិត ២០ម៉ឺនដុល្លារអាមេរិក ប្រគេនព្រះគ្រូចៅអធិការវត្ត សម្រាប់បន្តស្ថាបនាស្ពានថ្មមួយកន្លែង ដែលកំពុងដំណើរការសាងសង់ ក្នុងដែនដីរដ្ឋបាលខេត្តកំពង់ធំ !

ខេត្តកំពង់ធំ៖ អង្គកឋិនទានសាមគ្គីមួយ ដែលផ្តួចផ្តើមដោយ សមាជិកព្រឹទ្ធសភា លោកស្រី ឃួន ឃុនឌី , លោកឧកញ៉ា គុយ លាងគី ,អភិបាលខេត្តកំពង់ធំ លោក សុខ លូ និងភរិយា ប្រមូលបច្ច័យបានជិត ២០ម៉ឺនដុល្លារអាមេរិក ដង្ហែរចូលវត្ត«កំពង់ស្វាយ» ដើម្បីប្រគេនជូនព្រះគ្រូចៅអធិការវត្ត និងគណៈកម្មាការអាចារ្យវត្តនៅទីនោះ សម្រាប់យកទៅចំណាយលើការកសាងស្ពានថ្មមួយ ដែលកំពុងដំណើរការសាងសង់ឆ្លងកាត់ដងស្ទឹងសែន ស្ថិតនៅក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ កឋិនទានសាមគ្គីនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦តុលាឆ្នាំ២០២០។

ស្ពានថ្មមួយដែលកំពុងសាងសង់ឆ្លងកាត់ស្ទឹងសែននោះ ត្រូវគេដឹងថា គ្រោងនឹងត្រូវចំណាយថវិកាយ៉ាងហោចក៏ ៤០ម៉ឺនដុល្លារនោះដែរ ដោយស្ពានមួយនេះ មានប្រវែង១៥១,២ ម៉ែត្រ មានផ្ទៃទទឹង ៤,៥០ ម៉ែត្រ និងមានកម្ពស់ ៨ម៉ែត្រ បានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៨ នោះមក ហើយបច្ច័យដែលយកមកសាងសង់ស្ពាននេះ គឺបានមកពីកម្លាំងសទ្ធាជ្រះថ្លា ចូលរួមពីប្រជាពុទ្ធបរិស័ទ និងថ្នាក់ដឹកនាំខេត្តកំពង់ធំ សម្រាប់បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងមនុស្សជាតិទូទៅ ធ្វើដំណើរឆ្លងកាត់ បានងាយស្រួលនិងចំណាយពេលវេលាតិច ពិសេស លែងបារម្ភពេលធ្វើដំណើរតាមទូកពីត្រើយម្ខាង ទៅត្រើយទន្លេម្ខាងនោះទៀតហើយ។ ស្ពាននេះ គេគ្រោងនឹងបញ្ចប់លើការសាងសង់ នៅក្នុងចុងខែកុម្ភះឆ្នាំ២០២១ ខាងមុខនេះ។

សមាជិកព្រឹទ្ធសភា លោកស្រី ឃួន ឃុនឌី បានមានប្រសាសន៍ថា អង្គកឋិនទានសាមគ្គីនេះ ប្រមូលបច្ច័យបាន ១៨៧ពាន់ ៧៧១ដុល្លារអាមេរិក បច្ច័យនិងទេយ្យទាន ត្រូវបានវេរប្រគេនព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ និងគណៈកម្មាការអាចារ្យវត្ត «កំពង់ស្វាយ» សម្រាប់យកទៅចាត់ចែងកសាងសមិទ្ធផលនានាក្នុងវត្ត និងបន្តចំណាយលើការសាងសង់ស្ពានថ្មមួយ ដែលកំពុងសង់ឆ្លងកាត់ដងស្ទឹងសែន នៅមិនទាន់បានរួចរាល់ ដែលនឹងត្រូវបញ្ចប់លើការសាងសង់ ក្នុងពេលខាងមុខនេះ។ លោកស្រី ឃួន ឃុនឌី មានប្រសាសន៍ទៀតថា ឧិកាសធ្វើបុណ្យកឋិនទានសាមគ្គីនេះអាចប្រព្រឹត្តទៅបាន ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ សេដ្ឋកិច្ចជាតិមានការរីកចម្រើនលើគ្រប់វិស័យ បូលរួមទាំងវិស័យព្រះពុទ្ធសាសនាផង ធ្វើឱ្យប្រជាពលរដ្ឋមានឱកាស បានធ្វើបុណ្យទាន និងបុណ្យទាននេះ បានកើតចេញពីទឹកចិត្តជ្រះថ្លា របស់បងប្អូនប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងបងប្អូននៅតាមបណ្តាខេត្តផ្សេងៗទៀត ដើម្បីយកបច្ច័យមកកសាងសមិទ្ធផលវត្ត និងបន្តការសាងសង់ស្ពាន។

លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាជាតិ មានប្រសាសន៍ទៀតថា «យើងទាំងអស់គ្នាទទួលបានសេចក្តីសុខមកដល់ថ្ងៃនេះ ក៏ដោយសារតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា»។ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាព ដែលយើងរកបានមកដោយលំបាកនេះ ឲ្យបានគង់វង្សជារៀងរហូត។ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បន្តគោរពប្រតិបត្តិ ថែរក្សា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក ឲ្យស្ថិតនៅគង់វង្ស និងមានការវិវឌ្ឍន៍រីកចម្រើនជាងនេះថែមទៀត ៕

 

 

 

Loading...