អង្គការសហប្រជាជាតិ​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ទម្លាក់​ចោល​គម្រោង​បាញ់​សាកល្បង​មី​ស៊ី​ល​

a-man-watches-a-news

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​បាន​ គី​មូ​ន​ កាលពី​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ បាន​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ទម្លាក់​ចោល​គម្រោងការ​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ ដោយ​បញ្ជាក់​ថា​ គម្រោងការ​នោះ​វា​បាន​រំលោភ​ទៅ​លើ​ច្បាប់​ស្តី​អំពី​ការ​ហាមប្រាម​របស់​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​បច្ចេកវិទ្យា​អាវុធ​មី​ស៊ី​ល​ ។​

​លោក​ Farhan​ Haq​ អ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ថា​ លោក​បាន​ គី​មូ​ន​បាន​មាន​ជំនឿ​មុតមាំ​ថា​ វា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​កូរ៉េ​ខាងជើង​ឈប់​ប្រើប្រាស់​បច្ចេកវិទ្យា​មី​ស៊ី​ល​ ហើយ​ចូលរួម​អនុវត្ត​ការងារ​ដើម្បី​សន្តិភាព​ និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​នោះ​ ។​

​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​បាន​ជូនដំណឹង​ទៅ​កាន់​ទីភ្នាក់ងារ​៣​របស់​អង្គការសហប្រជាជាតិ​ថា​ ខ្លួន​បាន​និង​កំពុង​ត្រៀម​រៀបចំ​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ ។​ ការ​ជូនដំណឹង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ចន្ទ​ កន្លង​ទៅ​នេះ​ បន្ទាប់​ពី​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​៤​ ។​ ការ​ជូនដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អា​មេ​រិ​ក​ និង​ជប៉ុន​ ត្រៀមខ្លួន​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ឲ្យ​បាន​ឆាប់រហ័ស​ ប្រសិនបើ​មាន​ករណី​ផ្សេង​ណាមួយ​កើតឡើង​ផ្សេង​ក្រៅ​អំពី​នោះ​ ខណៈ​ដែល​ប្រទេស​ចិន​ ដែល​ជា​សម្ពន្ធមិត្ត​របស់​ទីក្រុង​ព្យុ​ង​យ៉ាងនោះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ពន់ពេក​កូវ​ចំពោះ​កូរ៉េ​ខាងជើង​ដែល​ត្រូវ​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ ហើយ​ដែល​រំលោភ​ទៅ​លើ​ច្បាប់​អង្គការសហប្រជាជាតិ​ ។​

​លោក​បាន​ គី​មូ​ន​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ជួប​ពិភាក្សា​ស្តី​អំពី​បញ្ហា​កូរ៉េ​ខាង​ដែល​គ្រោង​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ ប្រទេស​អង់គ្លេស​ ជាមួយ​អង្គការ​កងកម្លាំង​ទាហានជើងទឹក​អន្តរជាតិ​ ដែល​អង្គការ​នេះ​បាន​ទទួល​លិខិត​ជូនដំណឹង​ពី​កូរ៉េ​ខាងជើង​ ។​

​លោក​បាន​ គី​មូ​ន​ បាន​ថ្លែង​ថា​ វា​បាន​និង​កំពុង​អភិវឌ្ឍន៍​ឲ្យ​មាន​បញ្ហា​កាន់តែ​ជ្រៅ​ទ្វេ​ឡើង​ ។​ ការ​បាញ់​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ​នោះ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មានការ​ព្រួយបារម្ភ​ ក៏​ដូច​បង្ក​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​ជាង​មុន​ផង​ដែរ​ ។​ លោក​បាន​ គី​មូ​ន​ បាន​ខិតខំ​ស្វែងរក​ការ​សម្រុះសម្រួល​ឲ្យ​មាន​កិច្ច​ពិភាក្សា​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​ដើម្បី​កាត់​បន្ថយ​ស្ថានការណ៍​តានតឹង​ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​និង​កំពុង​សិក្សា​ទៅ​លើ​សេចក្តី​ព្រាង​ស្តី​អំពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​មួយ​ដើម្បី​ដាក់​ពិន័យ​ទៅ​លើ​កូរ៉េ​ខាងជើង​ដែល​បាន​បាញ់​សាកល្បង​អាវុធ​បរមាណូ​កាលពី​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៦​ ។​ ប៉ុន្តែ​សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​ ធ្វើ​ឡើង​ដោយ​អា​មេ​រិ​កបាន​រង​ការ​ជំទាស់​តវ៉ា​ខ្លាំងក្លា​ពី​សំណាក់​ទីក្រុង​ប៉េ​កាំ​ង​ ។​

​ប្រភព​ព័ត៌មាន​ពី​អ្នកការទូត​អង្គការសហប្រជាជាតិ​បាន​ពិ​ព័រ​ណ៌​នា​ថា​ សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​នោះ​មាន​លក្ខណៈ​ខ្លាំងក្លា​ ។​ ប៉ុន្តែ​ទោះ​យ៉ាងណា​ វា​មិន​ងាយ​ចេញ​រួច​នោះ​ឡើយ​ ប្រសិនបើ​គ្មាន​ការ​គាំទ្រ​ពី​ភាគី​ចិន​ទេ​នោះ​។​ វា​បាន​អូស​បន្លាយពេល​ច្រើន​ថ្ងៃ​មក​ហើយ​ ។​ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ថា​ ការ​ប្រកាស​ពី​គម្រោង​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​នៅ​ពេល​នេះ​ អាច​ញាំ​ង​ភាគី​ចិន​ឲ្យ​ទន់​ចិត្ត​គាំទ្រ​ការ​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាងជើង​ពី​អា​មេ​រិ​ក​ដែរ​ ឬ​យ៉ាងណា​នោះ​ទេ​ ។​

​ចាប់តាំងពី​ឆ្នាំ​២០០៦​រៀង​មក​ អង្គការសហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាងជើង​ ដោយសារ​តែ​ប្រទេស​នេះ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ។​ ក្រុមហ៊ុន​កូរ៉េ​ខាងជើង​ប្រមាណ​២០​ និង​មន្ត្រី​កូរ៉េ​ខាងជើង​១២​រូប​ផ្សេង​ទៀត​ ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​ នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ ។​ ការ​ដាក់​ទណ្ឌកម្ម​នោះ​មាន​ដូច​ជា​ការ​បង្កក​ទ្រព្យសម្បត្តិ​ និង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជុំវិញ​ពិភពលោក​ ៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *