អង្គការសុខភាពពិភពលោក​ កោតសរសើរដល់ការរីកចម្រើននៃវិស័យសុខាភិបាល​កម្ពុជា

ភ្នំពេញ៖ ឆ្លៀតឱកាសក្នុងកំឡុងពេលបំពេញទស្សនកិច្ចស្វែងយល់ពីប្រព័ន្ធសុខាភិបាលកម្ពុជា​របស់គណ:ប្រតិភូការិយាល័យកណ្តាល អង្គការសុខភាពពិភពលោក ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ​ ប្រទេសស្វីស​ ពីថ្ងៃទី២ដល់ទី៤​ ខែកុម្ភ:​ ឆ្នាំ២០១៨​ នៅប្រទេសក្រកម្ពុជា​ កាលពីថ្ងៃសៅរ៍​ ០៣រោច​ ខែមាឃ​ នព្វស័ក​ ព.ស.​២៥៦១​ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈប្រតិភូការិយាល័យកណ្តាលអង្គការសុខភាពពិភពលោក បានអញ្ជើញចុះទៅទស្សនកិច្ចនៅមន្ទីសុខាភិបាលខេត្តកំពង់ស្ពឺ ដោយទទួលបាននូវការស្វាគមន៌យ៉ាងកក់ក្តៅ និងរ៉ាក់ទាក់។

ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូអង្គការសុខភាពពិភពលោកនេះ ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត​ ណៅកូ​ យាម៉ាម៉ូតុ​(Dr. Naoko Yamamoto, Assistant Director General of The World Health Organisation based in Geneva) ជំនួយការអគ្គនាយកអង្គការ​សុខភាពពិភពលោកមកពីការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ​ ទទួល​បន្ទុក​ផ្នែកប្រព័ន្ធសុខាភិបាល​ និងសុខភាពសាកល​​ និងលោកវេជ្ជបណ្ឌិត​ លូ​ យុនហ្គ័រ​ (Dr. Lui Yunguo, WHO Representative in Cambodia) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។​ ដំណើរទស្សនកិច្ចនេះរួមដំណើរដោយ លោកស្រីវេជ្ជបណ្ឌិត​ ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល​, លោកវេជ្ជបណ្ឌិត​ អោ​ វណ្ណថេន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ​ និងសហការី-ការិនី​។

គណៈប្រតិភូបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាលនៅខេត្តកំពង់ស្ពឺ ដោយបានចុះពិនិត្យមើលសកម្មភាពការងារគ្រប់គ្រង និងផ្តល់សេវានៅមណ្ឌលសុខភាពតាឡាត់ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយបានស្វែងយល់អំពីការរីកចម្រើនទាំងឡាយ ព្រមទាំងចង់ដឹងអំពីតម្រូវការក្នុងវិស័យសុខាភិបាល ដែលអាចឲ្យអង្គការ​សុខភាពពិភពលោកសិក្សា និងពិចារណាបន្ថែមលើជំនួយបច្ចេកទេសរបស់ខ្លួន ។ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបសំណេះសំណាលសាកសួរលោកគ្រូ និងអ្នកគ្រូពេទ្យ ដែលកំពុងចុះឈ្មោះអ្នកជំងឺ ពិគ្រោះជំងឺក្រៅ ពិនិត្យនិងថែទាំផ្ទៃពោះមុន និងក្រោយសំរាល ការងារផ្តល់ថ្នាំបង្ការ​ បន្ទប់វះកាត់ និងប្រព័ន្ធទិន្នន័យ​ ព្រមទាំងបានជួបសំណេះសំណាលជាមួយស្រ្តី​ ដែលទើបសំរាលកូនរួច ដោយមានការថែទាំដិតដល់ពីគ្រូពេទ្យនៅទីនោះផងដែរ។

គួរបញ្ជាក់ថា បន្ទាប់មក​គណៈប្រតិភូ ក៏បានបន្តសិក្សាស្វែងយល់ ពីការរីកចម្រើននៃបច្ចេកវិទ្យាទំនើបនៅមន្ទីរពេទ្យកាល់ម៉ែត លើជំនាញឯកទេសមហារីក ការងារសង្រ្គោះបន្ទាន់ និងការផ្តល់ការព្យាបាលដល់ប្រជាជនក្រីក្រ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់​ ហើយមានភាពមមាញឹកសកម្មដោយមានជំងឺជាច្រើនកុះករផងដែរ។

លោកស្រីប្រធានគណ:ប្រតិភូអង្គការ​សុខ​ភាពពិភពលោក​ និងសហការីទាំងអស់​ បានកោតសរសើរមិនដាច់ពីមាត់ នៅគ្រប់ទីតាំង ដែលគណ:ប្រតិភូបានទៅដល់​ ដែលគ្រូពេទ្យបានផ្តល់សេវា២៤ម៉ោងលើ២៤​ ម៉ោង​ ៧ថ្ងៃក្នុងមួយសប្តាហ៌​ ដែលមាន​ ប្រជាពលរដ្ឋមកប្រើប្រាស់សេវា​យ៉ាងច្រើន​ ហើយមានអ្នកជំងឺនៅសំរាកព្យាបាលពេញហៀរហូរ នៅក្នុងមន្ទីរពេទ្យខេត្ត​ និងមន្ទីរពេទ្យកាលម៉ែត។

លោកសាស្រ្តាចារ្យ​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានជំរាបជូនគណៈប្រតិភូពេលចូលជួបសំដែងការគួរសម មុនពេលចុះពិនិត្យទៅខេត្តមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ​ថា ការកែលម្អគុណភាពសេវា​ មានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ពិសេសពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់តែម្តង លើសុខភាពប្រជាជន​ ដែលបង្ហាញច្បាស់ណាស់ថា​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចតេជោ​ ហ៊ុន​ សែន​ ជានាយករដ្ឋមន្ត្រី បានផ្តល់ការយកចិត្តទុកដាក់ លើការធ្វើឲ្យបានល្អប្រសើរឡើង នូវសុខភាពប្រជាជនទូទៅ​។

លោកបន្តថា ជាពិសេសគោលនយោបាយគាំពារសុខភាពសង្គម​ ដែលសម្តេចតេជោបានដាក់ចេញឲ្យអនុវត្ត​យ៉ាងសកម្មភាពយ៉ាងមមាញឹកនៅតាមមូលដ្ឋានសុខាភិបាលទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិនេះ​ បានធ្វើឲ្យគណ:ប្រតិភូអង្គការ​ សុខភាពពិភពលោក​ មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ​ដោយបានឃើញវឌ្ឍនភាពវិសេសវិសាលដ៏កម្រជួបប្រទះ​ និងភាពវៃឆ្លាតបុិនប្រសព្វ ក្នុងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា និងមានការត្រងត្រាប់អនុវត្តបានល្អប្រសើរដោយក្រសួងសុខាភិបាល​ និងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់​ ដែលជាផ្នែកដ៏សំខាន់នៃការចូលរួមអនុវត្តន៌ផែនការសុខភាពសាកល​ (Universal Health Coverage)​ និងពង្រឹងប្រព័ន្ធសុខាភិបាល។

លោកស្រីប្រធានគណប្រតិភូ​ បានលើកឡើងថា លោកស្រីនឹងលើកយកនូវចំណុចវឌ្ឍនភាពដ៏គួរឲ្យកោតសរសើរនេះ​ ធ្វើជាគំរូសំរាប់ប្រទេសសមាជិកអង្គការសុខភាពពិភពលោក​ ជាពិសេសបទពិសោធន៍​ ការលំបាក​ ការខិតខំនានា​ បែបបទ​ វិធីសាស្ត្រ​ និងភាពជាអ្នកដឹកនាំ ក្នុងការរៀបចំកសាងប្រព័ន្ធសុខាភិបាល ពីបាតដៃទទេររហូតដល់មានភាពរីកចម្រើនបច្ចុប្បន្ននេះ​ នៅក្នុងកិច្ចប្រជុំសភាអង្គការសុខភាពពិភពលោកនាខែឧសភា​ ឆ្នាំ២០១៨​ ខាងមុខនេះ៕

Loading...