អង្គការសុខភាពពិភពលោក (WHO) ប្រកាសឲ្យប្រើឧបករណ៍សំរាប់ធ្វើតេស្តរកមេរោគអេដស៍ (HIV) ដោយខ្លួនឯង

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ចេញនូវគោលការណ៍ថ្មីរបស់ខ្លួនស្តីអំពីការធ្វើតេស្តស្វែងរកមេរោគអេដស៍ដោយខ្លួនឯង សំដៅជំរុញការវិនិច្ឆ័យនៃជំងឺអេដស៍ ឲ្យកាន់តែងាយស្រួល។

របាយការណ៍របស់(WHO) បានឲ្យដឹងថាភាពខ្វះខាតក្នុងការវិនិច្ឆ័យរោគអេដស៍គឺជាឧបសក្គសំខាន់ក្នុងការអនុវត្តអនុសាសន៍របស់អង្គការនេះ ដែលថាជនទាំងឡាយណាដែលមានផ្ទុកមេរោគអេដស៍គួរត្រូវបានទទួលនូវសេវាព្យាបាលដោយថ្នាំពន្យាជិវិត។ របាយការណ៍ដដែលក៏បានបង្ហាញផងដែរថាមានអ្នកផ្ទុកមេរោគអេដស៍ច្រើនជាង១៨លាននាក់ កំពុងទទួលបានថ្នាំពន្យាជិវិត និងនៅមានអ្នកផ្ទុកមេរោគនេះចំនួនប្រហែលគ្នានេះដែរ មិនទាន់ទទួលបានសេវានេះនៅឡើយ ដែលភាគច្រើននៃអ្នកទាំងនោះគឺមិនដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍នោះទេ។ ពួកគេភាគច្រើនមានការលំបាកក្នុងការស្វែងរកសេវាដើម្បីធ្វើតេស្តស្វែងរកមេរោគអដេស៍។

ការធ្វើតេស្តស្វែករកមេរោគអេដស៍ដោយខ្លួនឯង មានន័យថាមនុស្សទូទៅអាចប្រើសាធាតុរាវនៅក្នុងមាត់ ឬ ឈាមដើម្បីស្វែងរកមេរោគអេដស៍តាមវិធីងាយៗ និងសំងាត់ ដោយខ្លួនឯងផ្ទាល់។ ការធ្វើតេស្តតាមឧបករណ៍ថ្មីនេះ អាចផ្តល់លទ្ធផលលឿន ប្រើពេលតិចជាង២០នាទី។

បច្ចុប្បន្ននេះមានប្រទេសចំនួន២៣ មានគោលនយោបាយជាតិគាំពារការធ្វើតេស្តស្វែងរកមេរោគអេដស៍ដោយខ្លួនឯង និងមានប្រទេសជាច្រើនទៀតក៏កំពុងរៀបចំគោលនយោបាយនេះផងដែរ ប៉ុន្តែការធ្វើតេស្តរោគមេរោគអេដស៍ដោយខ្លួនឯងនេះ នៅមានកំរិតនៅឡើយ។ អង្គការសុខភាពពិភពលោកគាំទ្រដល់ការចែកចែកឧបករណ៍ធ្វើតេស្តស្វែងរកមេរោគនេះដោយឥតគិតថ្លៃ និងប្រឹងប្រែងតាមមធ្យោបាយដ៏ទៃទៀតសំដៅធ្វើយ៉ាងណាឲ្យឧបករណ៍នេះមានតំលៃធូថ្លៃនៅលើទីផ្សារ៕

Loading...