អង្គការ Guinness World Record ប្រកាលទទួលស្គាល់ ក្រមាខ្មែរប្រវែង ១,១៤៩.៨ ម៉ែត្រ ក្នុងកំណតត្រារបស់ខ្លួន

ទីបំផុតក្រមាខ្មែរដ៏វែងអន្លាយផុតកន្ទុយភ្នែក បានបំបែកនូវឯតទគ្គកម្មក្រមា ដែលវែងជាងគេលើពិភពលោកដោយ អង្គការ Guinness World Record ក្នុងប្រវែង ១,១៤៩.៨ ម៉ែត្រ បន្ទាប់ពីយុទ្ធនា ដ៏សកម្មនៃចលនាGOGOCABODIA ដោយទទួលបានភ្ញៀវចំនួនសរុប ៣៣៨,០៥០នាក់ ដែលក្នុងនោះមានអ្នកចុះឈ្មោះរៀនត្បាញចំនួន២២,៣១៥នាក់ និងអ្នកចូលរួមត្បាញក្រមា ១០០០ម៉ែត្រ ចំនួន១៩,៧៧១។

លោក បណ្ឌិត សាន វឌ្ឍនា ប្រធានចលនាGOGOCABODIA បានបញ្ជាក់ថា យុទ្ធនានៃការបំបែកឯតទគ្គកម្មក្រមាដែលវែងជាងគេលើពិភពលោកនេះ បានចាប់ដំណើរអស់រយៈពេលជាង៥ពោលចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ប្រសិនបើយើងយកសរសៃរបំបោះនីមួយៗ នៃក្រមានេះមក តភ្ជាប់គ្នាជាសរសៃរតែមួយវាមានប្រវែងប្រមាណ ២,៩១២,៦២៥ម៉ែត្រ ។

លោកបន្ថែមថា អ្នកចុះឈ្មោះរៀនត្បាញទាំង ២២,៣១៥ រួមមាន ៖ ប្រុស ១៤,២៤០នាក់ និង ស្រី ៨,០៧៤នាក់ ។ ចំណែកភ្ញៀវជាតិបានអញ្ជើញមកទាំង២៥រាជធានី-ខេត្ត និងមានវត្តមានដ៏ឧត្តុង្គឧត្តម ពីអង្គព្រះមហាក្សត្រ, ព្រះវររាជ្យមាតាជាតិខ្មែរ, វត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, រដ្ឋមន្រ្តីនៃបណ្តាក្រសួង ស្ថាប័ននានា, មន្រ្តីរាជការ, ជនពិការ (ពិការដៃ ជើង និងភ្នេក), កុមារកំព្រា, ស្រ្តីមានផ្ទៃពោះ, ស្ថាប័នឯកជន, សិស្សនិស្សិត, សិល្បៈករ និងកីឡាករល្បីៗ និងសាធារណៈជនទូទៅ ។ ដោយភ្ញៀងអន្តរជាតិ សរុបប្រមាណ១,១៣១នាក់ បានអញ្ជើញមកពីប្រទេសចំនួន ៥៧ ជុំវិញពិភពលោក ដែលប្រទេសចូលរួមត្បាញបានច្រើនជាងគេគឺ សហរដ្ឋអាមេរិក បារាំង ចិន ថៃ និងជប៉ុន ។ អ្នកចូលរួមចុះឈ្មោះមានវ័យចាប់ពី ចន្លោះ៤ឆ្នាំ រហូតដល់ ៨៨ឆ្នាំ ។

សូមបញ្ជាក់សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈចលនា «GOGO Cambodia» ក្រោមប្រធានបទថា «ជឿថាខ្មែរធ្វើបាន» បានរៀបចំឲ្យមានការត្បាញក្រមាខ្មែរនៅវាលព្រះមេរុ ក្បែរព្រះបរមរាជវាំង តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨មកនោះហើយការត្បាញក្រមានេះ ត្រូវបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមត្បាញក្រមានេះផងដែរ ។ បន្ទាប់ពីត្បាញបានប្រវែងជាង ១០០០ម៉ែត្រតាមការគ្រោងទុកហើយនោះ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ ក្រមាខ្មែរដែលវែងជាងគេលើកលោក ត្រូវបានពន្លាតដោយមានការវាស់និងត្រួតពិនិត្យ ពីគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) និងបានប្រកាសជាផ្លូវការ ដោយតំណាងគណៈកម្មការនេះថា ក្រមាខ្មែរជាប់ឯតទគ្គកម្មពិភពលោកជាក្រមាវែងជាងគេលើពិភពលោក អមដោយស្នូរទះដៃនិងសម្រែកហ៊ោកញ្ជ្រៀវពីសំណាក់អ្នកចូលរួមរាប់ម៉ឺននាក់ បានបន្លឺឡើងយ៉ាងកងរំពង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ក្នុងន័យ អបអរសាទរចំពោះសមិទ្ធផលថ្មីមួយ ដែលពលរដ្ឋខ្មែររួមគ្នាសម្រេចបាននេះ គឺជាមោទនភាពជាតិ ជាកិត្តិយសជាតិថ្មីមួយទៀត ដែលពលរដ្ឋខ្មែរបានរួមគ្នាកសាងឡើងទុកជាកេរតំណែល សម្រាប់កូនចៅជំនាន់ក្រោយ ៕

Loading...