អង្គការ WHO ជំរុញប្រទេស​ទាំងឡាយ​រក្សាទុកបំពង់ខ្យល់អ៊ុកហ្សីហ្សែន ខណៈឆ្លង COVID-19ថ្មីនៅចិន ធ្លាក់ចុះ

នៅខេត្តហ៊ូប៊ី (Hubei) ភាគកណ្តាល​របស់ប្រទេសចិន ទីដែល​ឆ្លង​ជំងឺ COVID-19 ដ៏ខ្លាំងក្លានោះ នៅពេលនេះ ត្រូវគេកត់ត្រា​ថា បានធ្លាក់ចុះ​ចំនួន​ករណីថ្មីជាង​២០០ករណី គឺជាការធ្លាក់ចុះដំបូងបំផុត​ចាប់តាំង​ពីខែមករា រហូតមក ។ អង្គការសុខភាពពិភពលោក WHO បានជំរុញដល់ប្រទេសទាំងឡាយ​រក្សាទុកបំពង់ខ្យល់អ៊ុកហ្សីហ្សែន​ដើម្បីព្យាបាលអ្នកជំងឺ​ដែលធ្ងន់ធ្ងរនោះ ។

ក្នុងថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ គណៈកម្មការសុខាភិបាលជាតិ​របស់ចិន​បានបញ្ជាក់ថា ខេត្ត ហ៊ូប៉ី មានករណីឆ្លងជំងឺថ្មីតែ​១៩៦នាក់​ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ គឺធ្លាក់ចុះ​យ៉ាងខ្លាំង​បើប្រៀបធៀប​មួយថ្ងៃមុននេះ​មានរហូតដល់​៥៧០ករណី ។ នេះជាការធ្លាក់ចុះបំផុត​ចាប់តាំងពីថ្ងៃទី២៤ ខែមករា រហូតមកដល់ពេលបច្ចុប្បន្ន ។

រីឯ​នៅ​ទីក្រុង វូហាន ឯណោះវិញ ករណីឆ្លងថ្មី​បានធ្លាក់ចុះ​មកត្រឹម ១៩៣នាក់ គឺជាការធ្លាក់ចុះ​ជាងគេ​ចាប់តាំងពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។

ប្រភពបន្តថា នៅចិន​ដីគោកទាំងមូល​មានអ្នកឆ្លងថ្មីសរុប ២០២ករណី ធ្លាក់ចុះបំផុត​ចាប់តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ។

លើកលែង​តែ​នៅក្នុងខេត្ត Hubei នៅក្នុងប្រទេសចិន​ទាំងមូល​ មានតែ​៦ករណីប៉ុណ្ណោះ ដែលឆ្លងថ្មី ។ ទាបបំផុត​ចាប់តាំងពីខែកន្លងមក ។ ដូច្នេះ ប្រទេសចិន​មានអ្នកជំងឺសរុប​ទាំងអស់​ មានតែ ៨០ ០២៦ ករណី ។

អ្នកស្លាប់​នៅក្នុងប្រទេសចិន មានចំនួន ២ ៩១២នាក់ គិតមកត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ គឺកើនឡើងបន្ថែម​៤២នាក់​ពីមួយថ្ងៃមុននោះ ។

ខេត្ត ហ៊ូប៊ី មានអ្នកស្លាប់ថ្មី​៤២នាក់ ខណៈ៣២នាក់​ស្លាប់នៅទីក្រុង វូហាន ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានជំរុញ​ដល់ប្រទេសទាំងឡាយរក្សាទុកបំពង់ខ្យល់អ៊ុកហ្សីហ្សែន ដើម្បីប្រយុទ្ធប្រឆាំង​ជាមួយជាមួយអ្នកជំងឺ COVID-19 ដែលមានសភាពធ្ងន់ធ្ងរ ។

អង្គការ WHO បានបញ្ជាក់ថា ការព្យាបាលដោយ​អ៊ុកហ្សឺហ្សែន​ជាការព្យាបាល ជាការអន្តរាគមន៍ព្យាបាលដ៏សំខាន់បំផុត​សម្រាប់ទប់ទល់​ជាមួយជំងឺCOVID-19 ដែលមានសភាពធ្ងន់ធ្ងរ ៕

Loading...