អង្គការ WWF ចាត់ទុកការបាត់បង់កូន សត្វផ្សោត​ ដ៏សោកស្តាយនិងក្រៀម​ក្រំបំផុត

ភ្នំពេញ​ ៖​ អង្គការ WWF សម្តែងការ​សោក​ស្តាយយ៉ាងខ្លាំងបំផុត ចំពោះការ​បាត់បង់កូន​សត្វផ្សោតឈ្មោល​មួយក្បាល​ អាយុប្រ​មាណជា៧ថ្ងៃ​ប៉ុណ្ណោះ​​ ងាប់នៅក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ​ ស្របពេលដែលលទ្ធផលនៃការធ្វើជំរឿនចុង​ក្រោយបង្អស់បានបង្ហាញថា​ មានសត្វផ្សោតត្រឹមតែចំនួន៨៩​ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា​ ។

មន្ត្រីអង្គការ WWF លេីកឡេីងថា​ ការជាប់នឹងមងនេសាទ និងការនេសាទដោយប្រើឧបករណ៍ច្បាប់ហាមឃាត់សុទ្ធសឹងជាមូលហេតុចម្បងៗដែលបណ្តាលឲ្យសត្វផ្សោតពេញវ័យប្រឈមការស្លាប់​ ។ ប៉ុន្តែ​ដោយឡែក ចំពោះមូលហេតុនៃការស្លាប់របស់កូនសត្វផ្សោតខាងលេីនេះ​ នៅមិនទាន់ត្រូវបានអ្នកវិទ្យាសាស្ត្រអាចកំណត់ឲ្យបានច្បាស់លាស់នៅឡើយ​ ដែលជាកត្តាធ្វើឲ្យអ្នកវិទ្យាសាស្រ្តមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ការរស់រានរបស់សត្វផ្សោត​ប្រភេទដ៏សំខាន់ជាសកលមួយនេះទៅថ្ងៃអនាគត​ ។

មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងបុគ្គលិកអង្គការWWF ដែលចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសពឃេីញថា​ ផ្សោតនៅមានសភាពស្រស់​នៅឡើយ ដោយបានសន្មត់ថាសត្វផ្សោតមួយក្បាលនេះបានស្លាប់ប្រមាណជារយៈពេលពីរថ្ងៃហើយ។

លទ្ធផលនៃការវិភាគបឋម បានបង្ហាញថាសត្វផ្សោតដែលស្លាប់នេះជាកូនសត្វផ្សោតឈ្មោល ដែលមានអាយុ

ប្រមាណជា៧ ថ្ងៃប៉ុណ្ណោះ ហើយមានទម្ងន់ចំនួន ១២ គីឡូក្រាម និងមានប្រវែង ១០៣សង់ទីម៉ែត្រ។

ក្រមជំនាញបានផ្តល់ព័ត៌មានបឋមថា ការវិភាគមិនបានរកឃើញស្លាកស្នាមនៃការរងរបួសលើរាងកាយ ឬសញ្ញានៃការជាប់នឹងមងនេសាទទេ ហើយបានសន្មត់ជាបថមថាសត្វផ្សោតនេះបានស្លាប់ដោយមិនដឹងពីមូលហេតុពិតប្រាកដ។ក្រុមជំនាញបានផ្ទេរសាកសពសត្វផ្សោតទៅរក្សាទុកនៅទីតាំងមួយ​សមស្របសម្រាប់ធ្វើការប្រមូលសំណាកចាំបាច់ពីសាកសព ដើម្បីបន្តការអង្កេតវិភាគបន្ថែមទៀតក្នុង​គោលបំណងកំណត់ពីមូលហេតុនៃការស្លាប់​ ។

​ អង្គការ WWF កំណត់ថា​ ចាំបាច់ត្រូវអនុវត្តជាបន្ទាន់នូវវិធានការរួមគ្នាឲ្យខ្លាំងបន្ថែមទៀតដើម្បីការពារសត្វផ្សោតទន្លេមេគង្គឲ្យរួចផុតពីការបាត់បង់ ស្របពេលដែលលទ្ធផលនៃការធ្វើជំរឿនចុងក្រោយបង្អស់បានបង្ហាញថា

មានសត្វផ្សោតតែចំនួន ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គនៃកម្ពុជា​ ។

សូមបញ្ជាក់ថា​ ត្រីផ្សោតដ៏កម្រមួយនេះងាប់អណ្ដែតទឹកទន្លេ​ ស្ថិតក្នុង​ភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាល​ពី​វេលា​ម៉ោង០៦និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ៕​

 

 

Loading...