អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសប្រាសាទព្រះវិហារ បានចំណាយថវិកា១១លានរៀលសាងសង់ស្ពាន និងសមិទ្ធិផលជាច្រើនទៀត ជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលមួយជាប់ព្រំដែនថៃ 

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋច្រើនរយគ្រួសារ នៅភូមិចំនួនពីរ ក្នុងស្រុកដាច់ស្រយាលមួយជាប់ព្រំដែនថៃ ក្នុងខេត្តព្រះវិហារ ទទួលបានស្ពានឈើថ្មីមួយ ផ្លូវក្រាលគ្រួសក្រហម១ខ្សែ និងសមិទ្ធិផលនានាជាច្រើនទៀត បន្ទាប់ពីជំនន់ទឹកភ្លៀង កាលពីរដូវវស្សាបានវាយកាត់ផ្តាច់នោះមក និងខណៈនេះ អង្គភាពកងពលធំអន្តរាគមន៍លេខ៣ រួមជាមួយអាជ្ញាធរខេត្ត បានចំណាយថវិកា១១លានរៀល ដើម្បីជួយកសាងសមិទ្ធិផលទាំងនេះ ជូនប្រជាពលរដ្ឋប្រើប្រាស់ ដោះដូរទំនិញ រកចំណូលសេដ្ឋកិច្ចប្រចាំគ្រួសារ។

នៅរយះពេលពីរថ្ងៃមកនេះ គឺនៅថ្ងៃ២៩មករា និងថ្ងៃ៣០មករា២០១៨នេះ កម្លាំងដឹកជញ្ជូន របស់អង្គភាពកងពលធំ អន្តរាគមន៍លេខ៣ ប្រចាំទិសជួរមុខប្រាសាទព្រះវិហារ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋប្រចាំមូលដ្ឋាន ប្រមាណ៦៥នាក់ បាននិងកំពុងរួមគ្នាកសាងសមិទ្ធិផលនានា ជាប្រយោជន៍បំរើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅភូមិចំនួន២ គឺភូមិវាលពោធិ៍ និងភូមិពោធិ៍ធំ ស្ថិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី បានប្រាប់ឲ្យដឹងថា ស្ពានឈើ១ខ្សែដែលកំពុងកសាងនេះ មានប្រវែង១៥ម៉ែត្រ និងទទឹង៤ម៉ែត្រ ស្ពាននេះតចេញពីផ្លូវជាតិ លេខ២៦.២៦ ភ្ជាប់ចូលមកកាន់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ចូលទៅភូមិវាលពោធិ៍ និងភូមិពោធិ៍ធំ សំរាប់បំរើនូវសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រាយលនេះ ជាច្រើនរយគ្រួសារ។

លោកឧត្តមសេនីយ៍ ផុន សុម៉ាលី បានបន្តឲ្យដឹងទៀតថា ស្ពាន និងផ្លូវ១ខ្សែនេះ បានរងការខូចខាតយ៉ាងដំណំ ដោយសារជំនន់ទឹកភ្លៀង បានហូរច្រោះ និងវាយកាត់ផ្តាច់ កាលពីនៅក្នុងរដូវវស្សាកន្លងទៅនេះ។ ហើយនៅពេលនេះ អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដោយមានការគាំទ្រពីអាជ្ញាធរខេត្ត កងកម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋមូលដ្ឋានផងនោះ អង្គភាពប្រមូលបានថវិកាចំនួន១១លានរៀល សំរាប់យកមកជួយកសាងស្ពាន ផ្លូវ និងសមិទ្ធិផលនានាជាច្រើនទៀត ជូនប្រជាពលរដ្ឋប្រើប្រាស់ ដោះដូរទំនិញ និងរកចំណូលសេដ្ឋកិច្ច ធ្វើឲ្យគ្រួសារមានជីវភាពធូរធាទ្វេរឡើង។

លោកថា នៅក្រោយជំនន់ទឹកភ្លៀងបានកន្លងផុតទៅនេះ អង្គភាពកងពលធំលេខ៣ បានជួយកសាងស្ពានឈើ បាន៣កន្លែងមកហើយទាំងលើកនេះ និងផ្លូវក្រាលគ្រួសក្រហម១ខ្សែ ដោយចំណាយថវិកាអស់៥៧លាន ៤សែន ១ម៉ឺន៧ពាន់រៀល ក្នុងនោះអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានឧបត្ថម្ភ១៤លានរៀល ជួសជុលដំបូលអាគារ ស្នាក់ការគណបក្សឃុំ ចាក់ដីសាងសង់សាលាមត្តេយ្យសិក្សាសហគមន៍ភូមិវាលធំ ចាក់ដីលុបក្បាលស្ពាន និងសមិត្ធិផលនានាមួយចំនួនទៀត ក្រោមជំនួយឧបត្ថម្ភថវិកា ពីមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក និងសប្បុរសជននានាជាច្រើនទៀត និងថវិកាផ្ទាល់ខ្លួនរបស់ លោកឧត្តមសេនីយ៍ មេបញ្ជាការរងកងពលធំលេខ៣ ចំណាយអស់ជាសរុបចំនួន ១១លានរៀល។

មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី បានបញ្ជាក់ថា ស្ពានឈើទី៣ និងផ្លូវក្រាលគ្រួសក្រហម១ខ្សែនេះ នឹងត្រូវកសាងរួចរាល់ជាស្ថាពរជូនប្រជាពលរដ្ឋ នៅល្ងាចថ្ងៃ៣០មករានេះហើយ។

ប្រជាពលរដ្ឋច្រើនរយគ្រួសារ នៅតំបន់ដាច់ស្រយាលនេះ បានសម្តែងក្តីត្រេកអរចំ ពោះការខិតខំធ្វើអំពើល្អ របស់អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ក៏ដូចជាអាជ្ញាធរខេត្ត ក្រុង ស្រុកគ្រប់លំដាប់ថ្នាក់ ជួយដល់ពួកគាត់គ្រាកំពុងជួបការលំបាក គ្មានផ្លូវដើរ និងគ្មានស្ពានឆ្លងនាពេលកន្លងទៅ ពិសេស នៅក្រោយរដូវភ្លៀងធ្លាក់៕

Loading...