អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទទួលបានដីពីក្រុមហ៊ុនជប៉ុនជិត ២ម៉ឺនម៉ែត្រការ៉េ សម្រាប់សង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ ខ្វះដីគ្មានផ្ទះរស់នៅសមរម្យ

ខេត្តព្រះវិហារ៖ ផ្ទៃដីជិត ២ម៉ឺនម៉ែត្រការ៉េ ត្រូវបានក្រុមហ៊ុន « Y.N.S » ដែលជាក្រុមហ៊ុនមួយរបស់ជប៉ុន វិនិយោគលើផ្ទៃដីសម្បទានសេដ្ឋកិច្ចច្រើនពាន់ហិចតា ដាំដំណាំកសិឧស្សាហកម្ម និងដំណាំកសិកម្ម បានបរិច្ចាគផ្ទៃដីរបស់ក្រុមហ៊ុនជិត ២ហិចតា ផ្តល់ជូនអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ដែលកំពុងប្រឈមនឹងការខ្វះដី គ្មានផ្ទះ សម្រាប់រស់នៅសមរម្យ ស្មើមុខស្មើមាត់ ដូចគ្រួសារកងទ័ព និងប្រជាពលរដ្ឋឯទៀតៗនោះ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលមានការចូលរួមពី តំណាងក្រុមហ៊ុនជប៉ុន« Y.N.S » លោក សុន ផល្លី ចុះពិនិត្យទីតាំងផ្ទៃដីដែលក្រុមហ៊ុន បានធ្វើសម្បទានសម្រាប់សង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ៣០ឡូត៍ ដែលលាតសន្ធឹងលើផ្ទៃដី ប្រមាណ ១ម៉ឺន ៨ពាន់ម៉ែត្រការ៉េ ស្មើនឹងជិត ២ហិចតា កាលពីល្ងាចថ្ងៃទី ១៩ មករា ឆ្នាំ២០២១ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ថា ក្រុមហ៊ុន « Y.N.S » របស់ជប៉ុន បានផ្តល់ដីមកឲ្យអង្គភាពសឹករងខេត្ត ចំនួន ១ម៉ឺន ៨ពាន់ម៉ែត្រការ៉េ ស្មើនឹងជិត ២ហិចតា សម្រាប់សង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ៣០ឡូត៍ ស្មើនឹង ៣០គ្រួសារ ដោយក្នុងគ្រួសារនីមួយៗ ទទួលបានដីលើទំហំទទឹងក្បាល ១៥ម៉ែត្រ និងបណ្តោយប្រវែង ៤០ម៉ែត្រ ដើម្បីផ្តល់លទ្ធភាពជូន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ សង់ផ្ទះជូនសមាជិករបស់ខ្លួន ដែលកំពុងប្រឈមគ្មានដី គ្មានផ្ទះ និងមានជីវភាពលំបាកលំបិន បានរស់នៅសមរម្យស្មើមុខស្មើមាត់ ដូចកងទ័ព និងគ្រួសារកងទ័ព និងប្រជាពលរដ្ឋឯទៀតៗ ផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានសម្តែងការអរគុណ ចំពោះក្រុមហ៊ុនជប៉ុន « Y.N.S » ដែលជាក្រុមមួយ និងដំបូងគេបង្អស់ក្នុងខេត្ត បានបរិច្ចាគដីរបស់ក្រុមហ៊ុន មកឲ្យសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត សម្រាប់សង់ផ្ទះរស់នៅ ជូនដល់បងប្អូនអតីតយុទ្ធជន។ លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ដី ៣០ឡូត៍នេះ ថ្វីបើមិនទាន់គ្រប់គ្រាន់តាមតម្រូវការក៏មែនពិត ប៉ុន្តែ ក្រុមហ៊ុនបានចូលរួមចំណែក ក្នុងវិស័យមនុស្សធម៌ និងសង្គមធម៌មួយដ៏សំខាន់ ក្នុងស្មារតីចែករំលែក និងគាំទ្រមកដល់អតីយុទ្ធជនកម្ពុជា ដែលមានជីវភាពក្រីក្រ និងខ្វះខាត ដើម្បីពួកគាត់មានដី និងមានផ្ទះផ្ទាល់ខ្លួន សម្រាប់កសាងជីវភាពរស់នៅ បានសមរម្យដូចអ្នកឯកទៀត ផងដែរ។

តំណាងក្រុមហ៊ុនជប៉ុនY.N.S លោក សុន ផល្លី បានបញ្ជាក់ថា ដោយឃើញនូវគុណបំណាច់របស់ អតីតយុទ្ធជន ដែលបានចូលរួមក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ នាពេលកន្លងទៅ ក៏ដូចជាមើលឃើញ នូវការខិតខំប្រឹងប្រែងរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ក្នុងការកសាងផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ អស់ពីកម្លាំងកាយចិត្ត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់នោះ ទើបក្រុមហ៊ុនស្ម័គ្រចិត្តបរិច្ចាគដីមួយចំនួន ជូនដល់សមាគមខេត្ត ដែលជាការរួមចំណែក ដោយស្ម័គ្រចិត្ត ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងជាសមរភូមមិក្រោយ នៃការខិតខំប្រឹងប្រែងរបស់ សមាគមន៍អតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ៕

Loading...