អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បើកវគ្គបំប៉នធនធានចំណេះដឹងបន្ថែម ដល់នាយទាហាន និងពលទាហាន ដើម្បីពង្រឹងសមត្ថភាពទប់ទល់ និងការពារកងទ័ពបរទេសឈ្លានពានទឹកដី

ខេត្តស្ទឹងត្រែង៖ សិក្ខាកាមជាង៦០នាក់ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បើកវគ្គហ្វឹកហ្វឺន និងបំប៉នធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាពការពារសត្រូវឈ្លានពានទឹកដី ហើយវគ្គហ្វឹកហ្វឺនយោធានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១មិថុនាម្សិលមិញ នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ក្រោមវត្តមានមេបញ្ជាការរងយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន នោះផងដែរ។

វគ្គហ្វឹកហ្វឺនយោធា នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នឹងមានរយះពេល៤៥ថ្ងៃ ចាប់ពីថ្ងៃទី៦មិថុនា ដល់ថ្ងៃទី២០កក្កដា២០១៨ ដោយមានយោធិន៦៦នាក់ មកពីតាមបណ្តាអង្គភាពចំណុះ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នឹងទទួលបានការបណ្តុះបណ្តាលផងដែរ លើមុខជំនាញឯកទេសនានា មានជំនាញព្រំដែន អប់រំចិត្តសាស្ត្រ និងយោធារួម «ក្បួនយុទ្ធសាស្ត្រយោធា» ដែលទាក់ទងនឹងកិច្ចការពារអធិបតេយ្យភាពជាតិ ការការពាររាជរដ្ឋាភិបាល និងប្រឆាំងការឈ្លានពានកងទ័ពបរទេសផងនោះទៀត។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានថ្លែងថា វគ្គបំប៉នសមត្ថភាពនេះ បានធ្វើឡើងតាមផែនការ ស្តីពី ការងារហ្វឹកហ្វឺនវគ្គបំប៉នពង្រឹងរៀបរយ របស់តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងយោធភូមិភាគទី១ ប្រចាំឆ្នាំ២០១៨ ដោយអនុវត្តតាមផែនការ របស់គណៈកម្មាការបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងយោធពលខេមរៈភូមិន្ទ និងផែនការហ្វឹកហ្វឺនរបស់កងទ័ពជើងគោកឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ មេបញ្ជាការបានថ្លែងទៀតថា វគ្គបំប៉នសមត្ថភាពនេះ បានប្រព្រឹត្តទៅមានរយះពេល៤៥ថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី៦មិថុនា រហូតដល់ថ្ងៃទី២០កក្កដា២០១៨ ដោយមានសមាសភាពចូលរួមចំនួន៦៦នាក់ ក្នុងនោះគ្រូបង្គោល៦នាក់ និងសិក្ខាកាមចំនួន៦០នាក់។ លោកថា អង្គភាពបានបញ្ចូលវិធីសាស្ត្រហ្វឹកហ្វឺន ដោយចាត់តាំងថ្នាក់រៀនចំនួនមួយ រៀនទ្រឹស្តីនៅក្នុងថ្នាក់ ចែកជាក្រុមពិភាក្សា ផ្នែកអនុវត្តជាក់ស្តែងនៅទីលាន ដោយបែងចែករូបភាពជាបុគ្គល និងជាក្រុមហ្វឹកហាត់ ហើយនៅពេលបញ្ចប់វគ្គ ត្រូវធ្វើការត្រួតពិនិត្យទៅលើមេរៀនតាមមុខវិជ្ជា និងអនុវត្តយុទ្ធដំណើរទ័ពនោះផងដែរ។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានដាក់ចេញនូវវិធានការអនុវត្តន៍ ដល់ការិយាល័យពាក់ព័ន្ធទាំងអស់ ត្រូវចាត់តាំងបង្កើតគណៈកម្មាការ និងអនុគណៈកម្មាការគ្រប់គ្រងហ្វឹកហ្វឺន ត្រូវប្រមូលផ្តុំទ័ព ដើម្បីឲ្យដំណើរការហ្វឹកហ្វឺនបានល្អ បែងចែកក្រុមប្រចាំការ ប្រចាំបញ្ជារហូតដល់បញ្ចប់វគ្គ ត្រូវសហការប្រមូលផ្តុំសមាសភាព ពិសេស យកចិត្តទុកដាក់អំពីលក្ខណៈសម្បត្តិ កាយសម្បទា និងមុខសញ្ញាដែលត្រូវហ្វឹកហ្វឺន ត្រូវធ្វើការស្រាវជ្រាវរកឯកសារថ្មីៗ ពាក់ព័ន្ធជាមួយនឹងការអប់រំចិត្តសាស្ត្រ វិទ្យាសាស្ត្រសង្គម ថតរូបភាពជាឯកសារប្រវត្តិសាស្ត្រ សំរាប់តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានជម្រុញដល់យោធិនក្នុងអង្គភាពចំណុះទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែម និងត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើយុទ្ធសាស្ត្រ និងយុទ្ធវិធីថ្មីៗ ដើម្បីឲ្យស្របទៅតាមយុគ្គសម័យ នៃការដឹកនាំរបស់សម្តេចតេជោ សែន ព្រោះយោធិនទាំងអស់ត្រូវតែមានសមត្ថភាព ទឹកចិត្តក្នុងការដឹកនាំបញ្ជា និងត្រៀមខ្លួនបំពេញភារកិច្ច ការ ពារព្រំដែនប្រទេសរបស់យើង ជាពិសេសការពារឲ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់។

មេបញ្ជាការរងយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានមានប្រសាសន៍ កោតសរសើរចំពោះប្រធានអង្គភាព តំបន់ប្រតិបត្តិការសឹកស្ទឹងត្រែង ក៏ដូចជាគណៈកម្មាការគ្រប់គ្រងវគ្គ ដែលអនុវត្តបានល្អ និងសំរេចបានតាមផែនការហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពដល់យោធិន ទាំងពេលកន្លងទៅ និងនៅគ្រាបច្ចុប្បន្ននេះ។ លោកមេបញ្ជាការរងយោធភូមិភាគទី១ បានជម្រុញបន្ថែម ដល់មេបញ្ជាការគ្រប់ថ្នាក់បណ្តាអង្គភាពចំណុះ ត្រូវបន្តយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន ដោយចាត់ទុកការងារហ្វឹកហ្វឺនជាអាទិភាព បន្ទាប់ពីការងារប្រយុទ្ធ ដោយចូលរួមយ៉ាងសកម្មក្នុងការងារហ្វឹកហ្វឺន ឲ្យទទួលបានលទ្ធផលល្អ និងធានាគុណភាពខ្ពស់ ត្រូវរក្សាគ្រប់គ្រងកម្លាំង នៅក្នុងអង្គភាពឲ្យបានជាប់ជាប្រចាំ ត្រូវចេះគ្រប់គ្រង ប្រើបា្រស់ និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ត្រៀមខ្លួនជានិច្ចរង់ចាំទទួលបទបញ្ជាពីថ្នាក់លើ ដើម្បីធ្វើសកម្មភាពទាន់ពេលវេលា។ លោកឧត្តមសេនីយ៍ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបញ្ចប់វគ្គនេះទៅ យោធិនគ្រប់រូប នឹងយកចំណេះដឹងដែលទទួលបាននេះ ទៅបំរើឲ្យឆន្ទះការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើង។

តំណាងសិក្ខាកាមទាំង៦០នាក់ក្នុងវគ្គនេះ លោកវរៈសេនីយ៍ត្រី ឡុង ពិជ័យ បានឡើងប្តេជ្ញាចិត្តថា នឹងស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ក្នុងបុព្វហេតុការពារឯករាជ្យ អធិបតេយ្យបូរណៈភាពដែនកម្ពុជា ធ្វើពលីកម្មជំនះពុះពាររាល់ឧបសគ្គការលំបាកគ្រប់បែបយ៉ាង ក្នុងការបំពេញសកម្មភាព ដើម្បីរួមចំណែក កសាងជាតិ មាតុភូមិ និងដើម្បីផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាពលរដ្ឋ រក្សាសាមគ្គីភាពផ្ទៃក្នុងកងយោធពលខេមរភូមិន្ទឲ្យបានរឹងមាំ ស្មោះត្រង់ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ទោះក្នុងស្ថានភាពបែបណាក៏ដោយ គោរពបទបញ្ជាថ្នាក់លើ និងច្បាប់លក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទ និងធ្វើពលីកម្មការពារ រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត តាមសិទ្ធិប្រជាធិបតេយ្យ។

កម្ពុជាក្រោយសង្គ្រាមស៊ីវិលបានបញ្ចប់ នៅចុងឆ្នាំ១៩៩៨ បានជម្រុញការហ្វឹកហាត់បំប៉នសមត្ថភាពយោធា ទាំងសមត្ថភាពប្រយុទ្ធ និងការអប់រំចិត្តសាស្ត្រ ប្រឆាំងនឹងការញុះញង់ពង្វក់របស់សត្រូវ។ ហើយកម្ពុជាទើបតែមានសន្តិភាពពេញលេញពិតប្រាកដ នៅក្នុងរយះពេលជិត២០ឆ្នាំមកនេះប៉ុណ្ណោះ ៕

Loading...