អង្គភាពទ័ពមួកខៀវ រៀបចំបន្ទប់ចត្តាឡីស័ក ដើម្បីទទួលកម្លាំងមួកខៀវកម្ពុជាមកពីម៉ាលី

ភ្នំពេញ៖ ប្រមុខទ័ពមួកខៀវកម្ពុជា បានអោយដឹងថា មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានរៀបចំបន្ទប់ចត្តាឡីស័ក និងក្រុមគ្រូពេទ្យរួចជាស្រេច សម្រាប់មើលថែដល់កងកម្លាំងមួកខៀវកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់បេសកកម្មអង្គការសហប្រជាចាតិ ពីសាធារណៈរដ្ឋម៉ាលី ក្នុងសប្តាហ៍នេះ។

ក្នុងដំណើរចុះពិនិត្យបន្ទប់ចត្តាឡីស័ក និងពិធីជូនដំណើរកម្លាំងមួកខៀវនាំមុខ៨០នាក់ ដើម្បីប្តូរវេនកម្លាំងចាស់ នៅថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២០ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅខេត្តកំពង់ស្ពឺ លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យដឹងថា “ក្នុងប្រវត្តិសាស្ត្រកូវិដ១៩ កងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ ត្រូវធ្វើការប្តូរវេន ជាដំណាក់កាល ដោយទាមទាធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មុនឡើងយន្តហោះ ពិសេសត្រូវមានលិខិតបញ្ជាក់ថា បុគ្គលនីមួយៗ មិនមានផ្ទុកមេរោគកូវីដ១៩ ព្រមទាំងតម្រូវអោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេលទៅដល់តំបន់បេសកកម្ម ទើបអនុញ្ញាតអោយធ្វើការចល័តទៅកាន់ទីតាំងឈរជើង ។

លោក សែម សុវណ្ណនី បញ្ជាក់ថា ចំពោះកម្លាំងដែលត្រូវធ្វើមាតុភូមិនិវត្តន៍មកនៅដល់នៅថ្ងៃទី១០ ខែកក្តដា ខាងមុខនេះ នឹងធ្វើការពិនិត្យរួចយកទៅកាន់បន្ទប់ចត្តាឡីស័ក១៤ថ្ងៃនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នៅស្រុកភ្នំស្រួច និងស្រុកឧដុង្គខេត្តកំពង់ស្ពឺ មុនអនុញ្ញាតអោយជួបក្រុមគ្រួសារ ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិរក្សាសន្តិភាព ថ្លែងថា កម្លាំងដែលត្រូវទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណៈរដ្ឋម៉ាលី គឺមាន២កង គឺកងវិស្វកម្មព្រលានយន្តហោះ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ។ ការយឺតយ៉ាវ នៃការបញ្ជូនកងទ័ពទៅប្តូរវេននេះ ដោយសារមានការផ្ទុះឡើង នៅជំងឺកូវិដ១៩ ទូទាំងពិភពលោក តាមពិតទៅត្រូវបញ្ជូនចេញ តាំងពីខែមេសា ឆ្នាំ២០២០មកម្លេះ តែយើងទើបនឹងបញ្ជូនពួកគេទៅ នៅថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២០នេះ គឺកម្លាំងនាំមុខ៨០នាក់ ។

លោក ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលមេរោគកូវិដ១៩ ដោយមជ្ឈមណ្ឌលជាតិ បានបញ្ជូនថ្នាំពេទ្យ និងសម្ភារៈការពារមេរោគនេះ ទៅដល់មុនអស់ហើយ។នេះជាកងទី៧ ហើយ ដើម្បីធ្វើការប្តូរវេនកងចាស់ ដែលមានចំនួនសរុប២៩៨នាក់ ក្នុងនោះមានពីរកង គឺកងវិស្វកម្ម និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ ៕

Loading...