អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់មានចំណាត់ការនៅឡើយទេ ទាក់ទងចៅសង្កាត់ច្បារអំពៅទី២ និងអាជ្ញាធរខណ្ឌលក់ដីរដ្ឋ

 

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់មានចំណាត់ការនៅឡើយទេ ទាក់ទងចៅសង្កាត់ច្បារអំពៅទី២ និងអាជ្ញាធរខណ្ឌលក់ដីរដ្ឋនោះ ។

អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦បានចេញមកច្រានចោល ការចោទប្រកាន់ទាំងឡាយថា អាជ្ញាធរសង្កាត់ និងខណ្ឌ បានលក់ដីនៅជួរមាត់ទន្លេ។

លោកថា «វាជារឿងមិនពិតទេ ពុំបានលក់ដីនោះទេ ពោលទីតាំងនោះ គឺទុកសម្រាប់ធ្វើអាគាររបស់រដ្ឋ ឬទុកសម្រាប់ឲ្យប្រជាជនធ្វើបុណ្យទានផ្សេងៗ»។ ដោយឡែក ចំពោះសមាគមចិនវិញ គឺមានសុំធ្វើរោងបណ្តោះអាសន្នគ្រាន់សម្រាប់ថ្វាយបង្គុំតែប៉ុណ្ណោះ។

ការបញ្ចេញប្រតិកម្មរបស់អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៌មានចោទប្រកាន់ថា លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ និងអាជ្ញាធរខណ្ឌ ជាប់ពាក់ព័ន្ធការលក់ដីរដ្ឋទៅឲ្យសមាគមចិន ដែលជាអតីតដីរបស់ប្រជាពលរដ្ឋនៅជួរមាត់ទន្លេ បន្ទាប់ពីត្រូវភ្លើងឆេះ ហើយដីនេះមានទំហំកន្លះហិកតា រហូតមានការកោះហៅលោកចៅសង្កាត់ទៅសួរនាំពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយទៀតផង។

លោក អ៊ាង ស៊ីផាន បានបញ្ជាក់ជុំវិញ និងការចោទប្រកាន់នេះថា លោកចៅសង្កាត់ច្បារអំពៅ២ ពុំបានលក់ដីនៅម្តុំជួរមាត់ទន្លេនោះទេ ពោលដីនៅម្តុំនៅ គឺត្រូវបានទទួលការអនុញ្ញាតពីខាងសាលារាជធានីភ្នំពេញ ដើម្បីសាងសង់អាគារ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌច្បារអំពៅ។ ដោយឡែក ដីព្រះវិហារចិន នោះក៏មិនមែនជាការលក់ដូរអ្វីនោះដែរ គឺដីទីតាំងនោះត្រូវបានសុំធ្វើបណ្តោះអាសន្ន។

ការលើកឡើងរបស់អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន នៅពេលនេះ គឺដើម្បីបញ្ចប់ចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ឆ្លើយតបទៅនឹងការចោទប្រកាន់ដែលខុសពីការពិត ដែលនេះជាសារបង្ហាញសាធារណជនថា អាជ្ញាធរខណ្ឌច្បារអំពៅ ពុំបានលក់ដីរបស់រដ្ឋ នៅម្តុំជួរមាត់ទន្លេណាមួយនោះទេ។

សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃនេះ មានព័ត៌មានផ្សាយថា លោកចៅសង្កាត់ច្បារអំពៅទី២ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កោះហៅយកទៅសួរនាំ ពាក់ព័ន្ធរឿងលក់ដីរដ្ឋនៅជួរមាត់ទន្លេនេះ។ តែរហូតមកដល់រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គេមិនទាន់ដឹងថា តើលោកចៅសង្កាត់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយសួរនាំ និងមានចំណាត់ការបែបណានៅឡើយទេ៕

fb_img_1479730869501

fb_img_1479730867023

 

Loading...