អង្គភាពប្រឆាំងអំពើពុករលួយប្រកាសថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានអ្នកសង្កេតការណ៍ជាង៥០០០នាក់

ភ្នំពេញ ៖ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៥នេះ រដ្ឋត្រូវចំណាយថវិកាចំនួន១៥ម៉ឺនដុល្លារ សម្រាប់អ្នកស្ម័គ្រចិត្តសង្កេតការណ៍ ដែលមានចំនួនជាង៥០០០នាក់។

ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងទូទាំងប្រទេស កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា អ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងក្នុង ឆ្នាំនេះមានចំនួន៥៦២៥នាក់ ដែលចំនួននេះមានការកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ក្នុងនោះមានយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន១១១៧នាក់ និងព្រះសង្ឃ១២៧អង្គ។

ឯកឧត្តមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយនឹងផ្ដល់ថវិកាដល់អ្នកស្ម័គ្រចិត្តសង្កេតការណ៍ទាំងនោះ ក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀល សម្រាប់រយៈពេល២ថ្ងៃ ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០១៥ខាងមុខនេះ។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអបរំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងនឹងបន្តអនុវត្តកំណែទម្រង់ប្រឡងដោយដាក់បទបញ្ញត្តិ និងកម្រិតពិន័យច្បាស់លាស់ សម្រាប់បេក្ខជន ក៏ដូច ជាបុគ្គលិកអប់រំដើម្បីរិតបន្តឹងគុណភាពអប់រំ ឱ្យបានកាន់តែល្អបន្ថែមទៀត។

ឯកឧត្ដមជឿជាក់ថា ការប្រឡងក្នុងឆ្នាំនេះ ក្រសួងនៅតែបន្តឈរលើគោលការណ៍សំខាន់ៗចំនួន៤ គឺគោលការណ៍ច្បាប់ តម្លាភាព យុត្តិធម៌ និងលទ្ធផលដែលអាចទទួលយកបាន។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បានបើកឱ្យមានអ្នកសង្កេតការណ៍ ជាសង្គមស៊ីវិលលើកទី១ នៅសម័យប្រឡងបាក់ឌុបឆ្នាំ២០១៤ មានរហូតជាង ៣ពាន់នាក់ ដើម្បីធានាតម្លាភាពពេលប្រឡងបាក់ឌុប។

សូមបញ្ជាក់ថា ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ៨៨,៤៨៨នាក់ គិតទាំងបេក្ខជនប្រឡងធ្លាក់ឆ្នាំមុន។ ក្នុងនោះមានមណ្ឌលប្រឡងសរុបចំនួន ១៤៩ ចែកជា ៣,៥៧៦បន្ទប់ នៅទូទាំង ២៥រាជធានីខេត្ត។ ចំពោះការប្រឡងលើកទី២ ក្រសួងអប់រំ ពុំមានគោលការណ៍រៀបចំការប្រឡងដូចឆ្នាំមុនឡើយ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *