អង្គុយហូបបាយត្រូវខ្មាន់កាំភ្លើង២នាក់ជិះម៉ូតូមកបាញ់ប្រហារ៣គ្រាប់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ត្រូវសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ បន្ទាប់ពីត្រូវរងគ្រោះដោយគ្រាប់កាំភ្លើង៣គ្រាប់ ដែលក្រុមជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមកបាញ់ប្រហារ៣គ្រាប់ ខណៈកំពុងអង្គុយហូបបាយជាមួយក្រុមគ្រួសារ ដោយមិនដឹងមូលហេតុ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២០ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាច់ញាតិជនរងគ្រោះបានប្រាប់ប្រភពព័ត៌មានថា នៅអំឡុងពេលខាងលើ ឈ្មោះសុខ ចិន អាយុ៣៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិ សង្កាត់កើតហេតុខាងលើ អង្គុយហូបបាយ ជុំគ្នាជាមួយបងប្អូន៣ទៅ៤នាក់នៅមុខផ្ទះ ហើយខណៈនោះ ក៏មិនដឹងជាមានរឿងអីកើតឡើង ទេ ស្រាប់តែឃើញជនសង្ស័យប្រដាប់ដោយកាំភ្លើង២នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូ Scoopi មួយគ្រឿងមកឈប់នៅលើផ្លូវរថភ្លើង ត្រង់មុខផ្ទះជនរងគ្រោះ ហើយស្រែកឡូឡា និងជេរគេ ជេរឯង មិនដឹងមូលហេតុ ។

ប្រភពបន្តថា បន្ទាប់ពីជេរគេ ជេរឯងរួចហើយ ខ្មាន់កាំភ្លើងទាំង២នាក់ ក៏បានដកកាំភ្លើងខ្លីចេញពីចង្កេះហើយបាញ់សំដៅមករកជនរងគ្រោះចំនួន៣គ្រាប់ តែត្រូវ ១គ្រាប់ ធ្លាយភ្លៅខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រុមខ្មាន់កាំភ្លើងក៏នាំគ្នាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។

ជនរងគ្រោះដែលរងរបួសធ្ងន់ត្រូវសាច់ញាតិដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ លោកសង្ឃ។

សមត្ថកិច្ចមូលដ្ឋានបានដាក់ការសង្ស័យថា ករណីផ្ទុះអាវុធខាងលើនេះ សង្ស័យជារឿងគំនុំ ។ ប៉ុន្តែទោះយ៉ាងណា សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខខ្មាន់កាំភ្លើងមកផ្ទន្ទាទោសតាមច្បាប់ ៕

1

4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *