អតីតមន្រី្តកំពូលបក្សកុម្មុយនីសចិនម្នាក់ត្រូវជាប់គុកអស់មួយជីវិតពីបទទទួលសំណូកសូកប៉ាន់

អតីតមន្ត្រីគណបក្សកុម្មុយនីសចិនម្នាក់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកអស់មួយជីវិតកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ដែលជាមន្ត្រីជាន់ខ្ពស់ចុងក្រោយបង្អស់ត្រូវជាប់គុក ដោយសារយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ប្រធានាធិបតីស៊ី ជីនពីង ។

តុលាការជាន់ខ្ពស់ទីមួយនៃទីក្រុង Tianjin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា លោក Sun Zhengcai អតីតសមាជិកការិយាល័យនយោបាយ និងជាប្រធានគណបក្សនៃទីក្រុង Chongqing ភាគនិរតីត្រូវបានរកឃើញថា មានទោសពីបទទទួលសំណូកជាង 170 លានយ័ន (26,7 លានដុល្លារ) ។

លោកSun Zhengcai មានអាយុ 54 ឆ្នាំ ធ្លាប់ត្រូវបានកាន់តួនាទីសមាជិកអចិន្ត្រៃយ៍ ដែលមានសមាជិកទាំងអស់តែប្រាំពីរនាក់ប៉ុណ្ណោះរបស់ការិយាល័យនយោបាយកំពូលគ្រប់គ្រងប្រទេសចិន ហើយដែលស្ថិតក្រោមការដឹកនាំលោកស៊ី ជីងពីង ។

ក្នុងឋានៈជាសមាជិកការិយាល័យនយោបាយវ័យក្មេងបំផុតលោក Sun Zhengcai ត្រូវបានគេមើលឃើញថា ជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់លោក ស៊ី ជីនពីង ផងដែរ ។

តុលាការបាននិយាយថា ចុងចោទរូបនេះ ត្រូវបានគេផ្តល់ឱ្យនូវការកាត់ទោស “ស្រាល” ដោយយោងទៅតាមឆន្ទៈរបស់ចុងចោទ នៅក្នុងការសហការជាមួយក្រុមការងារស៊ើបអង្កេត។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ក្រៅពីការជាប់ពន្ធនាគារ ទ្រព្យសម្បត្តិរបស់លោក Sun Zhengcai ក៏ត្រូវបានរឹបអូសរួចហើយផងដែរ ។

យោងតាមសេចក្តីថ្លែងរបស់តុលាការកាលពីពេលមុនបានឱ្យដឹងថា លោក Sun Zhengcai ត្រូវបានគេចោទប្រកាន់ពីបទទាញយកអត្ថប្រយោជន៍ពីតួនាទីរបស់គាត់ និងការទទួលយកប្រាក់ខុសច្បាប់។

លោកSun Zhengcai និងសហការីរបស់គាត់ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក ក្នុងការរកជំនួយចំពោះអង្គការ និងបុគ្គលដែលមិនបានបញ្ជាក់ឈ្មោះ និងកិច្ចសន្យាវិស្វកម្មប្រតិបត្តិការអាជីវកម្ម និងបញ្ហាផ្សេងទៀត ។

សេចក្តីថ្លែងការណ៍បាននិយាយថា សកម្មភាពរបស់គាត់បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំណើរការការងារធម្មតារបស់អង្គការជាតិ និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គលិកជាតិ ។

គាត់បានសារភាពកំហុសចំពោះការចោទប្រកាន់ក្នុងអំឡុងពេលមួយ នៃការជំនុំជម្រះក្តី នៅក្នុងខែមេសា។

លោក Sun គឺជាសមាជិកដំបូងគេនៃការិយាល័យនយោបាយ 25 នាក់ដែលត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត ចាប់តាំងពីលោក Bo Xilai អតីតមេដឹកនាំម្នាក់ទៀតរបស់ Chongqing ដែលត្រូវបានគេដាក់គុកអស់មួយជីវិតនៅក្នុងឆ្នាំ 2013 ។

លោកស៊ី ជីនពីង បានធ្វើជាអធិបតីក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយ ដែលមានប្រជាប្រិយភាពចាប់តាំងពីការឡើងកាន់អំណាចក្នុងឆ្នាំ 2012 ដែលបានដាក់ទណ្ឌកម្មលើមន្រ្តីជាងមួយលាននាក់ ប៉ុន្តែអ្នករិះគន់បានប្រៀបធៀបសកម្មភាពនេះទៅនឹងការបោសសម្អាតគូប្រឆាំងនយោបាយ ៕

Loading...