អតីតយុទ្ធជនខេត្តព្រះវិហារត្រូវបានរំលឹកពីគុណតម្លៃនៅក្នុងការតស៊ូការពារទឹកដី និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅបានសុខសាន្ត រហូតមកដល់សព្វថ្ងៃនេះ

(ខេត្តព្រះវិហារ)៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ថា អតីតយុទ្ធជនខេត្ត កម្ពុជាព្រះវិហារ ត្រូវបានរំលឹកពីគុណតម្លៃនៅក្នុងការតស៊ូការពារទឹកដី និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅបានសុខសាន្ត រហូតមកដល់សព្វថ្ងៃនេះ នៅក្នុងសម័យតស៊ូការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ។ ការថ្លែងលើកឡើងបែបនេះ បានធ្វើឡើង នាឱកាស លោកដឹកនាំក្រុមការងារចុះសាងសង់ផ្ទះ ០១ខ្នងដើម្បីប្រគល់ជូន លោក ហ៊ឹម ឈឿន អាយុ៦៥ឆ្នាំ ជានិវត្តជន និងជាអតីតយុទ្ធជនរស់នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បាន ពាំនាំការផ្តាំផ្ញើ ការនឹករលឹកពីថ្នាក់ដឹកនាំនៃសមាគមគ្រប់លំដាប់ថ្នាក់ ដោយលើកបញ្ជាក់ថា ថ្នាក់ដឹកនាំនៅតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជនទាំងអស់ គ្រប់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ បងប្អូនអតីតយុទ្ធជនធ្លាប់បានបូជា សាច់ស្រស់ ឈាមស្រស់ ខ្លះត្រូវពលី និងខ្លះទៀតត្រូវពិការរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែការតស៊ូយ៉ាងប្តូរផ្តាច់ ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា បានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោកថា ថវិកាដែលបានចំណាយលើការសាងសង់ផ្ទះ ០១ខ្នងជូនអតីតយុទ្ធជននៅក្នុងពេលនេះ គឺជាការបរិច្ចាគរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ ជាមួយគ្នានោះដែរលោក ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនមួយចំនួនបន្ថែមទៀតជូនលោក ហ៊ឹម ឈឿន ទុកដោះស្រាយការខ្វះខាតនៅក្នុងជីវភាពគ្រួសារផងដែរ៕

 

 

Loading...