អតីតអ្នកបើកបរឡានក្រុងកាពីតូលជាង៥០នាក់ទាមទារឲ្យក្រុមហ៊ុនយកពួកគេចូលធ្វើការ

អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល (CAPITOL) មកពីទូទាំងប្រទេសប្រមាណ ៥០នាក់ នាំគ្នាតវ៉ានៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ ធ្នូ ដោយទាមទារឲ្យក្រុមហ៊ុនគោរពច្បាប់ស្ដីពីការងារ និងទទួលយកពួកគេចូលធ្វើការវិញ។
អតីតអ្នកបើកបររថយន្តក្រុងកាពីតូល ដែលត្រូវបានក្រុមហ៊ុនរថយន្តក្រុងកាពីតូល បញ្ឈប់ពីការងារប្រមាណ ៥០នាក់ ស្រែកតវ៉ានៅមុខក្រុមហ៊ុនជាថ្មីទៀត នៅថ្ងៃទី៣០ ធ្នូ៖ «អយុត្តិធម៌ណាស់! អយុត្តិធម៌ណាស់…»។
ក្រុមអតីតអ្នកបើកបរទាំងនេះ ធ្លាប់តវ៉ានឹងប្រធានក្រុមហ៊ុនរថយន្តក្រុងកាពីតូល ដូចគ្នានេះម្ដងហើយកាលពីខែកក្កដា។ ជម្លោះនេះ បានកើតមានបន្ទាប់ពីប្រធានក្រុមហ៊ុនរថយន្តក្រុងកាពីតូល បញ្ឈប់អ្នកបើកបរ ៧នាក់ ដែលពួកគាត់អះអាងថា ជាសកម្មជនសហជីព។ ក្រុមអ្នកតវ៉ាបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានការតវ៉ាជាថ្មីនេះ គឺដោយសារតែពួកគាត់ខកចិត្តនឹងក្រុមហ៊ុន ដែលមិនគោរពច្បាប់ស្ដីពីការងារ ផ្ដល់អត្ថប្រយោជន៍ទាប និងមិនគោរពសេចក្ដីសម្រេច ដែលថាខាងពួកគាត់ឈ្នះ។
អតីតអ្នកបើកបររថយន្តពីភ្នំពេញទៅក្រុងហូជីមិញ ប្រទេសវៀតណាម គឺលោក គង់ ប៊ុនធឿន ថ្លែងក្នុងពេលតវ៉ាថា លក្ខខណ្ឌពួកលោកទាមទារមាន ៣ចំណុច៖ «ចង់បានមកវិញហ្នឹង គឺឲ្យពួកខ្ញុំ ៥៥នាក់ហ្នឹងចូលធ្វើការនៅកន្លែងដើមវិញ ដោយអត់មានលក្ខខណ្ឌ ហើយសុំឲ្យក្រុមហ៊ុនគោរព និងអនុវត្តច្បាប់ស្ដីពីការងារ ព្រោះកន្លងមកយូរឆ្នាំហើយ ពួកខ្ញុំនេះជាតៃកុងឡានអាជីព ហៅថាតៃកុងយូរឆ្នាំ ហើយតៃកុងចាស់ហៅតៃកុងយូរហ្នឹង គាត់មានបទពិសោធន៍ច្រើនណាស់។ ពេលនោះសុំកុំឲ្យរើសអើង ឲ្យចូលធ្វើការកន្លែងដើមវិញ កុំឲ្យមានការចោទប្រកាន់រកលេសនេះលេសនោះ យកប្ដឹងទៅតុលាការពីបទអីៗ ដោយសារពួកខ្ញុំគ្មានកំហុស»។
ទាក់ទងនឹងការរើសអើងនេះ ត្រូវបានអតីតអ្នកបើកបររថយន្តមួយរូបទៀត គឺលោក រិន សំបូ មានប្រសាសន៍ថា ក្រុមហ៊ុនកាពីតូល បញ្ឈប់ពួកលោកពីការងារ ដោយសារតែពួកលោកចូលរួមចលនារបស់សហជីព គឺសហភាពការងារកម្ពុជា។
ក្រុមអ្នកតវ៉ាដែលផ្ទេរសិទ្ធិជូនសហភាពការងារកម្ពុជា ដើម្បីដោះស្រាយទាំងក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធតុលាការ អះអាងថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលកាត់ក្ដីឲ្យភាគីខ្លួនឈ្នះ។
ឆ្លើយតបការចោទប្រកាន់របស់ក្រុមអ្នកតវ៉ា នាយកចាត់ការទូទៅនៃក្រុមហ៊ុនកាពីតូល លោក ផាន់ សុភាព ថ្លែងថា អ្វីដែលអ្នកតវ៉ាលើកឡើងនេះ មិនមែនជាការពិតទេ ហើយខាងក្រុមហ៊ុនទេជាអ្នកទទួលការសម្រេចឲ្យឈ្នះ។ លោកបន្តថា ខាងក្រុមហ៊ុនមិនចរចា ហើយជំរុញឲ្យក្រុមអតីតអ្នកបើកបរតវ៉ាតាមច្បាប់ទៅតុលាការ៖ «ក្រុមហ៊ុន បានឈ្នះសឹងតែ ៩០% ទៅហើយ។ អ៊ីចឹងក្រុមហ៊ុនគ្មានអីត្រូវចរចាទេ ហើយក្រុមហ៊ុនក៏បានជូនដំណឹងឲ្យគាត់មកយកកម្រៃថវិកា ដែលក្រុមហ៊ុនបានបញ្ឈប់ពួកគាត់។ ប៉ុន្តែគាត់យល់ព្រមទេ ដោយសារគាត់ថា គាត់បានតិច ហើយម្នាក់ៗគុណទៅសុទ្ធតែឃើញរាប់ម៉ឺនដុល្លារ មិនដឹងថាគាត់ហ្នឹងគិតតាមក្បាច់ស្អីទេ។ អ៊ីចឹងក្រុមហ៊ុនមានផ្លូវច្បាប់សម្រាប់ធ្វើការហ្នឹង បានទូទាត់តាមច្បាប់ការងារទាំងអស់ អត់មានចន្លោះកន្លែងណាមួយទេ»។
លោក ផាន់ សុភាព បញ្ជាក់បន្ថែមថា ការមិនទទួលយកអតីតអ្នកបើកបររថយន្តទាំងនេះ ក៏ព្រោះតែខាងក្រុមហ៊ុនលែងទុកចិត្តពួកគេ។ លោកថា ក្រុមអ្នកបើកបរទាំងនោះ មិនគោរពច្បាប់ការងារ មិនគោរពបទបញ្ជា និងកិច្ចសន្យាជាមួយក្រុមហ៊ុន រាប់ទាំងការកេងប្រវ័ញ្ចលុយកាក់ ការលួចដាក់ភ្ញៀវតាមផ្លូវ និងបើកលើសល្បឿនកំណត់។
លោកឲ្យដឹងថា ក្រុមអ្នកបើកបរដែលត្រូវបញ្ឈប់ពីការងារមានចំនួនជាង ៤០នាក់ ហើយការដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុនលោកមិនរាំងស្ទះទេ ព្រោះលោកនៅមានបុគ្គលិកជិត ២០០នាក់ទៀត។
ទន្ទឹមគ្នានេះ ក្រុមអ្នកតវ៉ាអះអាងថា ពួកគាត់នឹងបន្តការតវ៉ារហូតដល់មានដំណោះស្រាយទទួលយកបាន ហើយនឹងកេណ្ឌអ្នកតវ៉ាជាច្រើននាក់បន្ថែមទៀត ថ្វីបើការតវ៉ានៅព្រឹកថ្ងៃទី៣០ ធ្នូ ត្រូវបានកងកម្លាំងនគរបាលប្រមាណ ១០០នាក់ រុញច្រានដកយកឧបករណ៍បំពងសំឡេង និងស្គរ នៅទល់មុខទីស្នាក់ការក្រុមហ៊ុនជិតផ្សារអូរឫស្សី៕

5e3ce44d-855d-478d-93c2-44a3125fb746

Loading...

Leave a Reply

Your email address will not be published. Required fields are marked *