អតីតអ្នកប្រដាល់ទម្ងន់ធ្ងន់ Holyfield ចង់ប្រកួតជាមួយ Mike Tyson ម្តងទៀត

អតីតគូសត្រូវស៊ីសាច់ ហុតឈាមប្រដាល់សកលទម្ងន់ធ្ងន់ Evander Holyfield និង Mike Tyson កំពុងមានបំណងចង់ប្រកួតគ្នាម្តងទៀត ដែលជាការប្រកួតលើកទី៣ ក្រោយពីបានប្រយុទ្ធគ្នាចំនួន២លើកកាលពីអតីតកាលក្នុងអំឡុងពេលពួកគាត់មានអាជីពជាអ្នកប្រដាល់សកល។

លោក Holyfield បាននិយាយក្នុងបទសម្ភាសន៍កាលពីថ្ងៃទី១២ មករាទៅកាន់អ្នកសារព័ត៌មាន The Sun ថា “យើងអាចធ្វើទៅបាន! ក្រុមការងាររបស់ខ្ញុំកំពុងនិយាយជាមួយអ្នកគ្រប់គ្រងរបស់លោក Mike Tyson ហើយខ្ញុំកំពុងរង់ចាំការសម្រេចចិត្តមួយដែលពួកគេកំពុងធ្វើការទំនាក់ទំនងនេះ។ ខ្ញុំដឹងថាវានឹងមានថ្ងៃណាមួយកិច្ចដែលព្រមព្រៀងនេះនឹងកើតឡើង ហើយខ្ញុំបានត្រៀមខ្លួនសម្រាប់ប្រកួតជាមួយគាត់”។

លោក Holyfield បន្តថា “ខ្ញុំជឿថាប្រសិនបើខ្ញុំប្រយុទ្ធជាមួយ Mike Tyson ការប្រយុទ្ធនឹងរកប្រាក់បាន២០០លានដុល្លារ។ វានឹងក្លាយជាការប្រកួតដ៏ធំបំផុត។ ខ្ញុំគិតថា Mike Tyson ទទួលបានសាររបស់ខ្ញុំរួចហើយ ប្រសិនបើគាត់សំរេចចិត្តពីរឿងនេះយើងទាំងពីរត្រូវតែព្រមព្រៀងគ្នា” ។

សូមបញ្ជាក់ថា លោក Mike Tyson មកដល់ពេលនេះមានវ័យ៥៤ឆ្នាំហើយ ថ្មីៗនេះបានវិលត្រឡប់មកសង្វៀនវិញដោយប្រកួតជាមួយកីឡាករ Roy Jones។ ចំណែកលោក Holyfield វិញមានវ័យ៥៨ឆ្នាំក៏ចង់ធ្វើដូចលោក Mike Tyson ដោយវិលមកកាន់សង្វៀនវិញដែរ ៕

Loading...