អតីត​កីឡាករ​អា​ហ្ស​ង់​ទីន​ម្នាក់ ៖ Messi គួរតែធ្វើតាមបេះដូងខ្លួនឯង

​កីឡា ៖ អតីត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​លោក Franco Di Santo បាន​និយាយថា Lionel Messi គួរតែ​ធ្វើតាម​បេះដូង​របស់គាត់​ហើយ​បន្ត​ស្នាក់នៅ Barcelona ក្រោយ​ចប់​រដូវ​កាល ក្នុង​គោលបំណង​ដើម្បី​ស្តារ ក្រុម​នេះ​ឲ្យ​មាន​ភាពរុងរឿង​ឡើងវិញ​។​

​កុងត្រា​របស់ Messi នៅ Barca នឹង​អស់​សុពលភាព​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ ហើយ​អាច​ចាក​ចេញពី​កីឡដ្ឋាន Camp Nou ដោយ​គ្មាន​តម្លៃ​ខ្លួន​។ ប្រសិនបើ​រឿងនេះ​កើតមាន​មែន​នោះ មានន័យថា​ការប្រកួត​ថ្ងៃ​សៅរ៍​ជាមួយ Real Madrid នៅឯ​កីឡដ្ឋាន Estadio Alfredo di Stefano នឹង​ក្លាយជា​ការប្រកួត Clasico ចុងក្រោយ​របស់ Messi ។​

​យ៉ាងណាមិញ​លោក Franco បាន​និយាយថា ៖ Messi សាក​សម​នឹង​ទទួលបាន​ការគោរព​នៅ Barcelona ពីអ្វី​ដែល​គាត់​ធ្លាប់​ឈ្នះ​នៅ​ទីនោះ​។ វា​ជាការ​ប្រកួត​ជា​ក្រុម ប៉ុន្តែ ផ្នែក​ដ៏​ធំ​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ក្រុម គឺ កើតចេញពី​គាត់​។ ខ្ញុំ​គិតថា​ប្រសិនបើ​គ្មាន​គាត់ នោះ Barcelona នឹងមិន​អាច​ឈ្នះ​ពានរង្វាន់​ជាច្រើន​បានឡើយ​។​

​លោក​បាន​បន្តថា វា​ជា​រឿង​ដ៏​អស្ចារ្យ​ក្នុងការ​ឃើញ​គាត់​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្រុម​។ ខ្ញុំ​ចង់​ឲ្យ​គាត់​លេង​នៅ Barcelona ដើម្បី​បន្ត​កេរ្តិ៍ដំណែល​របស់គាត់​។ ប្រសិនបើ​ខ្ញុំ​ជា Messi នោះ ខ្ញុំ​នឹងមិន​ខ្វល់​ពីស​ម្តី​របស់​មនុស្ស​ខាងក្រៅ​ឡើយ និង បន្ត​ធ្វើតាម​បេះដូង​របស់ខ្ញុំ​៕

Loading...