អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង​រង​ការ​ចោទ​ថា​រំលោភ​យក​ដី​ព្រះរាជ​ដំណាក់

ខេត្ត​ស្ទឹងត្រែង ៖អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង រង​ការ​រិះគន់​ថា បាន​រំលោភ​យក​ដី​ព្រះរាជទ្រព្យ​របស់​ព្រះមហាក្សត្រ តាម​បណ្តោយ​អូរ​ខាង​កើត ឋិត​នៅ​ក្រុង​ស្ទឹងត្រែង។ ការ​រិះគន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ប្រមាណ ៣​គ្រួសារ រុះរើ​លំនៅឋាន​ចេញ​ពី​ដី​ចំណី​អូរ និង​នៅ​ក្នុង​បរិវេណ​ដី​ព្រះរាជទ្រព្យ​កាល​ពី​ឆ្នាំ​២០១២ ដោយ​សំអាង​ថា យក​ដី​ទីតាំង​នោះ​ជា​កន្លែង​អភិវឌ្ឍន៍។ ដោយឡែក​មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ករណី​រំលោភ​យក​ដី​ព្រះរាជទ្រព្យ​នេះ ថា​ជា​ទង្វើ​ល្មើស​ច្បាប់។

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ កញ្ញា ថា អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សុផាត បាន​ធ្វើ​របង​ស៊ីម៉ងត៍​ព័ទ្ធ​លួស​នៅ​បែក​ខាង​ជើង​ជាប់​ទន្លេ បន្ទាប់​ពី​ចាក់​ដី​តាម​ជម្រាល​អូរ​ដើម្បី​ពង្រីក​ផ្ទៃ​ដី​អស់​ប្រហែល​ជាង ១​ម៉ឺន​ឡាន កាល​ពី​ឆ្នាំ​២០១២។ ការ​ចាក់​ដី និង​ព័ទ្ធ​របង​លួស​នេះ ត្រូវ​បាន​អ្នក​ភូមិ​ចាត់​ទុក​ថា អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សុផាត បាន​យក​ដី​មួយ​ផ្នែក​នៃ​ព្រះរាជ​ដំណាក់​ជាប់​មាត់​អូរ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

តំណាង​ពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រៀបរាប់​នៅ​ថ្ងៃ​ទី​១ កញ្ញា ថា លោក​ធ្លាប់​រស់នៅ​ខេត្ត​ស្ទឹងត្រែង តាំង​ពី​តូច​ដល់​ធំ ពី​ដើម​ឡើយ​លោក​គ្រាន់​តែ​ដឹង​ថា ដី​ដែល លោក ឡូយ សុផាត បោះ​បង្គោល​របង​យក​នោះ គឺ​ជា​ដី​ចំណី​មាត់​អូរ​ក្នុង​បរិវេណ​ដី​ដំណាក់​ស្ដេច ហើយ​កាល​ពី​ឆ្នាំ​២០១២ លោក​ឃើញ​មាន​ពលរដ្ឋ​ចំនួន ៣​គ្រួសារ ដែល​តាំង​ទីលំនៅ​ទីនេះ​អស់​ប្រមាណ​ជាង ១០​ឆ្នាំ​មក​ហើយ ដោយ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដាំ​បន្លែ​លើ​ដី​ដំណាក់​ស្ដេច​នេះ តែ​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ដោយ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ តំបន់​ផ្សេង​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង។ លោក​ថា ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ភ្លាមៗ លោក​នឹក​ស្មាន​តែ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នៅ​កន្លែង​ដំណាក់​ស្ដេច ​នេះ និង​នឹក​ស្មាន​មិន​ដល់​ថា​ចាក់​ដី​ដើម្បី​ឆ្លៀត​ឱកាស​យក​ដី​ព្រះរាជទ្រព្យ​ ព្រះមហាក្សត្រ។ ដោយឡែក​ពលរដ្ឋ​ទីទ័លក្រ​ពិត​ប្រាកដ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​លើ​ដី​ដែល​ជា​ ព្រះរាជទ្រព្យ​របស់​ព្រះមហាក្សត្រ​នោះ​ឡើយ៖ «ដី​ហ្នឹង​ដី​ស្ដេច ប្រជាពលរដ្ឋ​នៅ ដល់​រដ្ឋ​ត្រូវ​ការ​អ៊ីចឹង​ក៏​ជម្លៀស​ប្រជាជន​ចេញ​ពី​ហ្នឹង​បាត់​ទៅ។ ដី​របស់​ស្ដេច ក៏ប៉ុន្តែ ឡូយ សុផាត អភិបាល​ខេត្ត​ហ្នឹង​គេ​ចាក់ ប៉ុន្តែ​គេ​ចាក់​យ៉ាង​ម៉េច? គេ​ចាក់​សម្រាប់​ជា​ផល​ប្រយោជន៍​រដ្ឋ ឬ​មួយ​ក៏​សួនតួ​របស់​គាត់ អា​ហ្នឹង​អត់​ដឹង​ដែរ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ស្ទឹងត្រែង លោក ឡូយ សុផាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ កញ្ញា ថា ទីតាំង​ដែល​លោក​ចាក់​ដី​នោះ​ជា​តំបន់​ទឹក​លិច ដែល​ពុំ​ធ្លាប់​មាន​ពលរដ្ឋ​រស់នៅ​ឡើយ។ លោក​ថា ដី​នោះ​ពី​ដើម​ឡើយ​មាន​ទំនាប​ជាប់​រហូត​ដល់​មាត់​ទន្លេ មិន​អាច​ឆ្លង​ចូល​ផ្លូវ​ថ្នល់​ទៅ​ម្ខាង​បាន​ទេ។ នេះ ជា​ដី​ទំនេរ។ ចំណែក​ចំណី​មាត់​អូរ​នៅ​តែ​ជា​អូរ​ដដែល ហើយ​ការ​ចាក់​ដី​នេះ ក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរន្ត​ទឹក​ហូរ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ណា​នោះ​ដែរ។ យ៉ាង​ណា​ក៏ដោយ លោក​ចាត់​ទុក​ពលរដ្ឋ​ដែល​មាន​ចម្ងល់​ចំពោះ​ការ​ចាក់​ដី និង​គ្រប់គ្រង​ដី​របស់​លោក ថា​ជា​ពលរដ្ឋ​ខិលខូច៖ «ព្រោះ​ដី​ហ្នឹង​ពី​ដើម ​មិន​អាច​ឆ្លង​ទៅ​ផ្លូវ​ថ្នល់​បាន​ទេ ពីព្រោះ​វា​ទំនាប​ទៅ​ជាប់​ផ្លូវ​មាត់​ទន្លេ​តែ​ម្តង ហើយ​ប្រជាជន​គាត់​មក​មាន​រឿង​មាន​អី​នៅ​ត្រង់​ហ្នឹង ខ្ញុំ​មិន​យល់​ដែរ។ ប្រជាពលរដ្ឋ​ឆ្ងល់​វា​មិន​សូវ​សម​ហេតុផល អា​ការ​ឆ្ងល់​វា​អត់​មាន​ប៉ះពាល់​អី​ទៅ​អ្នក​ណា​ទាំងអស់ បើ​និយាយ​ទៅ​វា​អត់​មាន​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ករណី​នេះ​ពី​នាយ​ខុទ្ទកាល័យ​ ព្រះបរមរាជវាំង លោក អ៊ុំ តារ៉ាវុធ ដើម្បី​បញ្ជាក់​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១ កញ្ញា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ទាក់ទង​បញ្ហា​នេះ​ដែរ ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ស្ទឹងត្រែង លោក សេង សុផាត បញ្ជាក់​យ៉ាង​ខ្លី​ថា ដី​ដែល លោក ឡូយ សុផាត ព័ទ្ធ​របង​ខាង​មុខ និង​បាន​ចាក់​ដី​នោះ លោក​ធ្លាប់​ឃើញ​មាន​លិខិត​ស្នើសុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ដែល​មាន​ឈ្មោះ​កូន​ របស់ លោក ឡូយ សុផាត។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​ថា មន្ត្រី​ជំនាញ​សុរិយោដី​មិន​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​បាន​ទេ ព្រោះ​វា​ជា​ដី​មាន​នៅ​ក្នុង​ប្លង់​ព្រះរាជទ្រព្យ​របស់​ព្រះមហាក្សត្រ។ ហេតុ​នេះ ការ​សាងសង់​អ្វី​មួយ​នៅ​លើ​ដី​តំបន់​នោះ ត្រូវ​បាន​ហាម​ឃាត់៖ «បុគ្គល​ឯកជន​ទេ​ធ្វើ​ហ្នឹង ធ្វើ​ហ្នឹង​ក៏​អត់​សាងសង់​អី​បាន​ដែរ»

ព្រះរាជ​ដំណាក់​ស្ដេច​ឋិត​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្នុង​ស្ទឹងត្រែង បែរ​មុខ​ទៅ​ទិស​ខាង​ជើង​ទល់​មុខ​ទៅ​មាន​ទន្លេ​មេគង្គ​ដែល​ប្រសព្វ​គ្នា។ នៅ​ខាង​មុខ​ដំណាក់ មាន​ជណ្ដើរ​ចុះ​ទន្លេ ដែល​អ្នក​ភូមិ​អាច​ចុះ​មុជ​ទឹក​នៅ​អែប​ច្រាំង​ទន្លេ​នៅ​រដូវ​ប្រាំង​បាន។ ដោយឡែក​ទំហំ​ដី​ដែល លោក ឡូយ សុផាត ចាក់​ដី​នៅ​ជាប់​មាត់​អូរ​ចាប់​ពី​ផ្លូវ​ថ្នល់​ខាង​ត្បូង​រហូត​ដល់​ថ្នល់​ មាត់​ទន្លេ មាន​ប្រវែង​ប្រហែល​ក្បាល​ជាង ៥០​ម៉ែត្រ និង​បណ្តោយ​ជាង ១០០​ម៉ែត្រ ហើយ​បច្ចុប្បន្ន ដី​នេះ​នៅ​មិន​ទាន់​មាន​ការ​កសាង​អ្វី​ទាំងអស់ បើ​ក្រៅ​ពី​ធ្វើ​របង​លួស និង​បង្គោល​ថ្ម​នៅ​ប៉ែក​ខាង​មាត់​ទន្លេ។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល សម្ដែង​ការ​សោកស្ដាយ ខណៈ​ដែល​ព្រះរាជទ្រព្យ​របស់​ព្រះមហាក្សត្រ ត្រូវ​បាន​អ្នក​មាន​អំណាច​ឆ្លាត​ឱកាស​យក។ លោក​ថា ការ​ឆកល្វែង​បែប​នេះ គឺ​ជា​សញ្ញា​អវិជ្ជមាន​មួយ​ស្ដែង​ចេញ​ពី​ការ​អាក់អន់​ចិត្ត​សម្រាប់​ពលរដ្ឋ​ ដែល​ធ្លាប់​ដាំ​បន្លែ​នៅ​ទីនោះ ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់ និង​ហាម​មិន​ឲ្យ​សង់​ទីលំនៅ​ជា​បណ្ដោះអាសន្ន​នៅ​ទីនោះ បែរ​ជា​យក​ដី​សម្រាប់​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ឯកជន​ទៅ​វិញ។ លោក​អំពាវនាវ​ឲ្យ​ក្រសួង​ព្រះបរមរាជវាំង មេត្តា​អភិវឌ្ឍ និង​ថែទាំ​ព្រះរាជ​ដំណាក់​ដែល​ជា​ព្រះរាជទ្រព្យ​របស់​ព្រះមហាក្សត្រ និង​ស៊ើប​អង្កេត​ពី​ហេតុផល​នាំ​ឲ្យ​មាន​ការ​យក​ដី​នៅ​តំបន់​នោះ​ដោយ​អ្នក​ មាន​អំណាច៖ «របស់​ព្រះមហាក្សត្រ​តាំង​ពី​ដើម អ្នក​ស្ទឹងត្រែង មក​រហូត​មក អ៊ីចឹង​គាត់​គួរ​តែ​ទុក​អភិវឌ្ឍ អភិរក្ស ទោះ​បី​គាត់​មិន​បាន​គង់​នៅ មិន​បាន​មាន​មនុស្ស​មក​នៅ យើង​ត្រូវ​តែ​អភិរក្ស ឬ​អភិវឌ្ឍ​ទៅ​ទៀត មិន​មែន​មក​រំលោភ​យក​អ៊ីចឹង​ទេ»

ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ឡាត់ គី យល់​ឃើញ​ថា ដី​តាម​ជម្រាល​អូរ គឺ​ត្រូវ​បាន​ចាត់​ទុក​ចូល​ជា​ដី​សាធារណៈ​របស់​រដ្ឋ តែ​បើ​មាន​ការ​រំលោភ​យក​ដោយ​បុគ្គល​ណា​ក្តី គឺ​ជា​ទង្វើ​ខុស​ច្បាប់ មាន​ន័យ​ថា រដ្ឋ​ចង់​ដក​ហូត​វិញ​ពេល​ណា​ក៏​បាន។ លោក​ថា រដ្ឋ​មាន​តួនាទី​ថែទាំ​ដី​ដែល​ជា​ព្រះរាជទ្រព្យ ប៉ុន្តែ​បើ​ការ​ថែទាំ​មិន​បាន​ដិតដល់ ធ្វើ​ឲ្យ​ព្រះរាជទ្រព្យ​របស់​ព្រះមហាក្សត្រ​នឹង​ទៅ​ជា​ទ្រព្យ​សម្បត្តិ​ឯកជន ​នោះ គឺ​ជា​កំហុស​របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង៖ «វា​នៅ​ជា​ប្រយោជន៍​ សាធារណៈ ទាល់​តែ​ទ្រព្យ​សម្បត្តិ​ទាំងអស់​ហ្នឹង​ក្លាយ​ជា​ឥត​ប្រយោជន៍​សាធារណៈ ទើប​មាន​សិទ្ធិ​ធ្វើ​អនុប្រយោគ ប្រែ​ក្លាយ​ប្រភេទ​នៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ហ្នឹង ក្លាយ​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ​សិន​បាន ទើប​មាន​សិទ្ធិ​ក្នុង​ការ​វិនិយោគ ឬ​មួយ​មាន​សិទ្ធិ​ក្នុង​ការ​ដោះ​ដូរ​អី​ផ្សេងៗ»

ទីតាំង​ដី​ព្រះរាជ​ដំណាក់​ស្ដេច គឺ​ជា​ឈ្មោះ​មួយ​ដែល​អ្នក​ភូមិ​ច្រើន​តែ​ហៅ​ថា ដី​ដំណាក់​ស្ដេច​ដែល​ព្រះ​បរម​រតន​កោដ្ឋ ធ្លាប់​ស្នាក់​អាស្រ័យ​នៅ​ទីនេះ​កាល​ពី​សម័យ​បារាំង និង​សម័យ ប៉ុល ពត។ ទំហំ​ដី​ព្រះរាជ​ដំណាក់​ប្រហែល​ជាង ៤​ហិកតារ ខាង​លិច​ជាប់​ផ្លូវ និង​ខាង​ត្បូង​ជាប់​ផ្លូវ ចំណែក​ខាង​កើត​ជាប់​នឹង​អូរ ខាង​មុខ​ទល់​ទន្លេ។ បច្ចុប្បន្ន ដី​ព្រះរាជ​ដំណាក់​ហាក់​នៅ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ឲ្យ​បាន​ជា​ដុំ​កំភួន​ ឡើយ នៅ​សល់​តែ​អគារ​ធំៗ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​តាំង​ពី​ជំនាន់​បារាំង។ អគារ​នៅ​ខាង​កើត ត្រូវ​ខូច​ទាំង​ស្រុង ចំណែក​អគារ​ខាង​លិច មាន​សភាព​រឹងមាំ​ធម្មតា ដែល​ត្រូវ​គេ​ដាក់​ចោល​ពុំ​មាន​មាន​អ្នក​ថែទាំ។ ចាស់​ទុំ​ដែល​ដឹង​ពី​រឿងរ៉ាវ​ដំណាក់​នេះ បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ដំណាក់​នេះ គឺ​ជា​ទីតាំង​សំណាក់​របស់​សម្ដេច​តា ដែល​ទ្រង់​ធ្លាប់​ភៀស​ព្រះ​កាយ​កាល​ពី​សម័យ​សង្គ្រាម មក​គង់​ស្នាក់​អាស្រ័យ​នៅ​ព្រះរាជ​ដំណាក់​នេះ៕

 

image2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *