អត់ភ្ញៀវទេសចរណ៍ ហ្វូងសត្វស្វាដាច់អាហារ កេណ្ឌបក្សពួកអុកឡុកទីក្រុង

ប្រទេសថៃ៖ ពពួកសត្វស្វានៅក្នុងខេត្ត Prachuap Khiri Khan ប្រទេសថៃ បាននិងកំពុង «កាន់កាប់» និងលុកលុយបំផ្លាញអគារសាលាក្រុងក្នុងតំបន់ (អគារចាស់) មួយ ដែលជាហេតុធ្វើឲ្យមន្ត្រីរដ្ឋាភិបាលគ្មានជម្រើស ត្រូវប្តូរទៅកាន់អគារសុវត្ថិភាពផ្សេងដើម្បីធ្វើការ ។

អគារសាលាក្រុងចាស់ស្ថិតនៅខាងស្តាំជាប់នឹងអាគារសាលាក្រុងថ្មីដែលមានចំងាយប្រហែល ១០០ ម៉ែត្រពីភ្នំ Khao Chong Krachok ។

សត្វស្វាទាំងនោះ ដំបូងឡើយ បានកាន់កាប់កន្លែងទាក់ទាញដ៏ល្បីល្បាញមួយ ហើយចាប់ផ្តើមពង្រីកដល់ទីប្រជុំជន។ វាត្រូវបានគេមើលឃើញថា ជាមួយនឹងស្ថានភាព Covid-19 បច្ចុប្បន្ន ដែលបង្កឲ្យបាត់បង់ភ្ញៀវទេសចរមកកាន់តំបន់នោះ ដែលជាហេតុសត្វស្វាកំពុងស្វែងរកចំណីប្រចាំថ្ងៃបាន។

ពិតណាស់ ពួកវាបានហែកដំបូល ខ្សែភ្លើង ពិដាន បំពូលភ្លើង និងឧបករណ៍នៅក្នុងការិយាល័យ ។ មន្ត្រីដែលធ្វើការនៅក្នុងអគារនោះមិនអាចដោះស្រាយជាមួយសត្វស្វាទាំងនោះបានទេ ហើយគ្មានជំរើសក្រៅពីស្វែងរក និងជួលអគារផ្សេងទៀត ដើម្បីធ្វើការបណ្តោះអាសន្ន ។ នៅពេលធ្វើការត្រួតពិនិត្យ ផ្នែកខ្លះនៃក្បឿងដំបូលសេរ៉ាមិចត្រូវបានរបើកខ្ទេចចេញពីអាគារ។ នៅខាងក្នុងពិដានអាគារ ត្រូវបានបាត់បង់ ហើយយើងអាចមើលឃើញមេឃពីខាងក្នុង។

គេមានការព្រួយបារម្ភថា ប្រសិនបើមានភ្លៀងធ្លាក់មក នោះខាងក្នុងអគារនឹងលេចទឹក ដែលប្រឈមគ្រោះថ្នាក់នឹងខ្សែភ្លើងឆក់បំផុត ។

មិនត្រឹមប៉ុណ្ណោះ សត្វស្វាទាំងនេះ បានបំផ្លាញរថយន្តដែលចតនៅក្នុងតំបន់នោះ ដោយរួមទាំងរថយន្តរបស់ប្រជាពលរដ្ឋ និងមន្ត្រី ដែលត្រូវការទៅកាន់នៅសាលាក្រុង ។ ពួកវាភាគច្រើនបានហែកកញ្ចក់មើលក្រោយ (rear-view mirror) ។ រៀងរាល់ល្ងាច សត្វស្វាទាំងនោះបន្តចូលសាលាក្រុង ដើម្បីបន្តស្វែងរកចំណី៕

Loading...