អត្ថាធិប្បាយ៖ ទោះបីជាមានការរំខានពីជម្ងឺ COVID-19 ប៉ុន្តែយើងនៅតែរំឭកក្នុងចិត្តដល់ទិវាជាតិនៃការចងចាំ ២០ ឧសភា

ពេលនេះប្រជាជនកម្ពុជាកំពុងតែតស៊ូប្រយុទ្ធជាមួយជម្ងឺឆ្លងដ៏កាចសាហាវ COVID-19 ដែលជម្ងឺបានធ្វើឲ្យពិភពលោកស្ថិតក្នុងស្ថានភាពច្របូកច្របល់យ៉ាងខ្លាំង ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយកម្ពុជាជម្នះបានទាំងស្រុងទៅលើជម្ងឺ COVID-19 ហើយកំពុងនាំគ្នាបង្កើនការប្រុងប្រយ័ត្ន និងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ។ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ប្រជាជនកម្ពុជាទូទាំងប្រទេសនៅតែរំឭកក្នុងចិត្តទៅដល់ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែរ ។

«ទិវាជាតិនៃការចងចាំ ២០ ឧសភា» ជាថ្ងៃនៃការចាប់ផ្តើមឡើងនូវទំព័រសករាជខ្មៅងងឹតនៅលើមាតុភូមិកម្ពុជានោះគឺ មហាសោកនាដកម្ម និងឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ប៉ុលពត បានបង្កើតឡើងអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃ ៦ មករា ឆ្នាំ១៩៧៩ ។ ជារៀងរាល់ឆ្នាំ ប្រជាជនទូទាំងប្រទេសតែងតែប្រារព្ធទិវានេះឡើង ដើម្បីគោរពទៅដល់វិញ្ញាណក្ខ័ន្ធនៃជនរួមជាតិ ដែលត្រូវស្លាប់យ៉ាងអណោចអធម៌ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងវីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិខ្មែរទាំងឡាយដែលបានធ្វើពលិកម្ម ដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុសង្រ្គោះជាតិ មាតុភូមិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ។ នៅក្នុងដំណាក់កាលនោះ បន ក្បត់ ប៉ុល ពត បានអនុវត្តនយោបាយប្រល័យពូជសាសន៍ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ។ ទឹកដីកម្ពុជាទាំងមូលធ្លាក់ក្នុងសភាពខ្មៅងងឹត ដុនដាបជាងឋាននរក ជាគុកឥតជញ្ចាំង ជាវាលពិឃាត ជាស្ទឹង ជាសមុទ្រ ដែលដក់ត្រាំជោគជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន ។ សង្គមជាតិកម្ពុជាត្រូវក្រឡាប់ចាក់ រចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញដោយឬសគល់ ប្រជាជនប្រមាណជាង ៣លាននាក់ ត្រូវកាប់សម្លាប់ ឯអ្នកដែលនៅសេសសល់ក៏រស់ក្នុងសភាពភិតភ័យគ្រប់វិនាទី ។

ការអនុវត្តនយោបាយប្រល័យពូជសាសន៍ កើតចេញមកពីគោលនយោបាយ និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកម្ពុជាប្រជាធិបតេយ្យ ។ បន្ទាប់ពីបានទ្បើងកាន់អំណាចនៅកម្ពុជានាថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ ជាងមួយខែក្រោយមក គឺនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៥ ពួក ប៉ុល ពត បានប្រកាសចេញនូវគោលការណ៍មួយចំនួនរួមមានៈ ការជម្លៀសប្រជាជនចេញពីទីក្រុងនានា ការលុបចោលទីផ្សារទាំងអស់ក្នុងប្រទេស ការបំបាត់រូបិយវត្ថុនៃរបបចាស់ ការដកក្រដាសប្រាក់បដិវត្តន៍ដែលបានបោះពុម្ពរួចហើយយកមកទុកវិញ ការផ្សឹកព្រះសង្ឃទាំងអស់ ការបង្កើតផ្ទះបាយរួមនៅទូទាំងប្រទេស ការបណ្តេញជនជាតិវៀតណាម ការបញ្ជូនកងទ័ពទៅព្រំដែន ជាពិសេសព្រំដែនវៀតណាម ការបិទមន្ទីរពេទ្យទាំងអស់នៅទីក្រុងភ្នំពេញ ការបិទមហាវិទ្យាល័យ វិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សានៅទូទាំងប្រទេស និងការកម្ចាត់ចោលទាំងស្រុងនូវពួកខ្មាំងបង្កប់ ។ ដូច្នេះថ្ងៃ២០ ឧសភា គឺជាថ្ងៃដែលពួកបន ប៉ុល ពត ចាប់ផ្តើមអនុវត្តគោលការណ៍ប្រល័យពូជសាសន៍ជាបន្តយ៉ាងចំហ និងយ៉ាងឃោរឃៅព្រៃផ្សៃចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ដែលបានបញ្ឈប់ទាំងស្រុងនូវដំណើររបស់សង្គមជាតិ ហើយទាញបញ្ច្រាសឲ្យដើរថយក្រោយយ៉ាងវែងវិលទៅរកសម័យទាសភាពក្នុងបុព្វកាលវិញ ។ ដើម្បីរំព្ញកទុកជាការចងចាំ និងប្តេជ្ញាចិត្តមិនឲ្យប្រវត្តិសាស្រ្តខ្មែរដ៏ខ្មៅងងឹតនេះវិលសារដានមកវិញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ រដ្ឋសភាអាណត្តិទី១ នៃអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងសម័យប្រជុំលើកទី៥ បានអនុម័តកំណត់យកថ្ងៃ២០ ឧសភា ជារៀងរាល់ឆ្នាំជាទិវាចងកំហឹងចំពោះរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីជាការរំព្ញកវិញ្ញាណក័្ខន្ធប្រជាជនកម្ពុជា ដែលត្រូវបាត់បង់ជីវិតក្រោមស្នាដៃរបបដ៏ឧក្រឹដ្ឋនេះ ។ ចាប់តាំងពីពេលនោះមក ថ្ងៃ២០ ឧសភា ក៏បានក្លាយជាថ្ងៃរំព្ញកនូវការចងចាំចំពោះប្រវត្តិសាស្រ្តដ៏ឈឺចាប់របស់កម្ពុជាក្នុងរបបប្រល័យពូជសាសន៍ ។ ក្រោយពេលដែលប្រទេសជាតិ មានសុខសន្តិភាពពេញលេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃ២០ ខែឧសភា ជារៀងរាល់ឆ្នាំជា «ទិវាជាតិនៃការចងចាំ» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ ។ ទិវាជាតិនៃការចងចាំប្រារព្ធឡើងដើម្បី៖ លើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់ ឬបានបាត់បង់ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ, ចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឲ្យកើតមានឡើងសាជាថ្មី ។
អស់រយៈពេលជាង ៤០ឆ្នាំហើយ ដែលយើងបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ហើយគណបក្ស ប្រជាជនកម្ពុជា បានពុះពារជម្នះរាល់ឧបសគ្គយ៉ាងលំបាកលំបិនជាទីបំផុតក្នុងការប្រឹងប្រែងស្តារ និងកសាងប្រទេស ដោយបាតដៃទទេ ចេញពីគំនរផេះផង់ ធ្វើឲ្យមានការរីកចម្រើនជាជំហានៗ និងឈានដល់សន្ទុះអភិវឌ្ឍន៍ខ្លាំងក្លានា ពេលបច្ចុប្បន្ន ។ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីជាស្នូលក្នុងការរំលត់ភ្លើងសង្គ្រាមតាមរយៈនយោបាយ ឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៨ ដោយធ្វើឲ្យរលំរលាយទាំងស្រុង អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម បង្កើតឲ្យមានសុខសន្តិភាពក្នុងក្របខណ្ឌទូទាំងប្រទេស ។ ប្រជាជនបាននិងកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយកំពុងបញ្ចេញអស់កម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន ។

ទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងដើម្បីរំឭក និងគោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ជាង ៣លាននាក់ នៅក្នុងរបប ប៉ុល ពត ដ៏ឃោរឃៅនេះ ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុបបានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ ដែលប្រជាជាពលរដ្ឋខ្មែរមួយប្រទេសបានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានតាំងពីកំណើតរបស់មនុស្សក៏គ្មានដែរ ។ សព្វថ្ងៃនេះ ក្រោយពីកម្ពុជាមានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងជីវភាពរស់នៅធូរធារសមរម្យ ។ សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋក្នុងការកសាងសង្គមគ្រួសារ, សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនឆាប់រហ័ស ។ សូមបងប្អូនប្រជាពល រដ្ឋចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជារៀងរហូត ហើយនាំគ្នាទប់ស្កាត់កុំអោយសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកកម្ពុជាសារជាថ្មី ។

ជាមួយគ្នានេះ យើងក៏សូមឱទ្ទិសបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សាមាតុភូមិកម្ពុជា និងប្រជាជនកម្ពុជាឲ្យបានរួចជៀសផុតពីជម្ងឺ COVID-19 ដើម្បីយើងកាន់តែមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ៕ ដោយ ៖ លី ទួង

Loading...