អធិការដ្ឋានជលផលសមុទ្របង្គាប់ឲ្យប្រជានេសាទបង់ពន្ធដោយវេរលុយតាមវីង

ខេត្តព្រះសីហនុ៖ ច្បាស់ថាអំពើពុករលួយរបស់អធិការដ្ឋានជលផលសមុទ្រដែលគាបសង្កត់លើប្រជានេសាទរាប់សិបឆ្នាំមកហើយនោះបានបែកធ្លាយកាលពីថ្មីៗនេះពួកមន្ត្រីជលផលសមុទ្របង្គាប់ឲ្យប្រជានេសាទសមុទ្របង់ប្រាក់ឲ្យពួកខ្លួនច្រើនជាង 1 លានរៀលទៅ 3 លានរៀលដោយពួកសមត្ថកិច្ចជលផលទាំងនោះអះអាងថាជាប្រាក់សម្រាប់បងពន្ធប្រចាំឆ្នាំហើយតម្រូវឲ្យអ្នកនេសាទតាមទូកនីមួយៗត្រូវវេរលុយឲ្យពួកមន្ត្រីជលផលតាមវីង។

អំពើពុករលួយរបស់ពួកមន្ត្រីជលផលសមុទ្របង្កឱ្យមានប្រតិកម្មពីប្រជានេសាទហើយស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តព្រះសីហនុកាលពីថ្មីៗនេះ។បើទោះបីជាប្រជាពលរដ្ឋច្រើនជាង 50 នាក់ប្រតិកម្មយ៉ាងនេះក៏ដោយក៏ពួកមន្ត្រីជលផលតំបន់មាត់សមុទ្រហាក់ដូចជាគ្មានខ្វល់ឬភ្ញាក់ផ្អើលអ្វីនៅឡើយ។ប្រជានេសាទនិយាយថាមន្ត្រីជលផលបានទូរសព្ទប្រាប់ពួកគាត់អ្នកនេសាទសមុទ្រទាំងអស់អោយទៅបង់ប្រាក់ពន្ធប្រចាំឆ្នាំដោយតម្រូវឲ្យវេរលុយតាមគណនេយ្យវីង។

ប្រជានេសាទនិយាយថាមិនមានការជូនដំណឹងឬលិខិតស្នាមត្រឹមត្រូវណាមួយដែលបញ្ជាក់អំពីការត្រូវបង់ពន្ធនោះឡើយ។ដូច្នេះប្រាក់នោះគឺជាអំពើពុករលួយរបស់មន្ត្រីរដ្ឋបាលជលផលសមុទ្រនោះទាំងស្រុង។ពួកមន្ត្រីជលផលកំណត់អោយបង់ប្រាក់តាមទំហំទូកមានខ្លះរហូតដល់ 3 លានរៀលក៏ប៉ុន្តែនៅពេលមានការចរចាសម្របសម្រួលពួកគេចុះថ្លៃនៅ ១លានរៀលនិងទូកតូចខ្លះនៅសល់ 30 ម៉ឺនរៀល។តើជាការបង់ពន្ធឬទេនៅពេលដែលការកំណត់តម្លៃរហូតដល់ 3 លានរៀលហើយចុះមកនៅមួយលានរៀល។ការតវ៉ាហាក់មិនមានលទ្ធផលវិជ្ជមានដុំកំភួននៅឡើយទេ។

ប្រជានេសាទនិយាយថាពួកគាត់បានចំណាយប្រាក់អោយមន្ត្រីជលផលនៃអធិការរដ្ឋានជលផលសមុទ្រក្នុងទូកមួយគ្រឿងយ៉ាងហោចណាស់ 2 លានរៀលជាថ្នូរនឹងការនេសាទបានដោយសុខស្រួល។គេនិយាយថាលុយដែរពួកមន្ត្រីជលផលបង្គាប់ឲ្យប្រជានេសាទបង់នោះគឺជាអំពើពុករលួយសុទ្ធសាធ។

លោក ពុំ ស៊ីថា អធិការដ្ឋានជលផលដែនសមុទ្រត្រូវគេហៅថាជាមេដ៏ធំក្នុងការកសាងអំពើពុករលួយហើយលោកអាចឈរជើងយ៉ាងរឹងមាំនៅតំបន់មាត់សមុទ្ររាប់ឆ្នាំមកហើយនោះដោយសារតែការត្រូវរ៉ូវពីថ្នាក់លើនោះផងដែរ។លោកពុំស៊ីថាមិនអាចសុំការបំភ្លឺបានទេនៅក្នុងករណីនេះ។

ប្រជានេសាទសង្ឃឹមថាលោកអគ្គនាយករដ្ឋបាលជលផលជាពិសេសលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទពិនិត្យមើលភាពមិនប្រក្រតីនៃការដឹកនាំពោរពេញដោយអំពើពុករលួយរបស់លោកពុំស៊ីថាដែលកំពុងកៀបសង្កត់បឺតឈាមប្រជានេសាទនៅតំបន់សមុទ្រនោះផង។បើលោករដ្ឋមន្ត្រីនៅស្ងៀមស្ងាត់គេសង្ស័យថាថ្នាក់លើត្រូវរ៉ូវជាមួយថ្នាក់ក្រោមគាបសង្កត់អ្នកនេសាទដើម្បីផលប្រយោជន៍ណាមួយនោះហើយ៕

 

Loading...