អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ឡុង ម៉េង ម៉ៅការដឹកជញ្ជូនទំនិញពីផែថៅកែស្រី នៅស្រុកស្ទឹងហាវ

ភ្នំពេញ៖ លោក ឡុង ម៉េង ដែលជាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃផងនោះ ត្រូវបានគេដឹងថាជាឈ្មួញម៉ៅការដឹកជញ្ជូនទំនិញគេចពន្ធ ឬ បង់ពន្ធមិនគ្រប់ពីកំពង់ផែថៅកែស្រីនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចូលមករាជធានីភ្នំពេញយ៉ាងពេញបន្ទុកតែម្តង។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា ទំនិញដែលនាំចូលតាមកំពង់ផែថៅកែស្រីនៅស្រុកស្ទឹងហាវនោះ គឺជាទំនិញបង់ពន្ធតាមរបៀបម៉ៅការបង់ពន្ធ និយាយឲ្យងាយស្ដាប់ គឺបង់ពន្ធមិនត្រឹមត្រូវតាមច្បាប់កំណត់។ បញ្ហានេះលោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច គួរពិនិត្យទង្វើមិនប្រក្រតីរបស់ លោក ឡុង ម៉េង ដែលជាកូនចៅក្រោមឱវាទខ្លះផង ព្រោះមេឈ្មួញរូបនេះល្បីខាងដឹកជញ្ជូនទំនិញគេចពន្ធយូរមកហើយ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា ឈ្មួញដែលនាំចូលតាមកំពង់ផែម្ចាស់ស្រីមានដូចជា ស្រាបៀរសិង្ហ ស្រាបៀរលីអូ គ្រឿងសំណង់ ព្រមទាំងទំនិញចាប់ហួយ និងគ្រឿងបន្លាស់អេឡិចត្រូនិចជាច្រើនប្រភេទទៀត។ ប្រភពខ្លះបានឲ្យដឹងថា ទំនិញនាំចូលតាមកំពង់ផែថៅកែស្រី ហើយម៉ៅការដឹកជញ្ជូនដោយក្រុមហ៊ុនរបស់មេឈ្មួញ ឡុង ម៉េង បង់ពន្ធប្រមាណ៣០ភាគរយប៉ុណ្ណោះ ព្រោះឈ្មួញបង់ពន្ធតាមរបៀបម៉ៅការ។ នៅពេលលើកទំនិញចេញពីកប៉ាល់ឬទូកធំៗ ក្រុមហ៊ុនរបស់មេឈ្មួញ ឡុង ម៉េង ជាអ្នកដឹកជញ្ជូនតាមរថយន្តតូចធំពីកំពង់ផែចូលមករាជធានីភ្នំពេញយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។

ប្រភពពីឈ្មួញដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយឧត្តមសេនីយ៍ ឡុង ម៉េង បានឲ្យដឹងថា លោក ឡុង ម៉េង មានកប៉ាល់ធំៗជាច្រើនគ្រឿងសម្រាប់ដឹកទំនិញពីប្រទេសសៀមតាមសមុទ្រចូលមកកំពង់ផែថៅកែស្រីនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងកំពង់ផែស្រែអំបិល ខេត្តកោះកុង។ ចំណែកមន្ត្រីនគរបាលក្រសួងមហាផ្ទៃមួយចំនួនបានរិះគន់ថា លោក ឡុង ម៉េង មានតួនាទីជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប៉ុន្តែបែរជាប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចដោយខ្លួនឯងយ៉ាងគឃ្លើនបំផុត។ បញ្ហានេះលោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ គួរពិនិត្យឡើងវិញផងដែរ ព្រោះទង្វើរបស់លោក ឡុង ម៉េង បានធ្វើឲ្យខាតបង់ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនគរបាលជាតិផងដែរ៕

12767206_609685045849869_1910245017_n

Loading...

Leave a Reply

Your email address will not be published. Required fields are marked *