អនុប្រធានាធិបតីអាមេរិក Mike Pence បង្ហាញជាសាធារណៈពីការចាក់វ៉ាក់សាំងការពារកូវីដ-១៩របស់លោក

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence និងភរិយាបានទទួលវ៉ាក់សាំង COVID-19 ដែលមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសុក្រទី១៨ ធ្នូនៅក្នុងការបង្ហាញជាសាធារណៈមួយដែលត្រូវបានរចនាឡើងដើម្បីធានាដល់ជនជាតិអាមេរិកថា វ៉ាក់សាំងនេះមានសុវត្ថិភាព។

បន្ទាប់ពីការចាក់ថ្នាំនៅសេតវិមានលោក Pence បាននិយាយថា “ការកសាងទំនុកចិត្តលើវ៉ាក់សាំងគឺជាអ្វីដែលនាំយើងមកទីនេះនៅព្រឹកនេះ ខ្ញុំមិនមានអារម្មណ៍អ្វីនោះទេ”។

លោកបានបន្ថែមថា “ប្រជាជនអាមេរិកអាចជឿជាក់បានថា យើងមានវ៉ាក់សាំងមួយ ហើយនឹងមានវ៉ាក់សាំងការពារជំងឺរាតត្បាតនេះទី២ទៀត” ។

បន្ទាប់ពីការស្លាប់របស់ប្រជាជនអាមេរិកពីជំងឺឆ្លងវីរុសនេះបានកើនឡើងដល់ជាង៣.០០០នាក់ក្នុងរយៈពេល៣ថ្ងៃជាប់គ្នាលោក Pence បានហៅការចាក់វ៉ាក់សាំងនេះថា ជាសញ្ញានៃក្តីសង្ឃឹមដោយថ្នាំចំនួន២០លានដូសត្រូវបានគេរំពឹងថានឹងចែកចាយនៅទូទាំងប្រទេសនៅមុនដំណាច់ខែធ្នូ និងរាប់រយលានដូសទៀតនឹងចេញនៅពាក់កណ្តាលឆ្នាំ២០២១ ។

គ្រូពេទ្យវះកាត់ទូទៅលោក Jerome Adams ក៏បានទទួលការចាក់វ៉ាក់សាំងនេះដែរនៅក្នុងកម្មវិធីទូរទស្សន៍។ ពួកគេទាំង៣នាក់ត្រូវបានចាក់វ៉ាក់សាំង Pfizer-BioNTech ។ កម្មវិធីនេះផ្តោតលើកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំមួយសប្តាហ៍ដំបូងរបស់ប្រទេសប្រឆាំងនឹងវីរុសដែលបានសម្លាប់ជនជាតិអាមេរិកជាង ៣០ម៉ឺននាក់។

ដើម្បីជួយកាត់បន្ថយការរាតត្បាតជំងឺនេះ FDA បានប្រកាសថា មានការយល់ព្រមជាបន្ទាន់ដល់ វ៉ាក់សាំង Moderna ដែលមានរយៈពេលមួយសប្តាហ៍បន្ទាប់ពីការអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដំបូងពីក្រុមហ៊ុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech។

វ៉ាក់សាំងទាំងពីរនេះត្រូវការដូសពីរដូសដែលផ្តល់ឱ្យដាច់ពីគ្នាពី៣ទៅ៤សប្តាហ៍សម្រាប់មនុស្សម្នាក់ៗដែលទទួលការចាក់ថ្នាំបង្ការ។ អាជ្ញាធរសុខាភិបាលបានព្យាយាមធានាដល់ជនជាតិអាមេរិកថា ការសាកល្បងចាក់ទ្រង់ទ្រាយធំ និងការពិនិត្យផ្នែកវិទ្យាសាស្ត្របានរកឃើញថា វ៉ាក់សាំងទាំងនោះមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ ៕

Loading...