អភិបាលក្រុងភ្នំពេញអះអាងថានឹងមិនរុះរើឬជួសជុលផ្សារដើមគរហូតដល់ឆ្នាំ២០២១

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងជាសាធារណៈថា ផ្សារដើមគ នឹងដំណើរការធម្មតា ដោយគ្មានការជួសជុល ឬរុះរើណាមួយឡើយរហូតដល់ចប់អាណត្តិជួលនៅឆ្នាំ២០២១។
លោក ប៉ា សុជាតិវង្ស បានលើកឡើងដូចនេះ នៅឯចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី១៩ សីហា ក្នុងពិធីបើកការដ្ឋានអ៊ុតកៅស៊ូបេទីមីណឺផ្លូវ២៧១។
ការប្រកាសរបស់ លោក ប៉ា សុជាតិវង្ស ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមអាជីវករផ្សារដើមគ រាប់រយនាក់ បានលើកគ្នាទៅតវ៉ាដល់គេហដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ កាលពីព្រឹកថ្ងៃទី១៧ សីហា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី កុំឲ្យមានការរុះរើផ្សារមុនអាណត្តិនៃកិច្ចសន្យា។
កិច្ចសន្យាជួលតូប និងស្តង់របស់អាជីវករផ្សារដើមគ មានរយៈពេល ១០ឆ្នាំ គិតចាប់ពីខែឧសភា ឆ្នាំ២០១១ រហូតដល់ខែឧសភា ឆ្នាំ២០២១។ តូប និងស្តង់សរុបនៅក្នុងផ្សារមានចំនួន ៨២៥តូប និងស្តង់។ អាជីវករម្នាក់ៗត្រូវបង់ប្រាក់អាណត្តិ ១០ឆ្នាំ ចាប់ពី ៦៥ម៉ឺនរៀលដល់ជាង ៣លានរៀល ទៅតាមទំហំតូប ឬស្តង់នីមួយៗ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *