អភិបាលខណ្ឌទួលគោកផ្សព្វផ្សាយ ចលនាប្រឡងប្រណាំងទីក្រុងស្អាត និងជំរុញឲ្យប្រជាពលរដ្ឋ ដាំកូនដើមផ្ការំដួល លម្អបរិស្ថាន

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោកផ្សព្វផ្សាយ ចលនាប្រឡងប្រណាំងទីក្រុងស្អាត និងជំរុញឲ្យប្រជាពលរដ្ឋ ដាំកូនដើមផ្ការំដួល លម្អបរិស្ថានខណៈផ្ការំនេះតំណាងឲ្យអត្ថសញ្ញាណជាតិដើម្បីជំរុញឲ្យប្រជាពលរដ្ឋចូលរួមបានកាន់តែច្រើន ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតនាឆ្នាំក្រោយៗទៀត លោក ឯក ឃុន ឌឿន អភិបាលខណ្ឌទទួលគោក ដឹកនាំមន្ត្រីរាជការ រួមជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងគោលបំណងផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត់ និងបង្ហាញជូននូវពានរង្វាន់ផ្ការំ ដួល២ទង ដែលខណ្ឌទទួលបានជ័យលាភីនេះពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតកាលពីពេលថ្មីៗកន្លងមក ព្រមទាំងបាន ប្រគល់កូនដើមផ្ការំដួលចំនួន១២០ដើមសម្រាប់ដាំក្នុងវិទ្យាល័យ និងដាំនៅ ទីសាធារណៈព្រមទាំងផ្ទះប្រជាពលរដ្ឋផងដែរ ។

លោកឯក ឃុនឌឿន មានប្រសាសន៍ថា ដើម្បីឲ្យខណ្ឌទួលគោកទាំងមូល អាចឈ្នះជ័យលាភី ផ្ការំដួល៣ទងនាឆ្នាំបន្ទាប់ ដាច់ខាតត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីរាជការក្នុងខណ្ឌទាំងមូល ដូចជា ការរៀបចំភូមិដ្ឋានប្រកបដោយអនាសម័យល្អ និងបរិស្ថានស្អាត រួមទាំងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈផងដែរ ។

លោកអភិបាលខណ្ឌបានគូសបញ្ជាក់ថា កូនដើមផ្ការំដួលនេះ គឺជាប្រភេទផ្កាមានក្លិនក្រអូប ហើយជាដែលតំណាងឲ្យអត្ថសញ្ញាណជាតិផងដែរ ដូច្នេះយើងត្រូវចូលរួមដាំកូនផ្ការំដួល នៅតាម ផ្ទះ នៅទីសាធារណៈ នៅក្នុងបរិវេណសាលារៀន ដើម្បីយើងទទួលបាននូវក្លិនក្រអូបគ្រប់ទីកន្លែងនៃខណ្ឌទួលគោកទាំងមូលតែម្តង។ លោកអភិបាលថា ឆ្នាំនេះខណ្ឌយើងឈ្នះជ័យលាភីផ្ការំដួល២ទង ប៉ុន្តែយើងក៏បានកើននូវពិន្ទុពីចន្លោះ៤៧ពិន្ទទៅ៥៣ពិន្ទុផងដែរ ទាំងនេះគឺជាការចូលរួមមិនអាចខ្វះបាន របស់ប្រជាពលរដ្ឋ និងមន្ត្រីរាជកាគ្រប់គ្នាទាំងអស់ទើបយើងទទួលបានលទ្ធផលដ៏ល្អនេះ ។

តមក នៅព្រឹកថ្ងៃដដែលនោះដែរ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និង លោក នាយករដ្ឋបាលសាលាខណ្ឌទួលគោក បានអញ្ជើញ ប្រគល់គ្រែពេទ្យចំនួន១ដល់យុវជនស្ម័គ្រចិត្ត កាកបាតក្រហមកម្ពុជា នៅវិទ្យាល័យ ជា ស៊ីម សន្ធរមុក តបតាមការស្នើសុំ របស់អ្នកគ្រូទទួលបន្ទុកយុវជនកាកបាតក្រហមកម្ពុជា ដើម្បីទុក ជួយសង្គ្រោះបឋម ដល់សិស្សានុសិស្សណាដែលមានបញ្ហាសុខភាពខណៈដែលរដូវនេះគឺជារដូវក្តៅសិស្សងាយនិងដួលសន្លប់ ។

ក្នុងឱកាសនោះ លោក អភិបាលខណ្ឌក៏បានណែនាំនិងជំរុញឲ្យសិស្សានុសិស្ស រៀនថ្នាក់ទី១២ទាំងអស់ត្រូវខិតខំរៀនសូត្របន្ថែមទៀត ដើម្បីប្រជែងយកនិទេសអេ(A)ឲ្យបានច្រើនជាឆ្នាំមុនផងដែរ ៕

 

 

 

Loading...