អភិបាលខេត្តកណ្តាលដឹកនាំកិច្ចប្រជុំបន្ទាន់ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១២នាក់ នៅឃុំឈ្វាំង ស្រុកពញាឮ

ខេត្តកណ្តាល ៖ បន្ទាប់ពីទទួលបានព័ត៌មានថា បានរកឃើញ អ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ១២នាក់ នៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល នៅយប់ថ្ងៃទី១ ខែមេសា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយកងកម្លាំងទាំងបី អាជ្ញាធរស្រុកពញាឮ ដើម្បីដាក់ផែនការ ស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកទាំង ១២នាក់ ដែលរកឃើញថាមានវិជ្ជមានមេរោគកូវីដ-១៩។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងមឹងម៉ាត់ ដល់អាជ្ញាធរស្រុកពញាឮ និងកងកម្លាំងទាំង៣ ត្រូវខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយអ្នកទាំង ១២នាក់ ដែលរកឃើញថាមានវិជ្ជមានមេរោគកូវីដ-១៩ ដើម្បីអញ្ជើញពួកគាត់ មកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័កស្រុកដែលបានត្រៀមទុក។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការពាក់ព័ន្ធជាមួយអ្នកទាំង ១២នាក់ សូមអញ្ជើញទៅពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ៣កុំ ៣ការពារ។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងថា អ្នទាំង ១២នាក់ ដែលបានរកឃើញមេរោគកូវីដ-១៩ ក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ គឺបានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ហ៊ុយ សុវណ្ណ រួមមាន ៖ ១. ប៊ុន កក្កដា, ២. ហ៊ុយ ចាន់, ៣. ហួន ជូ, ៤. សុខ ហួន, ៥. ឆាំ ថា, ៦. ឆាំ ផាន់ណា, ៧. ហួត ជ័យឧត្តម, ៨. ហំ វីរៈ, ៩. ហ៊ុយ អូន, ១០. ឆាំ ស្រីលក្ខណ៍, ១១. ហុង ហេងហឿន និង១២. ឃិន សុផល ហើយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយជាមួយអ្នកទាំង១២នាក់ មានចំនួន៦៨នាក់ និងប្រយោល ប្រមាណជាង២០០នាក់៕

Loading...