អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចក្រុង-ស្រុកទាំងអស់ ត្រូវតាមអង្កេតឲ្យបាន ហ្មត់ហ្មង ក្រែងមានវត្តណាមួយក្នុងខេត្ត ខ្វះចង្ហាន់សម្រាប់ព្រះសង្ឃ នៅក្នុងរដូវកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ !

ខេត្តកំពង់ធំ៖ ប្រសាសន៍ក្រើនរំលឹក របស់អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានធ្វើឡើងនៅក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងគ្រាដែលលោកបានអញ្ជើញជាគណៈអធិបតី នៃ កិច្ចប្រជុំ ណែនាំការរៀបចំការកាន់បិណ្ឌ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បុណ្យកឋិនទាន និងពិធីបុណ្យ ផ្សេងៗទៀត កាលពីថ្ងៃទី៧កញ្ញាឆ្នាំ២០២០ នៅសាលាខេត្តកំពង់ធំ។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃម្សិលមិញនោះ ក៏មានការចូលរួមពី អភិបាលរងខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងរដ្ឋបាលក្រុង-ស្រុកទាំង៩ នៃខេត្តកំពង់ធំ ផងនោះដែរ។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ លោក សុខ លូ បានផ្តល់ឧិកាសឲ្យមន្ត្រីខេត្ត ក្រុង ស្រុក ស្ថាប័ន មន្ទីរ និងអង្គភាពកងកម្លាំង នៅក្នុងមូលដ្ឋានក្រុង-ស្រុកនីមួយៗ បានបង្ហាញពីសកម្មភាព ការងាររបស់ខ្លួន ដែលបានអនុវត្តនៅរយះពេលកន្លងមកនេះ។

អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានមានប្រសាសន៍ ជម្រុញដល់អាជ្ញាធរមានសមត្ថកិច្ច ដែលគ្រប់ដែនដីក្រុង-ស្រុកនីមួយៗ នៅក្នុងរដូវកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ត្រូវរឹតបន្តឹង លើការអនុវត្តវិធានការសុខាភិបាល ឲ្យបានហ្មត់ចត់ ដោយត្រូវបន្តចុះផ្សព្វផ្សាយ ណែនាំទៅដល់ប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេស នៅតាមទីវត្តអារាម ដែលពួកគាត់បានអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងទេយ្យវត្ថុនានា ពីគ្រប់ទិសទីមកវេរប្រគេនជូនព្រះសង្ឃ ដែលកំពុងគង់ចាំត្រីមាសក្នុងពុទ្ធសីមា ឲ្យបាន យល់ដឹងបន្ថែមទៀត ពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ។

លោកអភិបាលខេត្ត បានដាក់បទបញ្ជាដល់មន្ត្រីក្រោមឧិវាទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ចុះពិនិត្យ និងតាមដានគ្រប់វត្តអារាម ជាពិសេស វត្តដែលស្ថិតនៅតំបន់ដាច់ស្រយាល ក្រែងមានការខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃ ហើយប្រសិនបើមានការខ្វះខាតមែន ត្រូវចេះជួយចាត់ចែងឲ្យ បានល្អសម្រាប់ប្រគេនព្រះសង្ឃ។ ក្រៅពីនោះ មន្ត្រីនគរបាលយុត្តិធម៌នៅក្នុងមូលដ្ឋាន ក៏ត្រូវយកចិត្ត ទុកដាក់រួមគ្នា អនុវត្តវិធានការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលតែងកើតមាននៅក្នុងដែនសមត្ថ កិច្ចរបស់ខ្លួនគ្រប់គ្រង កុំឲ្យកើតមានជាបន្តទៀត ឬបទល្មើសនោះថយមកនៅកម្រិតទាបបំផុត ៕

Loading...