អភិបាលខេត្តកំពត ចុះដោះស្រាយសំណូមពរ ប្រជាពលរដ្ឋ រឿង ផ្លូវ ស្ពាន នៅស្រុកទឹកឈូ

(ភ្នំពេញ)៖ អភិបាលនៃគណៈអភិបាលខេត្ត កំពត លោក ជាវ តាយ បានដឹកនាំ មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ចុះជួបប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដោះស្រាយឆ្លើយតប បន្ទាន់នូវសំ ណូមពរ ប្រជាពលរដ្ឋ ពាក់ព័ន្ធស្ពាន និងផ្លូវស្ថិតក្នុង ឃុំត្រពាំងសង្កែ និងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី៩ខែសីហាឆ្នាំ២០២០ កន្លងទៅ ។

ជាលទ្ធផល លោក អភិបាលខេត្តកំពត ដោះស្រាយជូនប្រជាពលរដ្ឋរួមមាន៖ ទី១-ស្ពានកំពុងសាងសង់នៅចំណុចមុខសាលាឃុំត្រពាំងព្រីង បានដាក់លូសម្រាប់កាប្រើប្រាស់ជាបណ្តោះអាសន្នក្នុងការធ្វើដំណើរយ៉ាងមមាញឹករបស់បងប្អូនប្រជាពលរដ្ឋក្នុងរដូវភ្លៀងដែលទឹកកំពុងហូរខ្លាំងឆ្លងកាត់ផ្លូវនេះ ។ ស្ពាននេះស្ថិតនៅលើផ្លូវលេខ ១៣៩ តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅផ្លូវជាតិលេខ៣៣ មានប្រវែង១១គីឡូម៉ែត្រ កំពុងអនុវត្តសាងសង់ដោយក្រុមវិស្វកម្មនៃកងខេមរភូមិន្ទ។

ទី២- ដោះស្រាយបញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំផ្លូវមួយខ្សែក្នុងភូមិអង្គ ឃុំត្រពាំងព្រីងមានប្រវែង ១០០០ ម៉ែត្រ ដោយប្រើប្រាស់ថវិកាមូលនិធិប្រចាំឆ្នាំរបស់ឃុំ។

ទី៣-បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋប្រមាណចំនួន២០គ្រួសារ ស្នើសុំពង្រីកផ្លូវ ឲ្យមានទំហំទទឹង ២ម៉ែត្រ ប្រវែងជិត៣០០ម៉ែត្រចូលផ្ទះរបស់ពួកគាត់ ដែលបច្ចុប្បន្នផ្លូវនេះមានភាពតូចចង្អៀត ។ ពាក់ព័ន្ធនឹងការប៉ះពាល់ផ្ទះប្រជាពលរដ្ឋសងខាងផ្លូវចំនួន ៣គ្រួសារ ដែលមានការដោះស្រាយមិនទាន់ចេញលទ្ធផលអស់រយៈពេលច្រើនឆ្នាំកន្លងមក។

លោក អភិបាលខេត្ត បានស្នើឲ្យប្រជាពលរដ្ឋមានការយោគយល់សម្របសម្រួលគ្នា ហើយឯកឧត្តមអភិបាលខេត្ត បានសម្រេចពង្រីកនិងធ្វើផ្លូវនេះដោយចាក់ជាផ្លូវបេតុងជូនប្រជាពលរដ្ឋបានប្រើប្រាស់ជាសាធារណៈ។

ទី៤-បានដោះស្រាយសំណើរបស់ប្រជាពលរដ្ឋ សំណូមពរជួយពង្រីកនិងចាក់គ្រួសក្រហម ផ្លូវចូលផ្ទះដើម្បីអាចឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយម៉ូតូ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តបានផ្ដល់ថវិកាផ្ទាល់ខ្លួនចំនួន ៤០ម៉ឺនរៀល សំរាប់ទិញគ្រួសក្រហមចាក់លើផ្លូវនេះ។

ក្នុងឱកាសនោះ លោក ជា តាយ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន តែងតែរួមសុខរួមទុក្ខ​ និងរួមការដោះស្រាយបញ្ហាសំណូមពរក្តីកង្វល់ ការលំបាកជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងប្រទេស។

លោកក៏បានណែនាំផ្ដាំផ្ញើនិងជំរុញដល់អាជ្ញាធរនិងជំនាញ លើការដោះស្រាយពាក់ព័ន្ធ ស្ពាននិងលូ តាមផ្លូវលេខ១៣៩ ខណៈផ្លូវនេះបាននិងកំពុងដំណើរការសាងសង់ដែល អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ ក្រោមគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងរមែងជួបបញ្ហាការឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងរដូវភ្លៀង៕

Loading...