អភិបាលខេត្តត្បូងឃ្មុំជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សពូកែប្រចាំខេត្ត

ខេត្តត្បូងឃ្មុំ៖ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ នៅរសៀលថ្ងៃទី21 ខែមេសា ឆ្នាំ2017 បានជួបសំណេះសំណាលជាមួយសិស្សពូកែចំនូន21នាក់របស់ខេត្តត្បូងឃ្មុំ ដែលនឹងត្រូវចេញទៅប្រឡងសិស្សពូកែទូទាំងប្រទេស រួមទាំងលោកគ្រូ អ្នកគ្រូ ជាអ្នកបង្ហាត់បង្រៀនផង ដើម្បីជាការលើកទឹកចិត្ត និងផ្តល់ជាអនុស្សសាសន៍បន្ថែម។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ប្រាជ្ញ ច័ន្ទ បានលើកឡើងថា ប្រទេសជាតិមួយមានភាពរីកចម្រើនលើគ្រប់វិស័យទៅបានគឺអាស្រ័យលើធនធានមនុស្ស ហើយយុវជនគឺជាអ្នកបន្តការងារនេះ។

ដូច្នេះសូមយុវជនទាំងអស់មិនតែថាតែនៅទីនេះគឺត្រូវខិតខំសិក្សារៀនសូត្រអោយបានគ្រប់គ្នា ដោយកុំយកពេលវេលាទៅដើរលេង ប្រព្រឹត្តិអំពើខុសច្បាប់ ពិសេសត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ។

លោកបន្តថា យុវជនសម័យនេះគឺមានឱកាសសព្វគ្រប់បែបយ៉ាង ដែលការមានឱកាសនេះគឺដោយសារប្រទេសជាតិមានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ហើយអ្វីដែលកាន់តែពិសេសទៀតនោះវិស័យអប់រំត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល ទាំងនៅក្នុងប្រទេស និងការផ្តល់ឱកាសទៅសិក្សានៅក្រៅប្រទេស។

ជាមួយគ្នានោះ លោក ក៏បានជួនពរដល់សិស្សពូកែទាំង21នាក់សូមអោយទទួលបានជោគជ័យក្នុងឱកាសប្រឡងសិស្សពូកែថ្នាក់ជាតិដើម្បីនាំមកនូវកិត្តិយសជូនខេត្ត សាលា និងក្រុមគ្រួសារ។

បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំបានអោយដឹងថា មន្ទីបានកំណត់យកសិស្សពូកែទូទាំងខេត្ត169នាក់ សម្រាប់ចូលរួមប្រឡងថ្នាក់ខេត្ត ក្នុងនោះមន្ទី ជ្រើសរើសបានសិស្សជ័យលាភីចំនួន 21នាក់ ពោលគឺថ្នាក់ទី9 ចំនួន12នាក់ និងថ្នាក់ទី12 ចំនួន9នាក់។ សិស្សទាំង21នាក់នេះ និងត្រូវទៅចូលរួមប្រឡងប្រជែងសិស្សពូកែទូទាំងប្រទេសនៅថ្ងៃទី 24 ខែមេសា ឆ្នាំ2017 នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង ៕

Loading...