អភិបាលខេត្តព្រះវិហារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាច្រើនគ្រួសារ

ខេត្តព្រះវិហារ៖ ភ្លៀងបានធ្លាក់ចុះមកជាប់ៗគ្នាជាច្រើនថ្ងៃកន្លងមកនេះ បានបណ្តាលឲ្យកំណាត់ផ្លូវជាតិលេខ៩ និងលំនៅដ្ឋានប្រជាពលរដ្ឋរាប់សិបខ្នង បានរងការហូរកាត់ និងជោរជន់ពីការធ្លាក់ភ្លៀងនោះ ប៉ុន្តែ មិនមានរបាយការណាមួយ បានបង្ហាញថា ជំនន់ទឹកភ្លៀងនេះបានធ្វើឲ្យផ្លូវជាតិ លំនៅដ្ឋាន និងប្រជាពលរដ្ឋរងការខូចខាត ឬក៏រងការគ្រោះថ្នាក់នោះ ក៏ទេដែរ។

ដើម្បីដឹងពីភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ និងនៅក្រោយការធ្លាក់ភ្លៀងយ៉ាងសន្ធាប់ កាលពីយប់មិញ គឺយប់ថ្ងៃ២៤កក្កដា២០១៧នោះ អភិបាលខេត្តព្រះវិហារ លោកអ៊ុន ចាន់ដា នៅព្រឹកថ្ងៃ២៥កក្កដានេះ បានប្រញាប់ដឹកនាំក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ចុះពិនិត្យពីស្ថានភាពការជោរជន់ដោយទឹកភ្លៀងនោះ ហើយឆ្ពោះទៅកាន់លំនៅដ្ឋាន ដើម្បីជួប និងសួរសុខទុក្ខពលរដ្ឋនោះថែមទៀត។

មន្ត្រីខេត្តព្រះវិហារបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃ២៤ កក្កដា ម្សិលមិញ ភ្លៀងបានធ្លាក់ចុះមកយ៉ាងជោគជាំ ស្របពេលដែលនៅច្រើនថ្ងៃកន្លងមកនេះ ភ្លៀងក៏បានធ្លាក់ចុះមកជាប់ៗគ្នាដែរនោះ បានធ្វើឲ្យទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៩ជាច្រើនគីឡូម៉ែត្រ និងលំនៅដ្ឋានប្រជាពលរដ្ឋ នៅភូមិពោធិ៍ទាប ឃុំម្លួព្រៃ១ ស្រុកឆែប បានរងការជន់លិច តែមិនបង្កឲ្យមានខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរនោះទេ ហើយក៏មិនមានពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ពីការជន់លិចទឹកភ្លៀងនោះដែរ។

មន្ត្រីខេត្តដដែលបានបន្តទៀតថា ខណៈនេះរដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការគ្រប់ គ្រងគ្រោះមហន្តរាយខេត្ត កំពុងរៀបចំយន្តការ ដើម្បីត្រៀមក្នុងការជម្លៀសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនោះ ទៅកាន់ទីទួលសុវត្ថិភាពនោះហើយ ប្រសិនបើមានពលរដ្ឋណារងផលប៉ះពាល់ធ្ងន់ធ្ងរ។ រដ្ឋបាលខេត្តនឹងចេញសេចក្តីណែនាំដល់ពលរដ្ឋ ដែលមានលំនៅដ្ឋានប្របនឹងដងស្ទឹងសែន និងប្រជាពលរដ្ឋនៅគ្រប់ក្រុង-ស្រុកទាំងអស់ក្នុងខេត្តព្រះវិហារ ឲ្យធ្វើការប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀងនេះ។ លោកថា រហូតមកទល់នឹងពេលនេះ ទឹកបានស្រកចុះជាបណ្តើរៗ ស្ទើរវិលមករកសភាពដើមវិញនោះហើយដែរ។

សូមជម្រាបថា នៅពេលថ្មីៗកន្លងមកនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេសក្តីជូនដំណឹងពី ស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ដោយសារឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា ដែលធ្វើឲ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំង ហើយស្ថានភាពទឹកជំនន់នឹងហក់ឡើងខ្ពស់ ចាប់ពីថ្ងៃ២៥ រហូតដល់ថ្ងៃ២៧កក្កដា២០១៧ខាងមុខនេះ។ ដូច្នេះ ចាប់ពីថ្ងៃ២៥ដល់ថ្ងៃ២៧កក្កដា សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ចំណែក ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើ ទន្លេសេសាន សេកុង ស្រែពក ព្រមទាំងផ្លូវទឹកនានាក្នុងតំបន់ខ្ពង់រាប សូមបង្កើនការយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកជំនន់ ដែលនឹងហក់ឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ៕

Loading...