អភិបាលខេត្តព្រះវិហារជម្រុញមន្ទីរសាធារណការនិងដឹកជញ្ជូនឲ្យខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរជាងនេះថែមទៀត

ខេត្តព្រះវិហារ៖ ការជម្រុញរបស់លោកអភិបាលខេត្ត អ៊ុន ចាន់ដា ខាងលើនោះ គឺបានធ្វើឡើងកាលពីថ្ងៃទី២៥ធ្នូម្សិលមិញ ក្នុងពិធីសូត្រមន្តអភិសេកឆ្លងសមិទ្ធិផលនានា ពិសេស ឆ្លងបុស្បុករូបសំណាកព្រះនារាយណ៍ នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោមកិច្ចស្វាគមន៍ ពីលោក សំ លាងទ្រី មន្ត្រីក្រោមឧិវាទ និងមន្ទីរពាក់ព័ន្ធ១០០នាក់ ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សំ លាងទ្រី បានរាយការណ៍ថា មានសមិទ្ធិផលជាច្រើន ជាពិសេស សមិទ្ធិផលរូបសំណាក់ព្រះនារាយណ៍ ដែលត្រូវសូត្រមន្តឆ្លង និងរៀបចំអភិសេកនៅពេលនេះ ទុកជាទីសក្ការៈបូជា របស់មន្ត្រីមន្ទីរ ក៏ដូចជាមនុស្សជាតិទូទៅផងដែរ។ លោកថា រូបសំណាកព្រះនារាយណ៍នេះ បានចាប់ផ្តើមសាងសង់ឡើង មានរយះពេលជិត៦ខែ គឺចាប់ពីថ្ងៃទី១៦មករា រហូតដល់ចុងខែមិថុនាឆ្នាំ២០១៧ ទើបត្រូវបានបញ្ចប់នូវការសាងសង់ ។

លោក សំ លាងទ្រី បានរាយការណ៍ទៀតថា បុស្បុករូបសំណាក « ព្រះនារាយណ៍ » នេះ បានកសាងឡើងពីថ្មភក់ ក្នុងទំហំ៥,៦ម៉ែត្រ គុណ ៥,៦ម៉ែត្រ មានកំពស់១,៦៨ម៉ែត្រ ហើយត្រូវបានលើកកម្កល់ក្នុងបុស្បុក ដែលមានកំពស់១១ម៉ែត្រ ដោយបានចំណាយអស់ថវិកាចំនួន៥៨លានរៀល ហើយថវិកាទាំងនេះ បានមកពីការចូលរួមបរិច្ចាគ ពីថ្នាក់ដឹកនាំខេត្ត និងសប្បុរសជននានា នៅក្នុងខេត្តព្រះវិហារទាំងមូល ។ លោកថា ការកសាងរូបសំណាកព្រះនារាយណ៍នេះឡើង នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនៅគ្រានេះ គឺធ្វើឡើងដើម្បីតំណាងឲ្យសកម្មភាពជាង នៅក្នុងការកសាងសមិទ្ធិផល និងហេដ្ឋារចនាសម្ព័ន្ធនានា ហើយស្របទៅនឹងសកម្មភាពការងារ របស់ក្រសួងសាធារណការ ដែលកំពុងតែអនុវត្តន៍សព្វថ្ងៃនេះទៀតផង។ ម្យ៉ាងទៀត ទុកជាតំណាងឲ្យភាពសក្ក័សិទ្ធិ និងទុកជាទីសក្ការៈបូជា សំរាប់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុង ខេត្តព្រះវិហារផងដែរ ។

អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់លោកប្រធានមន្ទីរសាធារណការខេត្ត ក៏ដូចជាមន្ត្រីក្រោមឧិវាទនោះផងដែរ ដែលបានខិតខំយកអស់កម្លាំងកាយ និងចិត្ត ក្នុងការបំពេញកិច្ចការងារនានាជាច្រើនជូន រាជរដ្ឋាភិបាល គោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ និងការបំរើសេវាស្ថាបនា ជួសជុល ថែទាំផ្លូវ និងស្ពាន ដើម្បីបំរើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានយ៉ាងល្អប្រសើរ មិនតែប៉ុណ្ណោះ ថែមទាំងបានចូលរួមក្នុងវិស័យមនុស្សធម៌ សង្គមធម៌នានាជាច្រើនស្ទើររាប់មិនអស់នោះថែមទៀត ។

ទន្ទឹមនោះ លោកអភិបាលខេត្ត ក៏បានធ្វើការជំរុញបន្ថែមទៀត ដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ត្រីក្រោមឧិវាទទាំងអស់ ត្រូវខិតខំរួមសហការ សាមគ្គីគ្នា ឲ្យបានល្អជាងនេះថែមទៀត ក្នុងការអនុវត្តតួនាទី និងភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ប្រកបដោយមោទនភាព សំរាប់ខេត្ត ជាពិសេស សំរាប់ប្រជាពលរដ្ឋនៅក្នុង ខេត្តព្រះវិហារទាំងមូល ៕

Loading...