អភិបាលខេត្តព្រះវិហារបញ្ជាសមត្ថកិច្ចចម្រុះចុះទប់ស្កាត់ពលករឆ្លងដែនរឹបអូសឈើក្រញូងបានជាង១០០ដុំដកហូតម៉ូតូ១៤គ្រឿងមានតម្លៃជាច្រើនម៉ឺនដុល្លារ

ខេត្តព្រះវិហារ៖ ពលករខ្មែរនៅតែលបលួចឆ្លងដែន ចូលទៅកាប់ និងដឹកជញ្ជូនឈើក្រញូង នៅក្នុងទឹកដីថៃ នាំចូលមកកម្ពុជា ដោយខុសច្បាប់ ស្ទើរជារៀងរាល់ថ្ងៃ ក្រោយពីសង្កេតឃើញថា បទល្មើសឆ្លងដែននៅតែបន្តកើតមាននោះ អភិបាលខេត្តព្រះវិហារ លោកអ៊ុន ចាន់ដា បានបញ្ជាទៅអភិបាលស្រុកជាំក្សាន្ត លោកជា គឹមសេង ដឹកនាំសមត្ថកិច្ចចម្រុះ ចុះទៅបង្ក្រាបបទល្មើសឆ្លងដែននោះ ដោយធ្វើឡើងក្នុងរយះពេល២ថ្ងៃបន្តបន្ទាប់គ្នា គឺចាប់ពីរសៀលថ្ងៃទី៩ធ្នូ រហូតមកដល់ល្ងាចថ្ងៃទី១០ធ្នូម្សិលមិញ អនុវត្តទៅលើពីរគោលដៅ នៅច្រកដំណាក់ទឹក នៃចំណុចដំណាក់កណ្តាល និងដំណាក់ផ្តៀក ស្ថិតនៅក្នុងភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ។

អភិបាលស្រុកជាំក្សាន្ត លោក ជា គឹមសេង បានប្រាប់ឲ្យដឹងនៅថ្ងៃ១១ធ្នូនេះ ថា ក្រោយទទួលបានព័ត៌មានថា មានពលករខ្មែរមិនតិចជាង១០០នាក់នោះទេ ដែលបាន និងកំពុងធ្វើសកម្មភាពស្ពាយឈើក្រញូង ចេញពីក្នុងទឹកដីថៃ ចូលមកខេត្តព្រះវិហារ ប្រទេសកម្ពុជា ដោយពួកគេបាន និងកំពុងចុះតាមច្រកដំណាក់ទឹក ស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រ ភូមិឈើទាលគងនោះ លោកបានសុំបទបញ្ជាពី អភិបាលខេត្ត លោក អ៊ុន ចាន់ដា ដើម្បីពិនិត្យពីសកម្មភាពនេះ ។

លោក ជា គឹមសេង បានបន្តទៀតថា បន្ទាប់ពីទទួលបានបទបញ្ជានោះភ្លាម លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះស្រុកជាំក្សាន្ត ដើម្បីចូលទៅក្នុងព្រៃ ហើយបានប្រដេញស្ទាក់ចាប់យកបទល្មើសឈើឆ្លងដែននោះ ប៉ុន្តែ សមត្ថកិច្ចមិនបានឃាត់ខ្លួនក្រុមពលករទាំងនោះទេ ដោយសារពួកគេបានទម្លាក់ឈើក្រញូង និងទុកម៉ូតូចោលក្នុងព្រៃ រួចរត់គេចខ្លួនចូលក្នុងព្រៃបាត់អស់ ។ លោកថា សមត្ថកិច្ចនៅគ្រានោះ មិនបានធ្វើការប្រដេញស្ទាក់ចាប់ពលករទាំងនោះទេ ដោយសារថ្ងៃជិតលិចទៅហើយ ខ្លាចក្រែងរកភូមិសាស្ត្រចេញមកវិញមិនឃើញ។

លោកអភិបាលស្រុកបានបន្តទៀតថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសឆ្លងដែន ក្នុងរយះពេល២ថ្ងៃកន្លងមកនេះ លោកបានបែងចែកកម្លាំងចេញជាពីរក្រុម ១ក្រុមចុះទៅធ្វើរដ្ឋបាលនៅភូមិឈើទាលគង និង១ក្រុមទៀត បានចុះទៅបោសសំអាត និងទប់ស្កាត់ពលករនាំឈើក្រញូងឆ្លងដែន នៅចំណុចដំណាក់កណ្តាល និងដំណាក់ផ្តៀក ហើយបានរកឃើញ ឈើក្រញូង ចំនួន១០៣ដុំ មានទម្ងន់ស្មើនឹង៧២៥គីឡូក្រាម និងម៉ូតូដែលជាមធ្យោបាយបំរើឲ្យការដឹកជញ្ជូនបទល្មើសឈើក្រញូងនោះ ចំនួន១៤គ្រឿងទៀតផងដែរ ។

លោកបានបញ្ជាក់ថា ក្រោយប្រមូលបានវត្ថុតាងបទល្មើសទាំងនោះហើយ ទាំងឈើក្រញូងជិត៨០០គីឡូក្រាម រួមជាមួយម៉ូតូ១៤គ្រឿង ត្រូវបាននាំយកមករក្សាទុក នៅស្នាក់ការកងរាជអាវុធហត្ថជាំក្សាន ឯឈើក្រញូងបានធ្វើការផ្ទេរប្រគល់ ទៅឲ្យផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ចាត់ការតាមច្បាប់ ។ លោកបញ្ជាក់ទៀតថា ចំពោះការចុះធ្វើរដ្ឋបាល នៅក្នុងភូមិឈើទាលគងនោះ សមត្ថកិច្ចបានរកឃើញ ប្រជាពលរដ្ឋចំណូលស្រុក១៦នាក់ ស្រី៧នាក់ ហើយនៅក្នុងចំណោមពលរដ្ឋ១៦នាក់នោះ សមត្ថកិច្ចបានឃាត់ខ្លួន២នាក់ ពាក់ព័ន្ធនឹងការរក្សាទុកសារធាតុញៀន១កញ្ចប់តូច ។ លោកថា ជនសង្ស័យទាំងពីរ ដែលរក្សាទុកនូវសារធាតុញៀន ក្រាមពណ៌សថ្លា១កញ្ចប់តូចនោះ កំពុងស្ថិតក្រោមការសាកសួរ ពីមន្ត្រីជំនាញអាវុធហត្ថស្រុកជាំក្សាន្តនៅឡើយ ។

លោក ជា គឹមសេង បានអំពាវនាវដល់ពលរដ្ឋទាំងក្នុងខេត្ត និងមកពីក្រៅខេត្ត ឲ្យបញ្ឈប់ធ្វើចំណាកស្រុក ចូលទៅកាប់ឈើក្រញូងនៅក្នុងទឹកដីថៃដោយខុសច្បាប់ទៀត ជៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ពីការលបលួចចូលទៅកាប់ឈើក្រញូងនោះ ៕

Loading...