អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តខិតខំការពារសុខសន្តិភាព និងទប់ស្កាត់ការប៉ុនប៉ងចង់ផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ឲ្យខាងតែបានដាច់ខាត !

ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹករបស់ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ពង្រឹងសមត្ថភាពការងារយោធាឆ្នាំ២០២០ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃទី១១ មករា ឆ្នាំ២០២១ នៅទីបញ្ជាការវរៈសេនាតូចលេខ១ ស្ថិតនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ពិធីនោះផងទៀត ក៏មានការអញ្ជើញជាអធិបតីពី មេបញ្ជាការរងយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ លៀង ឡេង និងមានការចូលរួមពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការរង នាយសេនាធិការតំបន់ប្រតិបត្តិការសឹក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងយោធិនដែលជាសិក្ខាកាម ផងនោះដែរ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា វគ្គហ្វឹកហ្វឺននេះ មានរយៈពេល ៩១ថ្ងៃ ចាប់ពីថ្ងៃទី១០ តុលា ឆ្នាំ២០២០ ដល់ថ្ងៃទី៨ មករា ឆ្នាំ២០២១ ហើយនៅក្នុងវគ្គនេះទៀត សិក្ខាកាមបានសិក្សាលើ មេរៀនយោធា យោធារួម ខ្លឹមសាររបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហាត់ក្បាច់គុណ និងអប់រំចិត្តសាស្ត្រយោធា។ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានបន្តថា នៅចុងបញ្ចប់វគ្គ អង្គភាពបានរកឃើញ កម្មសិក្សាការីទទួលបាននិទ្ទេសល្អ ២២នាក់ និទ្ទេសល្អបង្គួរ ៦៤នាក់ និងនិទ្ទេសមធ្យម ៤នាក់ ដូច្នេះ វគ្គហ្វឹកហ្វឺននេះ បានបិទបញ្ចប់ទៅជោគជ័យ ក្រោមការជួយទំនុកបំរ៉ុង និងឧបត្ថម្ភ គាំទ្រ ពីថ្នាក់ដឹកនាំខេត្តព្រះវិហារ និងនាយកដ្ឋានភស្តុភារ ប្រចាំទិសជួរមុខ ជាពិសេស បានទទួលឧបត្ថម្ភថវិកាក្នុងម្នាក់ ៣ពាន់រៀល ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់ការហូបចុកប្រចាំថ្ងៃ និងមានការយកចិត្តទុកដាក់ពី ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៤ លើការងារហ្វឹកហ្វឺននេះផងទៀត ។

មេបញ្ជាការរងយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ លៀង ឡេង បានមានប្រសាសន៍ ផ្តាំផ្ញើដល់សិក្ខាទាំងអស់ ត្រូវយកចំណេះដឹងទាំងនេះ ទៅអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នៅអង្គភាពរបស់ខ្លួន និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់នូវបទល្មើសផ្សេងៗ ដូចជា ការឆ្លងដែនខុសច្បាប់ និងបញ្ហាគ្រឿងញៀន ត្រូវចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីត១៩ ទាំងអស់គ្នា ទោះជាមានវ៉ាក់សាំងការពារយ៉ាងណាក៏ដោយ។ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរងយោធភូមិភាគទី៤ បានថ្លែងកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងបង្ហាត់បង្រៀនរបស់គ្រូយោធាចារ្យ ការគ្រប់គ្រប់គ្រងវគ្គ និងការយកចិត្តទុកដាក់រៀនសូត្ររបស់សិក្ខាកាម ដែលធ្វើឲ្យវគ្គហ្វឹហ្វឺននេះ បានបញ្ចប់ដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមផែនការហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ សម្រាប់ ឆ្នាំ២០២០ កន្លងមកនេះ ។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ មានការរីកចម្រើនលើគ្រប់វិស័យ និងមានកិត្តិយសលើឆាកអន្តរជាតិ។ លោកអភិបាលខេត្ត បានថ្លែងប្រាប់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលក្នុងនាមជា កុលបុត្រ កុលធីតាខ្មែរ ដាច់ខាតត្រូវតែប្ដេជ្ញា ការពារថែរក្សា នូវសុខសន្តិភាពនេះឲ្យបាន ទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ពីព្រោះសន្តិភាព និងការអភិវឌ្ឍ ដែលយើងមានសព្វថ្ងៃនេះ គឺពិតជាកម្ររកបានណាស់ និងរកបានមកដោយលំបាកលំបិនបំផុត ក្នុងប្រវត្តិសាស្ត្រជិត ១ពាន់ឆ្នាំមកនេះ។ លោក ប្រាក់ សុវណ្ណ មានប្រសាសន៍ទៀតថា ចាប់តាំងពីសម័យអង្គរដ៏រុងរឿងមក យើងតែងតែបែកបាក់គ្នា ធ្វើសង្គ្រាមជាមួយតែគ្នាឯង ធ្វើឲ្យយើងរួមតូចប៊ិះនឹងបាត់បង់ទឹកដី ចេញពីផែនទីពិភពលោកទៀតផង រីឯប្រវត្តិសាស្ត្រថ្មីៗនេះ គឺ ៤២ឆ្នាំមុន យើងទើបតែរួចផុតពីសម័យខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ជាឋាននរកស្មើនឹងចំណុចសូន្យ ប៉ុន្តែ ចាប់តាំងពីបាតដៃទទេ រហូតមកដល់ពេលនេះ យើងមានអ្វីៗសព្វបែបយ៉ាង ក៏ដោយសារខិតខំពុះពារគ្រប់ឧបសគ្គ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងដាស់ស្មារតី ដល់កងទ័ពទាំងអស់ ត្រូវបន្តខិតខំការពារ ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ព្រោះកម្ពុជាមានថ្ងៃនេះ ក៏បានមកដោយសារ ថ្ងៃ៧មករា ទើបយើងទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូច្នេះ យើងត្រូវការពារឲ្យបាន នូវបូរណភាពទឹកដឹកដី និងការពាររាល់ការប៉ុនប៉ងណាមួយ ដែលចង់ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ឲ្យខាងតែបានដាច់ខាត ។ លោកអភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរ ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក យោធភូមិភាគទី៤ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានធ្វើការហ្វឹកហ្វឺនដល់សិក្ខាកាម រហូតដល់បញ្ចប់វគ្គសិក្សា ប្រកបដោយភាពជោគជ័យ។ ហើយលោកអភិបាលខេត្ត មានក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងទាំងនេះ ទៅបម្រើឲ្យបុព្វហេតុជាតិ មាតុភូមិ ប្រជាពលរដ្ឋ បម្រើឲ្យវិស័យមនុស្សធម៌ និងសង្គមធម៌ បានយ៉ាងល្អប្រសើរ៕

Loading...