អភិបាលខេត្តព្រះវិហារ ចុះបែងចែកដីកសិកម្មជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ ដើម្បីបង្កបង្កើនផលចិញ្ចឹម ជីវិតនិងគ្រួសារ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល !  

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ទទួលបានដីកសិកម្មសម្រាប់បង្កបង្កើនផល ចិញ្ចឹមជី វភាព ពីអាជ្ញាធរខេត្តព្រះវិហារ។ ការបែងចែកដីឡូតិ៍ តាមរយះការចាប់ឆ្នោតប្រគល់ដីកសិកម្ម ជូនប្រជាពល រដ្ឋ ដែលមានចំនួន ៣១៨ គ្រួសារនៅក្នុងពេលនេះ បានធ្វើឡើងក្រោមការបង្ហាញវត្តមាន ពីអភិបាលខេត្ត ព្រះវិហារ លោក ប្រាក់ សុវណ្ណ ,មេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ និងជាអនុប្រធានក្រុមការងារបែងចែកដីសម្បទានសង្គមកិច្ច ៥ពាន់ហិចតា លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ,អភិបាលរងខេត្ត ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្ត្រីនៅក្នុងមូលដ្ឋានជាច្រើនរូបទៀត នាព្រឹក ថ្ងៃទី២៣កញ្ញាឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

 

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត នឹងធ្វើការចាប់ឆ្នោត ប្រគល់ដីឡូតិ៍កសិកម្ម ជូនប្រជាពលរដ្ឋចំនួន ៣១៨គ្រួសារ ដែលរស់នៅទីនេះ នៅក្នុងជំហានទី៥ ហើយនេះគឺជាការកែទម្រង់ដីធ្លីដ៏ស៊ីជម្រៅ ដើម្បីដោះស្រាយស្ថានភាព នៃការកាន់កាប់ដីធ្លី ឲ្យមានសុវត្ថិភាពរឹងមាំ ធ្វើឲ្យកសិករមានដីកសិកម្មធ្វើអាជីវកម្ម ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ ដែលជាគោលនយោ បាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយនូវភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា ដីឡូតិ៍កសិកម្ម ដែលបានប្រគល់ជូនប្រជាពលរដ្ឋនៅ ថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអនុក្រឹត្យលេខ ០២ អនក្រ.បក ចុះថ្ងៃទី៦មករា ឆ្នាំ២០១៦ ស្តីពីការកំណត់តំបន់សហគមន៍ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មានផ្ទៃដីចំនួន ៥ពាន់ហិចតា ស្ថិតក្នុងភូមិសាស្រ្ត ឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្តខេត្តព្រះវិហារ សម្រាប់បម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។ លោកបានបន្តថា នៅក្នុងឆ្នាំ២០២០ នាអាណត្តិរបស់លោក ជាអភិបាល ខេត្ត លោកបានបង្កើតក្រុមការងារបែងចែកដីសម្បទានសង្គមកិច្ច ៥ពាន់ហិចតា ដើម្បីផ្តល់ដីសម្បទាន សង្គមកិច្ច ជូនប្រជាពលរដ្ឋ ១០៤៥គ្រួសារ ដែលបានទទួលដីលំនៅដ្ឋាន នៅក្នុងភូមិធម្មជាតិ រួចហើយ នាពេលកន្លងមក ដោយក្នុង១គ្រួសារ ទទួលបានដីទំហំ ២ហិកតា ហើយចំពោះដីដែលនៅសល់ពីការបែងចែក គឺទុកប្រើប្រាស់ជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ផ្លូវថ្នល់ សាលារៀន វត្តអារាម ស្រះទឹក និងកីឡាដ្ឋាន ជាដើម ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ មានប្រសាសន៍ទៀតថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លីរបស់ខ្លួន ហើយបាតុភាពរំលោភបំពានលើដីធ្លី ដែលធ្លាប់ជួបប្រទះនាពេលកន្លងមក ក៏ត្រូវបានបញ្ចប់ជាស្ថាពរនោះដែរ។ ដូច្នេះ ប្រជាពលរដ្ឋដែលបាន ទទួលដីកសិកម្មទំហំ ២ហិកតា នាពេលនេះ មានសិទ្ធិប្រើប្រាស់ អាស្រ័យផលផ្តាច់មុខ និងទូលំទូលាយ តែសូមកុំយកដីនោះ ទៅប្រើប្រាស់ក្នុងបទណាមួយ ដែលច្បាប់បានហាមឃាត់ជាដាច់ខាត លុះត្រាណា អាស្រ័យផល ឬរស់នៅលើដីនេះ មានរយះពេលលើសពី ៥ឆ្នាំឡើងទៅ ទើបប្រជាពលរដ្ឋទទួលបាន កម្មសិទ្ធិស្របច្បាប់ លើដីសម្បទាននេះ។ លោកថា ចំពោះបងប្អូនដែលមានបញ្ហាដីធ្លី មិនទាន់បានដោះស្រាយបញ្ចប់ សូមរក្សាភាពអត់ធ្មត់ មិនចាំបាច់ទៅធ្វើការតវ៉ាដល់រាជធានីភ្នំពេញទេ ក្រុមការងារថ្នាក់ខេត្ត នឹងបន្តដោះស្រាយជូនជាបន្តបន្ទាប់ ប្រកបដោយតម្លាភាព និងយុត្តិធម៌ ដែលអាចទទួលយកបាន ទាំងអស់គ្នា។ លោកអភិបាលខេត្ត បានបញ្ជាក់ថា នៅរយះពេលកន្លងមក មានជនខិលខូច និងជនឱកាសនិយមមួយចំនួន បានឆ្លៀតចូលទៅកាប់រានទន្រ្ទានដីថ្មីៗ និងខ្លះទៀតបានដាំដំណាំរួចរាល់ ដែលករណីនេះកើតឡើងស្ទើរគ្រប់ក្រុង-ស្រុកទាំងអស់។ លោកបានអំពាវនាវ ដល់ក្រុមការងារបែងចែកដី អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ចំពោះគ្រប់ករណីរំលោភបំពានទាំងអស់ និងបើក្នុងករណីធ្ងន់ធ្ងរ ឬមិនរាងចាល ត្រូវបញ្ជូនទៅតុលាការតែម្ដង។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ មានប្រសាសន៍ ដោយសង្ឃឹមយ៉ាងមុតមាំថា បងប្អូនដែលបានដីរួចរាល់ហើយ មិនត្រូវស្ដាប់តាមការញុះញង់ ឬ មិនលោភលន់តាមអ្នកដទៃ ទៅរំលោភកាន់កាប់ដីព្រៃរបស់រដ្ឋជាដាច់ខាត ព្រោះជាទង្វើខុសច្បាប់ ហើយអាជ្ញាធរ បានចងក្រងឯកសារ អត្តសញ្ញាណ មានរូបថតបងប្អូនដែលទទួលបានដី និងរក្សាទុកយ៉ាងត្រឹមត្រូវ ។ដូច្នេះ បើបងប្អូនលក់ដីឱ្យគេ ហើយឆ្លើយថា អត់មានដី គឺមិនអាចទៅរួចទេ ព្រោះយើងបានកត់ត្រាឈ្មោះ ក្នុងបញ្ជីរួចរាល់អស់ហើយ។

លោក ប្រាក់ សុវណ្ណ បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាអនាម័យស្អាតជានិច្ច ត្រូវលាងដៃជាមួយសាប៊ូ ឬជែល ឱ្យបានញឹកញាប់ ពាក់ម៉ាស ឬក្រមា នៅពេលយើងនៅតំបន់មនុស្សច្រើន និងរក្សាគម្លាតឆ្ងាយពីគ្នា យ៉ាងតិច ១ម៉ែត្រកន្លះ ដើម្បីចៀសផុតអំពីជំងឺកូវីដ១៩ ដ៏កាចសាហាវ ដែលមានអ្នកឆ្លងជាង ៣១ លាននាក់ និងបានឆក់យកអាយុជីវិតមនុស្សជាង ៩៧ ម៉ឺននាក់ ជុំវិញពិភពលោក។ ប៉ុន្តែប្រទេសកម្ពុជា មានអ្នកឆ្លងតែ ២៧៥នាក់ ប៉ុណ្ណោះ និងបានជាសះស្បើយ ២៧៤នាក់ នៅសល់អ្នកជំងឺ ០១ នាក់ទៀត ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល និងកម្ពុជា ក៏មិនមានអ្នកស្លាប់នោះទេ។

លោកអភិបាលខេត្ត បានជម្រុញអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើយ៉ាងណារក្សាឲ្យបាន នូវភូមិ-ឃុំមានសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសង ជាពិសេស គ្មានឆ្នោតខុសច្បាប់ គ្មានក្មេងទំនើង និងបទល្មើសផ្សេងៗទៀត ព្រមទាំងត្រៀមលក្ខណៈ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះទឹកជំនន់ ឬគ្រោះអគ្គិភ័យផ្សេងៗ ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។

គួររំលឹកថា ការចាប់ឆ្នោតប្រគល់ដីឡូតិ៍កសិកម្ម ជូនប្រជាពលរដ្ឋចំនួន ៣១៨ គ្រួសារនៅពេលនេះ គឺជាជំហានទី៥ ហើយ ដោយជំហានដំបូង អាជ្ញាធរខេត្ត បានចាប់ឆ្នោតជូនប្រជាពលរដ្ឋ ១០០គ្រួសារ នៅ ថ្ងៃទី២០ឧសភាឆ្នាំ២០២០ ,ជំហានទី២ មានចំនួន ២០៩គ្រួសារ នៅថ្ងៃទី៤មិថុនាឆ្នាំ២០២០ ,ជំហានទី៣ មានចំនួន ២០៩គ្រួសារ នៅថ្ងៃទី២២មិថុនាឆ្នាំ២០២០ និងជំហានទី៤ មានចំនួន ២០៩គ្រួសារ នៅថ្ងៃទី៣ កក្កដាឆ្នាំ២០២០ សរុបទាំង ៥ដំណាក់កាល ប្រជាពលរដ្ឋ ចំនួន ១ពាន់ ៣៦៣គ្រួសារ ដែលទទួលបានដី កសិកម្មពីអាជ្ញាធរខេត្ត ពិសេស ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕

 

Loading...