អភិបាលខេត្តព្រះវិហារ ជម្រុញមន្ទីរទេសចរណ៍ខេត្ត បន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹង យន្តការគ្រប់គ្រង និងអភិវឌ្ឍគោលដៅទេសចរណ៍ ឲ្យកាន់តែមានការទាក់ទាញ និងគាំទ្រពីអ្នកទេសចរ ចូលមកកំសាន្តកាន់តែច្រើន បន្ថែមទៀត !

ខេត្តព្រះវិហារ៖ ប្រសាសន៍ជម្រុញរបស់ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានធ្វើនៅក្នុង កិច្ចប្រជុំក្រុមការងារជំរុញ ណែនាំ និងតាមដាន ការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៦តុលាឆ្នាំ២០២០នេះ ដោយមានការចូលរួមពីនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរ និងអង្គភាព ជុំវិញខេត្ត ជាច្រើនរូប នៅសាលាខេត្តព្រះវិហារ។

 

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ដាក់ចេញនូវវិធានការអទិភាព ចំនួន ៤ចំណុច សំខាន់ៗ សម្រាប់យកទៅអនុវត្តន៍ឲ្យចំគោលដៅទេសចរណ៍ នៅក្នុងសហគមន៍ និងអភិវឌ្ឍ «ពង្រីក» បន្ថែមទៀត នូវគោលដៅទេសចរណ៍ថ្មីៗ ដោយផ្សារភ្ជាប់ទៅនឹងមូលដ្ឋានជនបទ ដើម្បីទាក់ទាញ ភ្ញៀវទេសចរ ឲ្យចូលទស្សនាខេត្តព្រះវិហារ កាន់តែសំបូរបែប រីឯ ប្រជាពលរដ្ឋ និងសហគមន៍ ក៏ទទួលបាន ប្រាក់ចំណូលកាន់តែខ្ពស់ កាត់បន្ថយបាននូវភាពក្រីក្រ ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្តមានប្រសាសន៍ថា វិធានការទាំង ៤ចំណុច ដែលបានដាក់ចុះសម្រាប់ការអនុវត្តន៍ នោះ គឺ សូមឲ្យលេខាធិការដ្ឋានក្រុមការងារ ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីបន្តចុះផ្សព្វផ្សាយវិធានសុវត្ថិភាពទេសចរណ៍ និងត្រូតពិនិត្យពីការអនុវត្តន៍ របស់ប្រតិបត្តិករទេសចរ ណ៍ បន្ថែមទៀត ស្របតាមគោលការណែនាំ ,ក្នុងដំណាក់កាលចំពោះមុខ ត្រូវធានាឱ្យបាននូវការមិនឆ្លង កូវីដ-១៩ នៅក្នុងសហគមន៍ ដោយត្រូវគោរពឱ្យបាននូវការប្រតិបត្តិ តាមវិធានសុវត្ថិភាព និងអនាម័យ ដែលជាមូលដ្ឋាននៃការកសាងទំនុកចិត្ត និងភាពជឿជាក់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាកត្តា ចាំបាច់ មិនអាចខ្វះបាន នៃការចាប់ផ្ដើមឡើងវិញ នៃវិស័យទេសចរណ៍ នៅក្នុងខេត្ត និងនៅទូទាំងប្រទេស ,ទន្ទឹមនឹងការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្រោមយន្តការ នៃគណៈកម្មការអភិវឌ្ឍ ទេសចរណ៍ខេត្ត មន្ទីរទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការសហការជាមួយ មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង និងស្រុក ដើម្បីពង្រឹងបន្ថែម នូវការគ្រប់គ្រងគោលដៅទេសចរណ៍ ដែលមាន ស្រាប់ ដូចជាសហគមន៍ទេសចរណ៍ សហគមន៍គោលដៅទេសចរណ៍ និងអភិវឌ្ឍ ពង្រីកបន្ថែមទៀត នូវគោលដៅទេសចរណ៍ថ្មីៗ ដោយផ្សារភ្ជាប់នូវមូលដ្ឋានជនបទ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត និងមន្ទីរទេសចរណ៍ ត្រូវសហការជាមួយ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធ ផ្សេងៗទៀត ដើម្បីរៀបចំយន្តការ គ្រប់គ្រងគោលដៅទេសចរណ៍ នៅភ្នំត្បែងឱ្យបានត្រឹមត្រូវ ធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពបរិស្ថាន។

លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសហការជាមួយអង្គការសុខភាពពិភព លោក និងភាគីពាក់ពន្ធ័ផ្សេងៗ បានធ្វើឲ្យប្រទេសកម្ពុជា ទប់ស្កាត់បានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយគ្មានការឆ្លងរីករាលដាល ចូលទៅក្នុងសហគមន៍នោះទេ មានតែ ករណីឆ្លងនាំចូលពីក្រៅប្រទេសតិចតួច ហើយក្រុមគ្រូពេទ្យបានព្យាបាលជាសះស្បើយជាច្រើន ជាពិសេស មិនមានករណីស្លាប់ដោយជំងឺកូវីដ១៩ នៅកម្ពុជានោះឡើយ។

លោកអភិបាលខេត្តបានបន្តថា ក្រៅពីបានទប់ស្កាត់មិនឲ្យមេរោគកូវីដ១៩ ឆ្លងចូលតាមសហគមន៍ នានានោះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការនានា ដើម្បីជួយសង្រ្គោះអាជីវកម្ម សេវាកម្ម បុគ្គលិក បម្រើការងារ និងប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ជាបន្តបន្ទាប់ផងដែរ។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ដោយថ្លែងអំណរគុណ ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ ទាំង៣ និងអ្នកពាក់ពន្ធ័ទាំងអស់ ជាពិសេស លោកគ្រូ អ្នកគ្រូពេទ្យ ដែលបានខិតខំព្យាបាលអ្នកជំងឺកូវីដ១៩ ទាំង២នាក់ ក្នុងខេត្តព្រះវិហារ រហូតជាសះស្បើយ នាពេលកន្លងមក។ លោកមានប្រសាសន៍បញ្ជាក់ថា គោលបំណងសំខាន់ និងចាំបាច់បំផុត ក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្រៅអំពីវិធានការជាច្រើនរបស់រដ្ឋបាលខេត្ត ដែលបានដាក់ចេញកន្លងមកនោះ រដ្ឋបាលខេត្ត ក៏បានបង្កើត ក្រុមការងារមួយទៀត ដើម្បីជុំរុញ ណែនាំ និងតាមដានការអនុវត្តន៍វិធានការ សុវត្ថិភាពទេសចរណ៍ ដោយអនុវត្តតាមគោលការណែនាំ របស់ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលកម្ពុជា។

សូមជម្រាបថា យោងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានបង្ហាញថា នៅក្នុងរយះ ពេល ៧ថ្ងៃ នៃថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិ កន្លងមកនេះ ដោយចាប់គិតពីថ្ងៃទី១៧សីហា ដល់ថ្ងៃទី២៣សីហាឆ្នាំ២០២០ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមក ទស្សនាកម្សាន្ត នៅតំបន់រមណីដ្ឋាន និងសហគមន៍នានា ដែលជាគោលដៅទេសចរណ៍ក្នុងខេត្ត មានចំនួន ៧ម៉ឺន ១ពាន់ ២៦៥នាក់ ក្នុងនោះភ្ញៀវជាតិ ៧ម៉ឺន ៩៥៥នាក់ និងភ្ញៀវអន្តរជាតិ ៣១០នាក់ ដោយភ្ញៀវ ទាំងអស់ បានទៅទស្សនាកម្សាន្តច្រើនជាងគេ មានតំបន់ទេសចរ ៩កន្លែង គឺរមណីយដ្ឋានប្រាសាទ ព្រះវិហារ ប្រសាទកោះកែរ ប្រាសាទព្រះខាន់កំពង់ស្វាយ ទឹកធ្លាក់ព្រះនិម្មិត ទឹកធ្លាក់បុស្សស្បូវ រមណីយ ដ្ឋានភ្នំត្បែង សហគមន៍សេដ្ឋកិច្ចរុងរឿង សហគមន៍ភ្នំត្បែងបាក់កាំ សហគមន៍ទំនប់ ៩៥ និងសហគមន៍ ទំនប់អូរស្វាយ ។ ក្រៅពីការធ្វើដំណើរឆ្លងកាត់ អ្នកទេសចរក៏បានចូលទស្សនា ទីតាំងផ្សេងៗជាច្រើនទៀត ដួចជា ប្រសាទក្រពុំឈូក ជាដើម។ល៕

 

 

Loading...