អភិបាលខេត្តព្រះវិហារ ជំរុញឲ្យមានការដោះស្រាយ ទប់ស្កាត់ការកាប់រាន ទន្ទ្រានដីព្រៃ និងគ្រប់គ្រង ស្ថានភាពឲ្យបានគ្រប់ទីតាំងទំនាស់ដីធ្លី ក្រែងមានជនឆ្លៀតឱកាសធ្វើសកម្មភាព ស្របពេលដែលមន្ត្រី រាជការ ទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាល ឈប់សម្រាក នាពេលខាងមុខនេះ

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ដាស់តឿន ជម្រុញ អោយបង្កើនការប្រុងប្រយ័ត្ន ក្នុងការទប់ស្កាត់ការកាប់រាន ទន្ទ្រានដីព្រៃរដ្ឋជាកម្មសិទ្ធិ ពីជនខិលខូចនោះ បានធ្វើឡើងនៅថ្ងៃទី១៣សីហានេះ គ្រាដែលលោកអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត នាយក-នាយករង រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះ រចនាសម្ព័ន្ធសាលាខេត្តព្រះវិហារ ជាច្រើនរូបទៀតផងដែរ ។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា កិច្ចប្រជុំគណៈអភិបាលខេត្ត នៅក្នុងពេលនេះ គឺមានគោលបំណង ដើម្បីពិនិត្យ និងស្តាប់ការលើកឡើងរបស់ អភិបាលរងខេត្តនីមួយៗ ក៏ដូចជា នាយករដ្ឋបាលខេត្ត ដែលបានបំពេញការងារ ចាប់ពីចន្លោះកិច្ចប្រជុំ គណៈអភិបាលខេត្តកាលពី ពេលមុន និងនៅលើកនេះ, ពិនិត្យ និងអនុម័តគម្រោងផែនការលទ្ធកម្ម និងគម្រោងថវិកា ប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត និងឆ្លងការតែងតាំងមន្ត្រីរាជការផងដែរ ។

លោក ប្រាក់ សុវណ្ណ បានក្រើនរំលឹកដល់អភិបាលរងខេត្ត និងមន្ត្រីក្រោមឧិវាទទាំងអស់ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបន្តខិតខំបំពេញតួនាទីភារកិច្ច ឲ្យបានសព្វជ្រុងជ្រោយ ទៅតាមការបែង ចែកតួនាទី និងភារកិច្ចដែលបានប្រគល់ជូន ត្រូវបន្តក្តាប់នូវសភាពការណ៍ទូទៅក្នុងខេត្ត ឲ្យបានលើ គ្រប់វិស័យ ដើម្បីចូលរួមសហការដោះស្រាយឲ្យបានទាន់ពេលវេលា ជាពិសេស នៅក្នុងឱកាសវិសម្សកាល ឈប់សម្រាក ៥ថ្ងៃ នាពេលខាងមុខនេះ ត្រូវដាក់វេនប្រចាំការ ក្នុងន័យរក្សាឲ្យបាន នូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចុះ សម្រាប់អនុវត្តនាពេលកន្លងមក ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ថែមទៀត ។

លោកអភិបាលខេត្ត បានជម្រុញថ្នាក់ដឹកនាំខេត្ត និងមន្ត្រីខេត្តទាំងអស់ ខិតខំរួមឯកភាពគ្នា ទប់ស្កាត់ ក្រុមបង្កចលាចលសង្គម តាមគ្រប់រូបភាពផ្សេងៗឲ្យខាងតែបាន ត្រូវដោះស្រាយ និងទប់ស្កាត់សកម្មភាព ការកាប់រាន ទន្ទ្រានដីព្រៃរដ្ឋជាកម្មសិទ្ធល្មើសច្បាប់ និងត្រូវគ្រប់គ្រងស្ថានភាព ឲ្យបានគ្រប់ទីតាំងទំនាស់ដីធ្លី ក្រែងមានជនឆ្លៀតឱកាស ចូលធ្វើសកម្មភាពទន្ទ្រានដីព្រៃ ស្របពេលដែលមន្ត្រីរាជការ នៃរដ្ឋបាល ខេត្តព្រះវិហារ ក៏ដូចជា មន្ត្រីរាជការនៅទូទាំងប្រទេស ទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាល ឈប់សម្រាក ៥ថ្ងៃ ដែលនឹងឈានចូលមកដល់ នាប៉ុន្មានថ្ងៃទៀត ខាងមុខនេះ។ ទន្ទឹមនឹងនោះ ក៏ត្រូវត្រូវ ត្រៀមឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ ឲ្យបានទាន់ពេលវេលា ស្របពេលដែលរដូវវស្សា បានឈានចូល មកដល់ និងកំណើនជំនន់ទឹកភ្លៀង កាន់តែហក់ឡើងជារៀងរាល់ថ្ងៃឥតឈប់ឈរ ជាពិសេស ការងារដែល កំពុងប្រឈមខ្លាំនាពេលនេះ គឺជំងឺកូវីដ១៩ ដែលអភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធ ត្រូវណែនាំដល់ អភិបាលក្រុង ស្រុក និងមន្ទីរជំនាញ ត្រូវខិតខំបន្តគ្រប់គ្រងស្ថិតិ និងមុខសញ្ញាដែលត្រូវដាក់ដោយឡែក ព្រមទាំងវិធានការ យកសំណាកទៅធ្វើតេស្តរកលទ្ធផលជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា ហើយក៏ត្រូវបន្ត ចុះផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្ន ក្នុងការអនុវត្តវិធានការសុខាភិបាល ដោយត្រូវរក្សាគម្លាត សុវត្ថិភាព និងការអនាម័យ ជាមួយនឹងការលាងដៃនឹងសាប៊ូ អាល់កុល ឬទឹកជែល ឲ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជា ជំងឺឆ្លងផ្សេងៗទៀត ជាពិសេស ជំងឺគ្រុនឈិក ក៏ជាជំងឺមួយដ៏គួរឲ្យព្រួយបារម្ភ ផងដែរ ៕

Loading...