អភិបាលខេត្តព្រះវិហារ ដាស់តឿនដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន រួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ

ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿន និងណែនាំរបស់ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ចំពោះអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានធ្វើឡើងក្នុងគ្រាដែលលោក បានអញ្ជើញចុះចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋទីទ័លក្រ ស្ត្រីមេម៉ាយ ចាស់ជរា និងជនពិការ នៅក្នុងភូមិថ្កែង ឃុំរហ័ស ស្រុករវៀង កាលពីថ្ងៃទី៣០ធ្នូឆ្នាំ២០២០។

ពិធីចែកអំណោយនោះ ក៏មានការចូលរួមពី មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ប្រមាណ ៥០គ្រួសារ ផងនោះដែរ។ ប្រជាពលរដ្ឋទាំង ៥០គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ១បេ, ទឹកដោះគោ ១កំប៉ុង, ប៊ីចេង ១កញ្ចប់, ស្ករសរ ១កញ្ចប់ និងថវិកាមួយចំនួន ថែមទៀតផង។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់ជាទីបំផុត ចំពោះសុខទុក្ខរបស់ ប្រជាពលរដ្ឋទាំងអស់ ពោល គឺ ទីណាមានទុក្ខលំបាក ទីនោះមានសម្ដេចទាំងពីរ ជួយគ្រប់ពេលវេលា។ លោកអភិបាលខេត្ត មានប្រសាសន៍ ក្រើនរំលឹកដល់ អភិបាលក្រុង-ស្រុក និងមន្រ្តីទាំងអស់ ត្រូវធ្វើការណែនាំ ដល់អាជ្ញាធរភូមិ-ឃុំ ឲ្យបន្តពង្រឹងការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងរងគ្រោះកំឡុងពេលជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ មានតម្លាភាព សមធម៌ និងមានប្រសិទ្ធភាពខ្ពស់ មិនត្រូវបញ្ចូលបក្សពួក ឬសាច់ញាតិ ដែលមិនមែនក្រីក្រ និងរងគ្រោះពិតប្រាកដ ជាដាច់ខាត។ លោកអភិបាលខេត្ត បានដាស់តឿន ដល់អាជ្ញាធរក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ត្រូវពង្រឹងការបង្ក្រាប និងទប់ស្កាត់បទល្មើសនានា ដូចជា បទល្មើសធនធានរ៉ែខុសច្បាប់ បទល្មើសព្រៃឈើ បទល្មើសជួញដូរសត្វព្រៃ បទល្មើសគ្រឿងញៀន បទល្មើសល្បែងស៊ីសង «ល្បែងជល់មាន់ និងល្បែងឆ្នោតកន្ទុយលេខ» ខុសច្បាប់ ត្រូវរក្សានិងអនុវត្តឲ្យបាន នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចុះឲ្យអនុវត្តនាពេលកន្លងមក។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានចេញបទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ច ឲ្យឃាត់ខ្លួនជនណាដែលកាងបទល្មើស និងត្រូវរួមគ្នាទប់ស្កាត់ ការកាប់ទន្ទ្រានដីព្រៃថ្មីៗ ដោយខុសច្បាប់ ហើយត្រូវពិនិត្យមើលឡើងវិញ នូវឯកសារកាន់កាប់ដីធ្លី ដែលខុសនីតិវិធី ត្រូវតែនិរាករណ៍ចោល នូវឯកសារទាំងនោះ និងឈប់ចេញឯកសារ ដែលខុសតទៅទៀត ព្រមទាំងអនុវត្តការងារកាត់ឆ្វៀលដី ដែលប្រជាពលរដ្ឋ អាស្រ័យផលជាក់ស្ដែង យូរឆ្នាំមកហើយ ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមនីតិវិធីច្បាប់ ពោល មិនត្រូវមានការឃុបឃិតគ្នា ហើយត្រូវពន្លឿនការដោះស្រាយទំនាស់ដីធ្លី ប្រកបដោយតម្លាភាព យុត្តិធម៌ និងអាចទទួលយកបាន។ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាការអនាម័យឲ្យបានស្អាតជានិច្ច ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ៕

Loading...