អភិបាលខេត្តព្រះវិហារ ប្រកាសចាត់វិធានការ ទៅលើក្រុមជនរកស៊ីបទល្មើសព្រៃឈើ ដែលបានបើករថយន្តថយក្រោយ បំបុករថយន្តអ្នកសារព័ត៌មាន នាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន !

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកបានដាក់បទបញ្ជាដល់កងកម្លាំងសមត្ថកិច្ចរបស់ខេត្ត បើកការស្រាវជ្រាវ វែកមុខ និងឃាត់ខ្លួនជនសង្ស័យមួយក្រុម ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ និងបានបើករថយន្តថយក្រោយ បំបុករថយន្តអ្នកសារព័ត៌មាន ពេលកំពុងដាក់រថយន្តនៅលើដងផ្លូវ ដើម្បីថតផ្តិតយករូបភាព នៃសកម្មភាពដឹកជញ្ជូនឈើ របស់ជនប្រព្រឹត្តបទល្មើសព្រៃឈើមួយក្រុមនោះ នាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបានដាច់ខាត។

ប្រសាសន៍ដាក់បទបញ្ជា ដល់កងកម្លាំងសមត្ថកិច្ចខេត្ត របស់លោក ប្រាក់ សុវណ្ណ បានថ្លែងនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ គ្រាលោកអភិបាលខេត្ត អញ្ជើញជាគណៈអធិបតី នៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី៤វិច្ឆិកាឆ្នាំ២០២០នេះ នៅសាលាខេត្តព្រះវិហារ។ កិច្ចប្រជុំនេះទៀត ក៏មានការចូលរួមពីអភិបាលរងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី មេបញ្ជាការតាមបណ្តោយព្រំដែន ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំង អភិបាល និងអធិការក្រុង និងស្រុក ទាំង ៨ នៅទូទាំងខេត្តព្រះវិហារ ផងដែរ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅ គុណ បានថ្លែងដោយសម្តែងការសោកស្តាយ និងថ្កោលទោសចំពោះជនប្រព្រឹត្តបទល្មើសព្រៃឈើ ដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ មកលើក្រុមអ្នកសារព័ត៌មាន ដែលគ្រាន់តែចុះផ្តិតយករូបភាព ពីសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់របស់ក្រុមខ្លួននោះ។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានសន្យាគោរព និងអនុវត្តបទបញ្ជារបស់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ នឹងបន្តបើកការស្រាវជ្រាវ ដើម្បីឈានទៅកំណត់អត្តសញ្ញាណ ជនដែលបានប្រព្រឹត្តបទល្មើសព្រៃឈើ និងបានប្រព្រឹត្តអំពើមិនគួរគាប្បី មកលើអ្នកសារព័ត៌មានទាំងកម្រោលនោះ នឹងនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន។

ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា លោកបានប្រកាស ថានឹងសហការជាមួយអ្នកសារព័ត៌មានអាជីព នៅពេលជួបប្រទះការប្រព្រឹត្តបទល្មើសនានា ជាពិសេស បទល្មើសដឹកជញ្ជូនឈើ ពីក្រុមណាមួយ ដែលបានធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ហើយប្រសិនបើអ្នកសារព័ត៌មាន បានប្រាប់ទៅមន្ត្រីជំនាញពាក់ព័ន្ធ ឲ្យចុះសហការបង្ក្រាប តែមន្ត្រីទាំងនោះមិនសហការជាមួយនោះទេ អ្នកសារព័ត៌មានអាចខលរាយការណ៍មក លោកស្នងការដោយផ្ទាល់ លោកនឹងបញ្ជាមន្ត្រីក្រោមឧិវាទ និងកម្លាំងអាវុធហត្ថមូលដ្ឋាន ចុះសហការបង្ក្រាបបទល្មើសនោះ ឲ្យបានទាន់ពេលវេលា។

សូមជម្រាបថា កាលពីវេលាម៉ោងប្រមាណជា ៣ទៀបភ្លឺ ថ្ងៃទី២វិច្ឆិកាឆ្នាំ២០២០ កន្លងមកនេះ នៅលើកំណាត់ផ្លូវជាតិលេខ ៦២ ត្រង់ចំណុចបង្គោលអង់តែន ជិតផ្លូវចូលក្រុមហ៊ុនមេគង្គ ស្ថិតក្នុងភូមិអូរពោធិ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ សកម្មភាពដឹកជញ្ជូនឈើតាមមធ្យោបាយគ្រប់ប្រភេទ ពិសេស តាមគោយន្តកន្ត្រៃ និងរថយន្តសាំយ៉ុង បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីដែនដីរដ្ឋបាលខេត្តព្រះវិហារ ខណៈនោះ មានអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅថតផ្តិតយករូបភាពដឹកឈើនោះ ប៉ុន្តែ ត្រូវបានក្រុមជនសង្ស័យដឹកឈើ បើករថយន្តយកមកដាក់ពាំងពីមុខ ហើយចុះដើរសំដៅមករថយន្តអ្នកសារព័ត៌មាន បន្ទាប់មកគេក៏បានបញ្ជាឲ្យក្រុមពួកគេ បើករថយន្តរ៉ឺយែថយក្រោយ បំបុករថយន្តអ្នកសារព័ត៌មាន រងការខូចខាតយ៉ាងដំណំ ដើម្បីពន្យាពេលឲ្យរថយន្តដឹកជញ្ជូនឈើ បន្តដំណើរបើកឆ្លងចូលទៅក្នុងដែនដីខេត្តកំពង់ធំ បានយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាននោះឡើយ។ នេះបើតាមការរាយការណ៍ ពីក្រុមអ្នកសារព័ត៌មាន នៅក្នុងហេតុការនោះ។

ជុំវិញរឿងនេះ អង្គភាពសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ រួមនឹងអ្នកសារព័ត៌មានជាច្រើនស្ថាប័នទៀត បានថ្កោលទោសយ៉ាងដាច់អហាំងការ ចំពោះទង្វើល្មើសច្បាប់ និងបានចាត់ទុកសកម្មភាពប្រព្រឹត្តបទល្មើស របស់ក្រុមឈ្មួញដឹកឈើ មកលើអ្នកសារព័ត៌មាននៅក្នុងពេលនោះ គឺជាអំពើប៉ុនប៉ងធ្វើមនុស្សឃាត ដោយចេតនា។

ប្រធានអង្គភាពសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ លោក គឹម សារឿន បានបញ្ជាក់ថា លោកនឹងបន្តបើកការស្រាវជ្រាវ និងប្តឹងទៅតុលាការ ដើម្បីវែកមុខរកក្រុមជនល្មើសដឹកឈើ ដែលបានប្រព្រឹត្តមកលើអ្នកសារព័ត៌មានទាំងកម្រោល ដើម្បីរកយុត្តិធម៌ដល់អ្នកសារព័ត៌មាន នៅក្នុងហេតុការនោះ។

អ្នកឃ្លាំមើលសកម្មភាពកាប់ឈើ និងក្រុមអ្នកសារព័ត៌មាននៅកម្ពុជា បានស្នើដល់អាជ្ញាធរខេត្តព្រះវិហារ ក៏ដូចជាអាជ្ញាធរខេត្តកំពង់ធំ ចាត់វិធានការក្តៅបំផុត ចំពោះក្រុមជនសង្ស័យឈ្មួញដឹកជញ្ជូនឈើ ដែលបានប្រព្រឹត្តមកលើអ្នកសារព័ត៌មាននៅក្នុងពេលនោះ ទៅតាមផ្លូវច្បាប់ជាធរមាន ៕

 

 

Loading...