អភិបាលខេត្តរតនគិរី ចុះពិនិត្យស្ថានភាពសិក្សា ចែកម៉ាស់ដល់សិស្សានុសិស្ស និងឧបករណ៍វាស់កម្តៅ ជូនដល់គណៈគ្រប់គ្រងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ !

ខេត្តរតនគិរី៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន នៅថ្ងៃទី៨កញ្ញានេះ បានដឹកនាំមន្ត្រីខេត្ត ចុះពិនិត្យមើលស្ថានភាពសិក្សា និងចែកម៉ាស់ដល់សិស្សានុសិស្ស និងឧបករណ៍វាស់កម្តៅ ជូនវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ នៅក្នុងក្រុងបានលុង ខេត្តរតនគិរី។ ក្នុងនោះ ម៉ាសមានចំនួន២ពាន់៥០០ម៉ាស និងឧបករណ៍វាស់កម្តៅ ចំនួន៥០គ្រឿង ជូនគណៈគ្រប់គ្រងសាលាក្នុងខេត្ត និងបានធ្វើការចែកម៉ាស ជូនក្មួយៗសិស្សានុសិស្ស ផងដែរ។

អភិបាលខេត្តលោក ថង សាវុន នៅក្នុងការចុះត្រួតពិនិត្យស្ថានភាពសិក្សា របស់សិស្សានុសិស្ស ដែលទើបបានចូលរៀនសារឡើងវិញនេះ លោកបានថ្លែងអំពាវនាវ ដល់លោកគ្រូ អ្នកគ្រូទំាងអស់ បង្កើនការយកចិត្តទុកដាក់ គោរពវិធានការ តាមការណែនាំរបស់ ក្រសួងសុខាភីបាល ការពារខ្លួនពីការ ឆ្លងជម្ងឺកូវិដ ១៩ ដោយការពាក់ម៉ាស និងលាងដៃអោយបានញឹកញាប់ ជាមួយទឹកអាល់កុល ឬជែល និងរក្សាគម្លាត។ លោកអភិបាលខេត្តក៏បានថ្លែង រំលឹកនូវការអនាម័យបរិស្ថាន ជុំវិញបរិវេណសាលារៀន ការអនុវត្តអោយសិស្សរៀនក្នុង១បន្ទប់ៗ មានចំនួនត្រឹមតែពី២០ទៅ២៥នាក់ ហើយមុនពេលចូលសាលា ត្រូវមានការវាស់កម្តៅផងដែរ។

លោកថង សាវុន ក៏បានថ្លែង អំពាវនាវដល់អាណាព្យាបាលរបស់សិស្សានុសិស្ស ត្រូវចូលរួមជួយឃ្លាំមើល អំពីសកម្មភាព និងការប្រែប្រួលសុខភាពរបស់កូនចៅខ្លួន បើមានកម្ដៅខ្ពស់ ឬមិនស្រួលខ្លួន ឬផ្ដាសាយ សូមកុំបញ្ជូនកូនទៅរៀន។ ដោយឡែកអាជ្ញាធរមូលដ្ឋាន សូមបន្តកិច្ចការងាររបស់ខ្លួន ប្រកបដោយការ ទទួលខុសត្រូវ និងភាពអត់ធ្មត់ក្នុងដំណើរការ បើកសាលារៀនឡើងវិញ ស្ថិតក្នុងបរិបថនៃវិបត្តិជំងឺកូវីដ-១៩ នេះ។

សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តរតនគិរី សាលាគ្រប់កម្រិតមានចំនួន ៣៣សាលា បានបើកដំណើរការ ក្រោមលក្ខខណ្ឌសុវត្ថិភាពខ្ពស់៕

Loading...