អភិបាលខេត្តរតនគិរី នាំយកអំណោយ រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះជាង ៣០០គ្រួសារ ដែលកំពុងប្រឈមនឹងជីវភាពខ្វះខាត ក្នុងដំណាក់កាល នៃការកើតឡើងជំងឺកូវីដ១៩ !

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ កុមារកំព្រា និងស្ត្រីមេម៉ាយ ៣២០គ្រួសារ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាពី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអភិបាលខេត្តរតនគិរី លោក ថង សាវុន កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២១។ ពិធីចែកអំណោយនោះ បានធ្វើឡើងនៅក្នុងបរិវេណ រមណីដ្ឋានទេសចរណ៍ធម្មជាតិបឹងលំកុដ ស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់។

ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី លោក ហ៊ួត ស៊ុនហោ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលជាគម្រោងសុខមាលភាពសង្គម តាមរយៈមន្ទីរសង្គមកិច្ចខេត្ត ដើម្បីជួយដល់គ្រួរសារងាយរងគ្រោះនៅក្នុងខេត្ត ដូចជា គ្រួសារចាស់ជរា កុមារកំព្រា ស្រ្តីមេម៉ាយ និងជនពិការ ដែលកំពុងជួបប្រទះនឹងជីវភាពខ្វះខាត នៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ នេះ។ លោកបានបន្តថា ប្រជាពលរដ្ឋដែលមកទទួលអំណោយពី រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្ត នាពេលនេះ មានចំនួន ៣២០គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម , មី ១កេស , ឃីត ១កញ្ចប់ និងថវិកា ១ម៉ឺនរៀល ក្នុងនោះ ជនពិការ ៤នាក់ និងកុមារកំព្រា ៤នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៦ម៉ឺនរៀលបន្ថែម ផងដែរ។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍ថាជានិច្ចកាល សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងបានគិតគូ និងយកចិត្តទុកដាក់ពីសុខទុក្ខ និងសុខមាលភាព ក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទិសទីក្នុងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ ឬពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ ហើយក៏មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់នោះដែរ។

លោក ថង សាវុន អភិបាលខេត្តរតនគិរី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការយកចិត្តទុកដាក់ថែទាំសុខភាព នៅក្នុងដំណាក់កាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងកម្ពុជា បានរងនូវអាកាសធាតុចុះត្រជាក់ខ្លាំងជាច្រើនថ្ងៃកន្លងមក ក៏ដូចជានៅក្នុងពេលនេះ ត្រូវរក្សាអនាម័យឲ្យបានល្អ និងស្លៀកពាក់ខោអាវវែង ក្រាស់ៗ ដើម្បីការពារការឆ្លងជំងឺផ្សេងៗ ពិសេស ជំងឺកូវីដ១៩ និងការទប់ទល់នឹងភាពត្រជាក់ត្រូវប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង ព្រោះរដូវនេះរាំងស្ងួត មានធ្លាក់ខ្យល់ និងជារដូវភ្លើងឆេះព្រៃ វាអាចនឹងងាយឆេះរាលដាល ដោយប្រការណាមួយ មកដល់ផ្ទះសម្បែងរបស់យើង ហើយបើមានករណីនេះ ត្រូវរាយការណ៍មកអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋានឲ្យបានឆាប់បំផុត។ ចំពោះអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះវិញ ក៏ត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋ គ្រាមានគ្រោះហេតុណាមួយដែលបានកើតឡើងជាយថាហេតុ ឲ្យបានទាន់ពេលវេលា ៕

Loading...