អភិបាលខេត្តរតនគិរី ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ សម្រាប់សង់ផ្ទះ និងបង្កបង្កើនផលដោយស្របច្បាប់ !

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីពី អាជ្ញាធរខេត្តរតនគិរី ប្រមាណ ១ពាន់ ១១៣ក្បាលដី ក្រោយពីបានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លីដ៏រឹងមាំ ដែលបានធានាដោយរដ្ឋ និងការពារដោយច្បាប់នោះរួចមក។

ការអញ្ជើញចុះប្រគល់វិញ្ញាបនបត្រសំគាល់អចលនវត្ថុ ឬ ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលមានចំនួន ៣២០គ្រួសារ ស្មើនឹង ១ពាន់ ១១៣ប័ណ្ណរបស់ អភិបាលខេត្តរតនគិរី លោក ថង សាវុន គឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ មករា ឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ពិធីប្រគល់ និងទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ប្រជាពលរដ្ឋទាំង ៣២០គ្រួសារ នាពេលនោះ មានពីរភូមិ ស្ថិតក្នុងឃុំលំជ័រ ស្រុកអូរយ៉ាដាវ គឺ ភូមិត្រាងមានពលរដ្ឋ ៥៩គ្រួសារ មានប័ណ្ណដីធ្លី ១៩៩ប័ណ្ណ ក្នុងនោះដីលំនៅដ្ឋាន ៥១ប័ណ្ណ និងដីកសិកម្ម ១៤៨ប័ណ្ណ ,ភូមិអ៊ុន មានពលរដ្ឋ ២៦១គ្រួសារ មានប័ណ្ណដីធ្លី ៩១៤ប័ណ្ណ ក្នុងនោះដីលំនៅដ្ឋានមាន ៥៩១ប័ណ្ណ និងដីកសិកម្ម ៣១៧ប័ណ្ណ, ដីរដ្ឋមាន ៥ប័ណ្ណ និងដីសម្រាប់ស្នាក់ការបក្ស ១ប័ណ្ណ ផងដែរ។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី គឺជាលក្ខខណ្ឌដ៏សំខាន់ ក្នុងការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដែលនឹងជម្រុញការប្រើប្រាស់ដីធ្លី ឲ្យអស់សក្ដានុពល ហើយកត្តានេះ ពិតជាបានបញ្ចប់ជម្លោះ និងវិវាទដីធ្លី ជាពិសេស ការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយ ជម្រុញការចុះបញ្ជីដីធ្លីរបស់ រាជរដ្ឋាភិបាល។ លោកអភិបាលខេត្ត មានប្រសាសន៍ វាយតម្លៃខ្ពស់ ចំពោះមន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសុរិយោដីខេត្ត រួមទាំងក្រុមការងារចុះបញ្ជីដីធ្លី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងសម្រេចកិច្ចការនេះ ប្រកបដោយការទទួលខុសត្រូវ និងមានតម្លាភាព។ លោក ថង សាវុន បានថ្លែងផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីទទួលប័ណ្ណកម្មសិទ្ធិដីធ្លីរួចហើយ គប្បីរក្សាទុកឲ្យបានល្អ និងត្រូវប្រុងប្រយ័ត្នកុំឲ្យបាត់បង់ ព្រោះវាជាមាសប្រាក់ដ៏សំខាន់សម្រាប់ជីវិត និងជាសិទ្ធិស្របច្បាប់ពេញលេញក្នុងការបែងចែក ឬ ការផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួន ដល់កូនចៅជំនាន់ក្រោយ ដែលកត្តានេះបានបង្ហាញយ៉ាងច្បាស់ថា គោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ រស់នៅដោយមានរបៀបរៀបរយ សុខដុមនីយកម្ម និងមានជីវភាពកាន់តែប្រសើរឡើង ។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានជំរុញដល់អាជ្ញាធរនៅគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនសកម្មភាពបន្ថែមទៀត ក្នុងការបន្តចុះអប់រំ ផ្សព្វផ្សាយ អំពី វិធានការទប់ស្កាត់ ការរីករាលដាល់នៃជំងឺឆ្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យបានញឹកញាប់ ធ្វើយ៉ាងណាឲ្យនៅក្នុងមូលដ្ឋានក្រុមគ្រួសារ និងសហគមន៍របស់ខ្លួន គ្មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ ក្នុងការរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ គឺត្រូវពាក់ម៉ាស ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬ ទឹកជែលសម្លាប់មេរោគឆ្លងផ្សេងៗ ហើយបន្តរក្សាគម្លាតឆ្ងាយពីគ្នា ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះ កុំឲ្យកើតមានក្នុងសហគមន៍របស់យើងបានឲ្យសោះ ៕

Loading...