អភិបាលខេត្តស្ទឹងត្រែងជម្រុញអភិបាលក្រុងថ្មីបន្តដឹកនាំរដ្ឋបាលក្រុងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនិងអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពឲ្យមានប្រសិទ្ធិភាពខ្ពស់

ខេត្តស្ទឹងត្រែងៈ ការជម្រុញរបស់អភិបាលខេត្ត ចំពោះអភិបាលក្រុងស្ទឹងត្រែង ដែលទើបចូលកាន់តំណែងថ្មីនេះ គឺបានធ្វើឡើងនៅព្រឹកថ្ងៃ៧ វិច្ឆិកា ២០១៧នេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលក្រុងស្ទឹងត្រែង ក្រោមវត្តមានអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ដែលមានការចូលរួមពីមន្ត្រីរាជការ គ្រប់ស្ថាប័នមន្ទីររដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំង៣របស់ខេត្ត នោះផងដែរ ។

យោងតាមសេចក្តីសំរេច របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អភិបាលក្រុងស្ទឹងត្រែង លោក ប៊ុន ណារី ត្រូវបានដាក់ឲ្យចូលនិវត្ត ហើយដាក់ជំនួនមកវិញជាអភិបាលក្រុងថ្មី គឺ លោកសាយ កុសល អឌិតអភិបាលរងក្រុងស្ទឹងត្រែង ។ ស្របពេលជាមួយគ្នានោះផងដែរ អភិបាលរងក្រុង៥រូបទៀត ក្នុងនោះជាស្ត្រីម្នាក់ ក៏ត្រូវបានប្រកាសចូលកាន់មុខតំណែង នាគ្រានោះផងដែរ ។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ កោតសរសើរដល់អឌិតអភិបាលក្រុង លោក ប៊ុន ណារី ដែលនៅគ្រាកន្លងមក លោកបានខិតខំអនុវត្តតួនាទី និងភារកិច្ច ដែលថ្នាក់លើប្រគល់ជូន បានយ៉ាងគាប់ប្រសើរ ប៉ុន្តែ នៅពេលនេះ លោកត្រូវបានដាក់ឲ្យចូលនិវត្ត ទៅតាមការសំរេចរបស់ថ្នាក់ដឹកនាំ ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានជម្រុញដល់អភិបាលក្រុងស្ទឹងត្រែងថ្មី លោក សាយ កុសល ត្រូវខិតខំបន្តដឹកនាំរដ្ឋបាលក្រុង ប្រកបដោយតម្លារភាព និងប្រសិទ្ធិភាព ត្រូវចេះសាមគ្គី ឯកភាពផ្ទៃក្នុង និងត្រូវចេះបែងចែកការងារ ប្រគល់តួនាទី និងភារកិច្ចទៅឲ្យអភិបាលរងក្រុងទាំង៥ ដែលជាសេនាធិការខ្លួន រួមទាំងមន្ត្រីក្រោមឧិវាទ ឲ្យបានគ្រប់ៗគ្នា ហើយត្រូវរួមគ្នាដោះស្រាយបញ្ហានានា ដែលនៅសេសសល់ពីអភិបាលក្រុងមុន ឲ្យបានចប់សព្វគ្រប់ គឺជាការប្រសើរបំផុត ។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានជម្រុញបន្ថែមទៀតថា ក្រៅពីកិច្ចការងារខាងលើនោះ អភិបាលក្រុងថ្មី ត្រូវតែបន្តអនុវត្តគោលនយោបាយភូមិ ឃុំ សុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចុះឲ្យអនុវត្តនាគ្រាកន្លងមក ឲ្យឈានទៅរកកំរិខ្ពស់ ត្រូវលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ មានដូចជា បៀរ អាប៉ោង កន្ទុយលេខ និងបញ្ជល់មាន់ បង្ក្រាប និងទប់ស្កាត់ក្មេង និងចាស់ទំនើង បទល្មើសព្រៃឈើ ការសេព ការជក់ ការប្រើប្រាស់ ចែកចាយ និងការជួញដូរគ្រឿងញៀន ។ល។ និង ។ល។ ចំណែក កងកម្លាំងប្រដាប់អាវុធទាំង៣ ពិសេស មន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែបន្តសហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងថ្មី រួមគ្នាទប់ស្កាត់ និងបង្ក្រាបអំពើអសន្តិសុខដែលកើតមាន ឲ្យមានប្រសិទ្ធិភាព ។

អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល លោកបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្ត ដែលបានផ្តល់ទំនុកចិត្តដល់លោក បានចូលបំពេញមុខងារ និងភារកិច្ចជាអភិបាលក្រុង ដើម្បីដឹកនាំរដ្ឋបាលក្រុង ឆ្ពោះទៅសំរេចបានការជឿងទុកចិត្តពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ។

លោក សាយ កុសល បានប្តេជ្ញាថា នឹងគោរព និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ គោរព និងអនុវត្តប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ចំពោះកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល អាណត្តិទី៥ ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី អនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ជានានា របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត សំដៅលើកកំពស់សេវាសាធារណៈដល់មូលដ្ឋាន ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ បន្តពង្រឹង និងអនុវត្តផែនការសកម្មភាព ផែនការអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រនានា ដែលនៅសេសសល់ពីអាណត្តិអភិបាលក្រុងចាស់ រៀបចំរដ្ឋបាលក្រុងក្នុងការប្រលងប្រណាំងទីក្រុងស្អាត សាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រមទាំងសហការពង្រឹង ការងារគណៈបញ្ជាការ ឯកភាពរដ្ឋបាលក្រុង ក្នុងចំណោមមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ លើកកំពស់ការអនុវត្តច្បាប់ លិខិតបទដ្ឋាន និងគោរពគោលការណ៍ភូមិឃុំមានសុវត្ថិភាព និងបន្តរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរថែមទៀត ៕ ឡុងកាន់សំនៀង

Loading...