អភិបាលខេត្តឧត្តរមានជ័យ ក្រើនរំលឹកដល់ពលករខ្មែរ ដែលឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ !

ខេត្តឧត្តរមានជ័យ៖ ប្រសាសន៍ក្រើនរំលឹករបស់ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានធ្វើឡើងក្នុងគ្រាដែលោកអភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ និងអាជ្ញាធរមានសមត្ថកិច្ច ចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៥ធ្នូ២០២០នេះ ដើម្បីជួបសួរសុខទុក្ខប្រជាពលករខ្មែរ ឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក ប៉ែន កុសល្យ បានមានប្រសាសន៍ថា នៅគ្រាបច្ចុប្បន្ន ប្រទេសថៃកំពុងតែរងការរាតត្បាត ពីមេរោគកូវីដ១៩ ឆ្លងចូលមកដល់សហគមន៍ និងនៅតាមតំបន់ផ្សេងៗនោះហើយ។ ដោយឡែក នៅប្រទេសកម្ពុជា ស្ថានភាពជំងឺកូវីដ-១៩ ក៏នៅពុំទាន់បានថមថយនៅឡើយដែរ ទាំងនៅក្នុងរាជធានី និងតាមបណ្តាខេត្ត-ក្រុងនានាផងនោះ។ លោកអភិបាលខេត្ត បានក្រើនរំលឹក ដល់ប្រជាពលករខ្មែរទាំងអស់ត្រូវមានស្មារតីបង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ខ្ពស់ជាប់ជានិច្ច ជៀសវាងការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ បន្តសារជាថ្មីម្តងទៀត នៅតាមសហគមន៍ ជាពិសេស ប្រជាពលករដែលធ្វើចំណាកស្រុក មកពីប្រទេសថៃ ត្រូវចូលរួមសហការជាមួយមន្រ្តីចត្តាឡីសក័ ដែលឈរជើងប្រចាំការ នៅតាមច្រកព្រំដែនសំខាន់ៗទាំងអស់ ដោយមានការពិនិត្យ វាស់កំដៅ និងត្រូវពាក់ម៉ាសជាប់ជាប្រចាំ ត្រូវលាងដៃនឹងសាប៊ូ អាល់កុល ឬទឹកអាល់កុលជែល ត្រូវរក្សាគម្លាតពីគ្នាយ៉ាងហោច ឲ្យបាន ១ម៉ែត្រកន្លះ ដើម្បីការពារទប់ស្កាត់ខ្លួន កុំឲ្យឆ្លងជំងឺកូវីដ-១៩បាន។

អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ មានប្រសាសន៍បញ្ជាក់ថា ប្រជាពលករខ្មែរទាំងអស់ នៅពេលមកដល់ប្រទេសកំណើតខ្លួនហើយ ត្រូវដាក់ខ្លួនស្នាក់នៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ តាមការអំពាវនាវរបស់ រាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យរកជំងឺកូវីដ-១៩ មុននឹងវិលត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ដោយមិនមានជំងឺកូវីដ-១៩ ឆ្លងក្រុមគ្រួសារ និងការឆ្លងចូលក្នុងសហគមន៍។

គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៥ធ្នូនេះ ប្រជាពលករខ្មែរ ដែលចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ មានចំនួន កើនដល់ជាង ៧០០នាក់ហើយ ៕

Loading...