អភិបាលខេត្តឧត្តរមានជ័យ បានជម្រុញមន្ត្រីនៅថ្នាក់មូលដ្ឋាន ខិតខំពង្រឹងសមត្ថភាព របស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើនការយល់ដឹងបានកាន់តែច្បាស់ ពីបែបបទ នៃការអនុវត្តការងារអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ !

ខេត្តឧត្តរមានជ័យ៖ ការជម្រុញរបស់ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានថ្លែង នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន នៅថ្នាក់មូលដ្ឋាន កាលពី ថ្ងៃទី៥សីហាឆ្នាំ២០២០ នៅសាលាខេត្តឧត្តរមានជ័យ ។

ពិធីបិទវគ្គបណ្តុះបណ្តាលនោះ ក៏មានការអញ្ជើញចូលរួមពី អនុប្រធាននាយដ្ឋានអត្រានុកូលដ្ឋាន ក្រសួងមហាផ្ទៃ មន្ត្រីខេត្ត ក្រុង ស្រុក មេឃុំ-ចៅសង្កាត់ មន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត រួមទាំងសិក្ខាម ប្រមាណ១១០នាក់ ។ ដោយឡែក សិក្ខាសាលានេះបានប្រព្រឹត្តទៅ រវាងពីរថ្ងៃ គឺចាប់ពីថ្ងៃទី៤សីហា ដល់ថ្ងៃទី៥សីហា ឆ្នាំ២០២០ ។

អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានថ្លែងរកការជម្រុញ ដល់មន្ត្រីក្រុង ស្រុក មេឃុំ-ចៅសង្កាត់នៅគ្រប់មូលដ្ឋាន ក្រោយពីទទួលបានការបណ្តុះបណ្តាល និងទទួលបានចំណេះដឹង នៅក្នុង រយះពេលពីរថ្ងៃកន្លងមកនេះ លោកសង្ឃឹមថា មន្ត្រីដែលជាសិក្ខាកាមទាំងអស់ ពិសេស មេឃុំ-ចៅសង្កាត់ ត្រូវពន្លឿននៅក្នុងសកម្មភាព ចុះបំពេញបែបបទនីតិវិធី ពីការអនុវត្តការងារអត្តសញ្ញាណកម្ម និងការចុះ បញ្ជីអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋអោយបានត្រឹមត្រូវតាមច្បាប់ ប្រកបដោយតម្លាភាព ឆាប់រហ័ស និងទាន់ពេលវេលា។ លោកអភិបាលខេត្ត មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ខ្លាំង ណាស់ នៅក្នុងការជំនួយស្មារតីលើការពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹង បានកាន់តែច្បាប់ថែមទៀត ពីបែបបទនីតិវិធី លើការអនុវត្តការងារអត្រានុកូលដ្ឋាន លិខិតបទដ្ឋានគតិយុទ្ធថ្មីៗ ដែលពាក់ព័ន្ធទៅនឹង ការចុះបញ្ជីអត្រាកូលដ្ឋាននេះ ។

លោក ប៉ែន កុសល្យ បានជម្រុញអាជ្ញាធរមូលដ្ឋាន បន្តណែនាំដល់ប្រជាពលរដ្ឋ អោយធ្វើការ ផ្លាស់ប្តូរទម្លាប់រស់នៅ ពីការដែលមិនចេះអនាម័យ មកជាមានអនាម័យ តាមរយះការហូបស្អាត ផឹកទឹក ស្អាត ត្រូវចេះទុកដាក់សំរាម និងកាកសំណល់ផ្សេងៗ អោយបានត្រឹមត្រូវ ជាពិសេស ត្រូវឧស្សាហ៍លាង សំអាតដៃជាមួយសាប៊ូ ទឹកអាកុល ឬទឹកជែល អោយបានញឹកញាប់ និងជាប្រចាំ មិនត្រូវប្រមូលផ្តុំ ជួបជុំគ្នា ឬចាក់ធុងបាស់រាំរែកជាការសប្បាយនោះទេ។ លោកថា ការហាមបែបនេះ គឺដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលជំងឺកូវីត១៩ ទាំងអស់គ្នា ។ លោកអភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវដល់ ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្ត ត្រូវជួយអប់រំកូនចៅ អោយចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ហើយនៅរាល់ការបើកបររថយន្ត ត្រូវពាក់ខ្សែក្រវាត់ បើកបរម៉ូតូត្រូវ ពាក់មួកសុវត្ថិភាព និងត្រូវរស់នៅ អោយឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿង អាចបំផ្លាញអនាគតដ៏ភ្លឺស្វាង របស់លោក អ្នក បានគ្រប់ពេលវេលា ៕

Loading...