អភិបាលខេត្ត​មណ្ឌលគិរី នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន

ប្រភពពី​មន្ត្រីរាជការ​ក្នុង​សាលាខេត្ត​មណ្ឌលគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិន​ខ្វល់​ពី​ការព្រមាន​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ និង​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ក៏ដូចជា​ច្រក​ដទៃទៀត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ធំៗ​ទាំង​ជនជាតិខ្មែរ​និង​ជនជាតិ​យួន នៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ព្រោះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។
​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ ព្រមទាំង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ សឹង សំអុល បាន​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជុំវិញ​បញ្ហា​នេះ​មន្ត្រីរាជការ​នៅក្នុង​សាលាខេត្ត​មណ្ឌលគិរី បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ​គ៌ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​មេ​ឈ្មួញ សឹង សំអុល ដែលជា​មន្ត្រី​អាវុធហត្ថ​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​ឡើយ​។ ដោយសារតែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​មេ​ឈ្មួញ សឹង សំអុល និង​ឈ្មួញ​ដទៃទៀត​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែល​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន គឺ​សុទ្ធ​តែមាន​ខ្នងបង្អែក​ជា​មន្ត្រីជាន់ខ្ពស់​និង​សមត្ថកិច្ច​ធំៗ​នៅក្នុង​ខេត្តមណ្ឌលគិរី​។ ក្នុងចំណោម​ឈ្មួញ​ធំៗ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​មួយរយៈ​ចុងក្រោយ​នេះ គឺមាន​ទាំង​ឈ្មួញ​ឈើ​ឈ្មោះ គួ​ញ សុ​ឃុន មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី និង​ជា​ប្អូនប្រុស​របស់លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ស្វាយ សំ​អ៊ាង មិន​ញញើត​ទៅនឹង​ការព្រមាន​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ នោះទេ​ហើយ​កំពុង​ចាត់ទុក​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​លោក ស្វាយ សំ​អ៊ាង គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​មិន​ញញើត​នឹង​ការបំពាន​ទៅលើ​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ នោះឡើយ​៕

Loading...